ចំណាត់​ការ​បិទ​បទ​"គ្រូបង្រៀន​ស្រវឹង​ស្រា" កើត​ជា​ក្ដី​ក្ដាំង​វែក​ញែក​​ពេញ​​បណ្ដាញ​សង្គម​​​​​

  • 2017-12-21 08:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់​ការ​បិទ​មិន​ឲ្យ​ចាក់​ផ្សាយ​បទ​ "គ្រូ​បង្រៀន​ស្រវឹង​ស្រា​" នៅ​តាម​ទូរទស្សន៍​ និង​បណ្ដា​វិទ្យុ​​ ដែល​ចេញ​ដោយ​​ក្រសួង​ព័ត៌មាន ​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១៧​​ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ដែល​សិល្បករ និង​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ជា​ច្រើន​នាំ​គ្នា​ជជែក​វែកញែក​ជា​ហូរហែ។ ទន្ទឹម​នឹង​ទទួល​បាន​ការ​សាទរ​ជា​អនេក​ពី​សំណាក់​មហាជន ពិសេស​អ្នក​ពាក់​ព័ន្ធ​ស្ថាប័ន​អប់​រំ ក៏​អ្នក​ស្ដាប់​​​ចំនួន​ទៀត​រិះគន់​យ៉ាង​សម្បើម​ដែរ​ទៅ​លើ​ចំណាត់​ការ​យ៉ាង​រហ័ស​នេះ។

ក្នុង​នោះ​មន្ត្រីរាជការ គ្រូបង្រៀន​ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​យក្ស​ Facebook ជា​ច្រើន​នាក់​​បង្ហាញ​ការ​គាំទ្រ​​​យ៉ាង​ពេញ​ទំហឹង​ថា នេះ​គឺ​ជា​សកម្មភាព​ល្អ​១​ដែល​ក្រសួង​ខាង​លើ​មាន​ចំណាត់​ការ​យ៉ាង​រហ័ស​ដូច​នេះ ពោល​គឺ​ទប់​ស្កាត់​បាន​លឿន​ ​ហើយ​សម្រេច​មុន​បទ​នេះ​ថត​ចេញ MV និង​ចេញ​លក់​។

ក្រៅ​ពី​យល់​ឃើញ​ដូច​មូលហេតុ​ដែល​ក្រសួង​បាន​អះអាង អ្នក​គាំទ្រ​ខ្លះ​​បាន​បន្ថែម​​យោបល់​ផ្ទាល់​ខ្លួន​​ថា ​ចំណង​ជើង​"គ្រូ​បង្រៀន​ស្រវឹង​ស្រា" វា​ធ្ងន់​ណាស់​​!​ ត្បិត​​ខ្លួន​ទទួល​ស្គាល់​បទ​នេះ​និពន្ធ​ឡើង​​ក្នុង​ន័យ​អប់រំ​ក្ដី​​ តែ​វា​ប៉ះ​​ពាល់​ខ្លាំង​ដល់​មុខរបរ​ជា​គ្រូ​បង្រៀន​។​

សេចក្តី​ប្រកាស​ពិី​ក្រសួង​

ផ្ទុយ​ទៅ​វិញ​មតិ​រិះគន់​ក៏​កើត​មាន​ជា​ហូរហែ​ដែរ​លើ​បញ្ហា​នេះ ដោយ​អ្នក​និយម​ចូល​ចិត្ត​វិស័យ​ចម្រៀង​បាន​លើក​ឡើង​ចំៗ​ថា​​ នេះ​ជា​អ្វី​ដែល​មិន​គួរ​កើត​មាន​។​ បទ "គ្រូបង្រៀន​ស្រវឹង​ស្រា" គ្មាន​អ្វី​បន្តុះបង្អាប់​គ្រូ​ទេ ផ្ទុយទៅវិញ ជា​ចម្រៀង​១​ដែល​ក្រើន​រំលឹក​ដល់​គ្រូៗ​មួយ​ចំនួន ដែល​ប្រព្រឹត្ត​ខុស​វិន័យ​ដូច​នោះ​មែន​​​។ ម្យ៉ាង​វា​មិន​មែន​ជា​រឿង​ខុស​​អ្វី​ឡើយ​ដែល​គ្រូ​បង្រៀន​ផឹក​​ ឬ​ស្រវឹង​ស្រា​​ កុំ​ឲ្យ​តែ​ផឹក​ស្រវឹង​​ពេល​បង្រៀន​ទៅ​បាន​ហើយ​។ ​

អ្នក​និពន្ធ យឹម តាស្រង់

​ជា​មួយ​គ្នា​នោះ អ្នក​ប្រើ​ប្រាស់​ Facebookច្រើន​នាក់​​​​ទៀត​បាន​សង្កត់​ន័យ​ជា​រួម​ថា​​ ចម្រៀង​ដែល​គ្មាន​ខ្លឹម​សារ និង​មាន​អត្ថន័យ​ឡប់​ឡែ​ចេញ​ផ្សាយ​ព្រោង​ព្រាត​​ ក្រសួង​​ពាក់ព័ន្ធ​គួរ​តែ​មាន​វិធាន​ការ​កែតម្រូវ​​ដោយ​យក​ចិត្ត​ទុកដាក់​ មិន​សម​ណា​មក​បិទ​ចម្រៀង​ដែល​ប្រកប​ដោយ​ខ្លឹម​សារ​អប់រំ និង​បង្ហាញ​ពី​តថភាព​សង្គម​ដូចនេះ​ឡើយ​។

​បទ​ "គ្រូ​បង្រៀន​ស្រវឹង​ស្រា​" ច្រៀង​ដោយ​អ្នក​នាង ចេន សាយចៃ ក្នុង​ផលិតកម្ម​ថោន ត្រូវ​បាន​​​ក្រសួងព័ត៌មាន ចេញ​សេចក្ដីប្រកាស​មិន​ឲ្យ​ចាក់​ផ្សាយ​លើ​គ្រប់​​បណ្ដា​វិទ្យុ និង​ទូរទស្សន៍​​ទាំង​អស់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១៧ ក្រោម​មូលហេតុ​​ បទ​នេះ​មាន​ខ្លឹម​សារ​បន្តុះ​បង្អាប់​​ និង​ប្រមាថ​យ៉ាង​ខ្លាំង​ដល់​គ្រូ​បង្រៀន​ ព្រម​ទាំង​​ដើម្បី​ចៀស​វាង​ផល​អវិជ្ជមាន​ ប៉ះ​ពាល់​អារម្មណ៍​ កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​គ្រូ​បង្រៀន​​ទូ​ទៅ៕

អត្ថបទ៖ សុខណា