ចរិត​អាក្រក់​មួយ អ្នក​ធ្វើ​ការ​គួរ​ចៀសវាង ទោះ​ទៅ​ដល់​ទីណា​ក៏មិន​ដាច់​បាយ​ដែរ

  • 2017-12-22 06:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជីវិត​ប្រកប​អាជីព​ការងារ​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​សង្គម​ ត្រូវការ​​អភិវឌ្ឍខ្លួន​ឲ្យ​លឿន​បំផុតតាម​សមត្ថភាពដែល​មាន​។ ​ទន្ទឹម​នឹង​ការអភិវឌ្ឍ​ខ្លួន​ គឺជៀស​មិនផុត​ពី​កំហុស​ ឬ​បរាជ័យ​ឡើយ​ ប៉ុន្តែអ្វី​ដែល​សំខាន់​ បើ​បុគ្គល​រូប​ណា​មិន​ព្រម​ទទួល​ស្គាល់​កំហុស​ខ្លួនឯង ​ហើយ​ថែម​ទាំង​មានអំនួត​ធ្វើរឿង​ឆ្គាំឆ្គង​ដដែលៗ​ ស្អី​ក៏​ចេះ​ៗ ​បុគ្គល​នោះ​នឹង​ក្លាយជា​មនុស្ស​ដែល​ឆ្លងជំងឺ​ដ៏​អាក្រក់​មួយ​ក្នុង​សង្គម​ការងារដែល​គេ​និយម​ហៅថា​ ជំងឺ​តួឯក​។

​ឆ្លង​តាម​បទ​ពិសោធន៍​និង​ការផ្ដល់​ដំបូន្មាន​ពីអ្នកស្រី​ ប៉ែន បុប្ផា ​គ្រូ​បង្វឹក​ជម្រុញ​លើក​ទឹកចិត្ត​ និង​ភាព​ជា​អ្នក​ដឹកនាំ​ បាន​លើក​ឡើង​ថា ​ជំងឺ​ប្រភេទ​នេះ​ជ្រាបទៅនរណាម្នាក់ហើយ នឹង​ធ្វើឲ្យ​បុគ្គល​រូបនោះ​ឯកា ​និង​គ្មាន​អ្នក​ចង់ក្បែរ​ឡើយ​។ ប៉ុន្តែយ៉ាងណាក៏​នៅមាន​វិធីរំដោះ​ខ្លួន​ចេញ​ពី​ជំងឺនេះ​ផងដែរ​។

(អ្នកស្រី​ ប៉ែន បុប្ផា ​គ្រូ​បង្វឹក​ជម្រុញ​លើក​ទឹកចិត្ត​ និង​ភាព​ជា​អ្នក​ដឹកនាំ​ )

ប្រសិនបើបុគ្គលណាម្នាក់កើតជំងឺនេះហើយ គួរអនុវត្តវិធី២យ៉ាង ដើម្បីព្យាបាលតាមដំបូន្មានខាងក្រោមនេះ៖ ​​​ **​ស្ដាប់​មនុស្ស​ជុំវិញ​** ​ ការ​ទទួល​យក​ពាក្យ ​ឬ​ស្ដាប់​សម្ដី​រិះគន់​ពី​អ្នក​ដទៃ​ ​ជា​វិធីសាស្ត្រ​ម្យ៉ាង​ដែល​ជួយឲ្យ​ជីវិតរបស់អ្នក​មាន​ការ​ផ្លាស់​ប្ដូរ។​ ប៉ុន្តែ​ពាក្យ​ពេចន៍មួយចំនួន​ពិបាក​ស្ដាប់​ តែមាន​ន័យ​ល្អ​ ​ខណៈ​​ពាក្យខ្លះ​ផ្អែម​ជាងស្ករ​ បែរ​ជា​បង្កប់​ន័យដ៏​ឈឺ​ចាប់ និងរុញ​យើង​ឲ្យធ្លាក់​ជ្រោះ​ថែម​ទៀត​។ បើ​កាលណា​អ្នក​មិនរៀនបើកចិត្តឲ្យ​ទូលាយ​ ​មិន​រៀន​ស្ដាប់​ពាក្យ​រិះគន់ ជីវិត​អ្នក​ក៏​ស្រងេះ​ស្រងោច​តាម​នោះ​ដែរ។ ត្រង់ចំណុច​នេះ គ្រូ​បង្វឹក​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​ បញ្ជាក់​ថា៖ « ​កុំចូលចិត្ត​ស្ដាប់​មនុស្ស​ដែល​សរសើរ​យើង​ គួរ​​ស្ដាប់​មនុស្ស​ដែល​គេរិះគន់​យើង​ផង»។ ​

(រូបតំណាង)

​រៀន​ឆ្លុះ​កញ្ចក់​៣៦០​ដឺក្រេ​

​មនុស្ស​ជុំវិញ​ដែល​ស្និទ្ធស្នាល​បំផុត​របស់​អ្នក​គឺសុទ្ធ​តែសំខាន់​ ពួកគេគឺ​កញ្ចក់ឆ្លុះ​ពីឥរិយាបថ​របស់​អ្នក។ ​ប្រសិន​បើ​ទង្វើ​របស់​អ្នក​មាន​ឥទ្ធិពល​ទៅ​អ្នកដទៃ​ដោយ​វិជ្ជមាន​ នោះ​អ្នកក៏​ទទួល​បាន​ការ​គោរព​ស្រលាញ់​និង​ដំបូន្មាន​ត្រឡប់​មកវិញ​។ ​ផ្ទុយ​ទៅ​វិញ​បើគេ​រិះគន់​អ្នក​បន្តិចបន្តួច ​អ្នកប្រែ​ទឹកមុខ ឬប្រែ​ទង្វើ​នោះ ​ជា​សកម្មភាព​អំនួត​ក្អេងក្អាង​ ​មនុស្ស​ជុំវិញ​អ្នក​នឹងមិនហ៊ាន​សូម្បី​និយាយ​ជាមួយ​អ្នក​ ​ទោះបីជា​អ្នកមេ​ដឹក​នាំ​ ឬម្ចាស់​ក្រុមហ៊ុន​ក៏ដោយ ​ពួកគេ​នឹងរត់​ចេញ​ដោយ​មិនស្ដាយ​ស្រណោះ​ ឬអាចរុញ​ទូក​បណ្ដោយ​ទឹកឲ្យ​រលាយ​តែម្ដងក៏​ថា​បាន​។​​​

វិធីដោះស្រាយមួយបែបទៀតនោះ អ្នកត្រូវរៀនឆ្លុះកញ្ចក់។ អ្នក​ពេល​ឆ្លុះ​កញ្ចក់​កុំមើល​តែ​ពី​មុខ ​ត្រូវឆ្លុះ​មុខ​ក្រោយ​ឆ្វេងស្ដាំ​ ៣៦០​ដឺក្រេ​។ ​អ្នកស្រី​ បុប្ផា ​រំលឹក​ថាការ​ឆ្លុះខ្លួន​ឯង​ ​មានវិធី​ច្រើន​ដែល​យើងអាច​ធ្វើបាន​ ដូចជា ការ​តាំង​សម្មាធិ​ ការ​ធ្វើ​យូហ្គា​ អាន​សៀវភៅ ​និង​ស្ដាប់​ព្រះធម៌​ជាដើម​។ ​បន្ទាប់មករៀនឲ្យតម្លៃមនុស្សជុំវិញ ទោះបីជាគេមានការអប់រំទាបជាងអ្នក យ៉ាងណាមនុស្សម្នាក់សុទ្ធតែមានតម្លៃរបស់ខ្លួន។ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម