Neymar ទាត់​បាល់​រហូត​របូត​ស្បែក​ជើង ពេល​កំពុង​ថត​ស្ប៉ត

  • 2017-12-22 13:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃរសៀល​នេះ ខ្សែ​ប្រយុទ្ធ Neymar បាន​ទាត់​បាល់​រហូត​របូត​ស្បែក​ជើង ហោះ​ចូល​ទៅ​ក្នុង​សមុទ្រ ​នៅ​ពេល​កំពុង​ថត​រូប​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្លឹប PSG នៅ​ក្នុង​ប្រទេស​កាតា។

បើ​តាម​វីដេអូ​ Storyដែល​បង្ហោះ​ក្នុង​គណនី​ផ្លូវការ​របស់​ Neymar ផ្ទាល់ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដំបូង​ Neymar កំពុង​រៀប​ចំ​ទាត់​បាល់​ឡើង​លើ ក្នុង​ន័យ​ជា​ការ​ថត​ស្ប៉ត​ឲ្យ​ក្លឹប PSG។ ទោះ​ជា​យ៉ាង​ណា ពេល​ដែល​ទាត់​ទៅ ស្រាប់​តែ​ទៅ​ដោយ​ទាំង​ស្បែក​ជើង​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ទៀត ដោយ​ស្បែក​ជើង​នោះ​បាន​ហោះ​ទៅ​លើ មុន​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។ នៅ​ពេល​ហេតុការណ៍ ទាត់​បាល់​ខុស​បច្ចេកទេស​កើត​ឡើង បាន​បណ្ដាល​ឲ្យ​លេច​ឡើង​នូវ​ការ​ផ្ទុះ​សំណើច​ពី​សំណាក់​មិត្ត​រួម​ក្រុម និង​ក្រុម​ការងារ​របស់ Neymar ដែល​មាន​វត្តមាន​នៅ​ទី​នោះ។ ដោយ​ហួស​ចិត្ត​ផង និង​ខ្មាស​គេ​តិចៗ​ផង Neymar យក​ដៃ​ទាំង​ពីរ​គ្រប​ក្បាល​របស់​ខ្លួន។ ក្រោយ​មក​ក្រុម​ការងារ​ក្លឹប PSG ក៏​បាន​យក​ដង​ដែក​មួយ​ទៅ​ស្ទូច​យក​ស្បែក​ជើង​ Neymar មក​វិញ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​លីគ​កំពូល​បារាំង នៅ​ពេល​នេះ កំពុង​ស្ថិត​ក្នុង​រដូវ​កាល​សម្រាក​ខែ​រងា (Winter Break)។ ឆ្លៀត​ឱកាស​នេះ ក្លឹប PSG បាន​នាំ​កីឡាករ​របស់​ខ្លួន ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​កាតា​ដែល​មាន​អាកាសធាតុ​រាង​កក់​ក្ដៅ​ជាង​នៅ​បារាំង។ បន្ថែម​ពី​លើ​ការ​ហាត់ ក៏​មាន​ការ​រៀប​ចំ​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​ PSG និង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្លឹបផងដែរ នៅ​ទី​នោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី