រំជួលចិត្ត ពេលដឹងរឿងពិតរបស់កូនខ្មែរម្នាក់ មុនក្លាយជាគ្រូចេះ១៦ភាសា

  • 2017-12-25 04:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​បាន​ស្គាល់​ខ្លះ​ហើយ អំពី​កូន​ខ្មែរ​មួយ​រូប​ជា​កំពូល​អ្នក​សិក្សា​ដ៏​កម្រ​នៅ​កម្ពុជា អាច​ប្រើប្រាស់​ភាសា​បរទេស​ជុំវិញ​ពិភពលោក​យ៉ាង​ស្ទាត់​ជំនាញ​រហូត​ដល់​១៦​ភាសា។ ប៉ុន្តែ​ពី​ក្រោយ​ភាព​ជោគជ័យ​មិន​នឹក​ស្មាន​ដល់​នេះ​យុវជន នឹម លាងហេង ឆ្លង​កាត់​ប្រវត្តិ​តស៊ូ​លំបាក​ជា​ច្រើន​រាប់​មិន​អស់។

រៀបរាប់​អំពី​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​ខ្លួន​ប្រាប់​មក​កាន់​ Sabay នឹម លាងហេង មាន​ស្រុក​កំណើត​នៅ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ក្នុង​ត្រកូល​កសិករ មាន​ជីវភាព​រស់​នៅ​បែប​អ្នក​ស្រុកស្រែ​ចម្ការ​ទូទៅ មាន​បងប្អូន​៦​នាក់។ ទោះ​ស្ថិត​ក្នុង​ជីវភាព​មិន​ជា​ធូរធារ រស់​នៅ​តាម​ទី​ជនបទ​​តែ​លោក​អ្នក​មាន​គុណ​ទាំង​ពីរ តែង​ប្រៀន​ប្រដៅ​ឲ្យ​កូន​ៗ​ចាប់​យក​ចំណេះ​វិជ្ជា កុំ​ឲ្យ​ពិបាក​ហត់​ធ្វើ​ស្រែ​ចម្ការ​ហាល​ក្ដៅ​ហាល​ភ្លៀង។ នេះ​ក៏​ជា​មូលហេតុ​ជំរុញ​ឲ្យ​លោក​ឈាន​មក​ដល់​ចំណុច​នេះ។

ខុស​ពី​កុមារ​ទូទៅ កាល​អាយុ ១០​ឆ្នាំ លាង​លេង បាន​ទៅ​រៀន​អក្សរ លេខនព្វន្ត ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​អារាម​ ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជា​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ។ មួយ​ឆ្នាំ​ក្រោយ​មក​យុវជន មាន​ចិត្ត​អំណត់​រូប​នេះ ក៏​បាន​បួស​ជា​ព្រះសង្ឃ​ដើម្បី​បន្ត​ការ​សិក្សា​ទាំង​ភាសា​ខ្មែរ​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស ភាសា​ថៃ។

វយវឌ្ឍនាការ​ដល់​ពេញវ័យ​ក្នុង​ឆ្នាំ ២០០១ លាង​ហេង បាន​លាចាក​សិក្ខាបទ​ និង​ចាកចេញ​ពី​ស្រុក​កំណើត​មក​ផ្សងព្រេង​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​ខ្លួន និង​តាំង​ចិត្ត​ថា ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ច្រើន​ភាសា​ ហើយ​នាំ​ភាព​ជោគជ័យ​ជូន​ខ្លួន​ឯង គ្រួសារ​ទាល់​តែ​បាន។ និស្សិត​ទូទៅ​តែង​រក​ផ្ទះជួល​ដើម្បី​ស្នាក់នៅ ប៉ុន្តែ​លាងហេង បាន​ទៅ​ស្នាក់​នៅ​វត្ត​នាគវ័ន្ត​ និង​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ន័រតុន​ផ្នែក​ព័ត៌មាន​វិទ្យា។

រៀបរាប់​បន្ត​ទៀត​ទាំង​ទឹក​មុខ​ដ៏​ស្រទន់ លាងហេង​ ប្រាប់​ថា ដើម្បី​មាន​លុយ​បង់​ថ្លៃ​សាលា​លោក​ត្រូវ​ធ្វើ​ការ​សព្វ​គ្រប់​បែប​យ៉ាង តាំង​អ្នក​រត់​តុ​ក្នុង​ហាង ក្នុង​រង្គសាល​រាត្រី ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​លុយ ទោះ​ហត់​នឿយ​ប៉ុណ្ណា​ក៏​លែង​គិត​ដែរ។ ជា​អ្នក​ធ្វើ​ការ​កំប៉ិកកំប៉ុក និង​ជា​កូន​សិស្ស​លោក​ផង​នោះ លោក​ទទួល​ពាក្យ​សម្ដី​មើល​ងាយ​ពី​អ្នក​មាន​ទ្រព្យ​ធន​មួយ​ចំនួន មាន​លុយ​ចាយ​ពេញ​ៗ​ដៃ តែ​បែរ​ជា​មិន​ឲ្យ​តម្លៃ​អ្នក​ក្រ​ខ្សត់​ទូទៅ ក៏​ដូចជា​រូប​លោក​ផ្ទាល់។

នេះ​ហើយ​ជា​ហេតុផល​ដ៏​សំខាន់​បំផុត ដែល​ធ្វើ​ឲ្យ​លោក​តាំង​ចិត្ត​តស៊ូ​រៀន​រហូត​ចេះ​ជា​ច្រើន​ភាសា និង​ជា​រឿង​មួយ​ដែល​លោក​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត។ មក​ដល់​បច្ចុប្បន្ន​ លាង​ហេង អរគុណ​ចំពោះ​ការ​ឈឺ​ចាប់​កន្លង​មក អរគុណ​ការ​មើល​ងាយ ការ​បន្ទាប់​តម្លៃ​ពី​មនុស្ស​ទាំង​នោះ ទើប​ជំរុញ​ឲ្យ​លោក​តស៊ូ​ប្រឹងប្រែង​ពោរពេញ​ដោយ​កម្លាំង​ចិត្ត និង​ថាមពល រហូត​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​នេះ។

រំលឹក​ទៅ​ប្រវត្តិ​សិក្សា​បន្តិច អំឡុង​ពេល​រៀន​នៅ​សាកលវិទ្យាល័យ និង​ពេល​ធ្វើ​ការ លាង​ហេង តែង​ឆ្លៀត​រៀន​ភាសា​បរទេស​ជា​ច្រើន តាម​គ្រប់​មធ្យោបាយ​ទាំង​បង់​លុយ​រៀន​ផង ទាំង​សុំ​គេ​រៀន​ផង​។ មក​ដល់​បច្ចុប្បន្ន​ នឹម លាង​ហេង ចេះ​១៦​ភាសា​ដូច​ជា៖ ថៃ អង់គ្លេស កូរ៉េ ចិន ជប៉ុន បារាំង វៀតណាម ឡាវ អេស្ប៉ាញ រុស្ស៊ី ព័រទុយហ្គាល់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អារ៉ាប ឥណ្ឌា។

ឆ្លង​កាត់​ប្រវត្តិ​តស៊ូ​លំបាក​រាប់​មិន​អស់​តាំង​ពី​កុមារ​ភាព​មក អ្វី​ដែល​លោក​ទទួល​បាន​ក៏​មិន​ធម្មតា​ដែរ លោក​អាច​រក​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​មួយ​ខែៗ អាច​មាន​លទ្ធភាព​ជួយ​ដល់​គ្រួសារ​ ជា​ពិសេស​កិត្តិយស​មុខមាត់​ខ្ពង់ខ្ពស់​ក្នុង​សង្គម។ ក្លាយ​ជា​មនុស្ស​ដ៏​រឹងមាំ​បំផុត ទោះ​ជួប​បញ្ហា​ធំ​ប៉ុណ្ណា​ក៏​អាច​ឆ្លង​កាត់​បាន ហើយ​ថែម​ទាំង​បាន​ផ្ទេរ​ចំណេះ​ដឹង​ភាសា​បរទេស​ទាំង​នោះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ តាម​រយៈ​ការ​បង្រៀន​សឹង​តែ​គ្មាន​ម៉ោង​សម្រាក​ទៀត​ផង។ មក​ដល់​ពេល​នេះ លាង​ហេង ក៏​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត បន្ទាប់​ពី​ចប់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​អនុបណ្ឌិត​មក​ពី​ប្រទេស​ថៃ៕

ចង់​ដឹង​រឿង​ពាក់ព័ន្ធ​ជា​មួយ​វិធីសាស្ត្រ​សិក្សា​រហូត​ចេះ​១៦​ភាសា សូម​ចុចអាន​អត្ថបទ​នេះ៖ អស្ចារ្យបំផុត! កូនខ្មែរចេះ១៦ភាសា ហើយសុទ្ធតែអាចប្រើការបាន(មានវីដេអូ)

​​​​​

អត្ថបទ៖ វឌ្ឍនៈ