ចុក​ហ្មង Wenger បោះសម្ដី​ដៀមដាម Mourinho រឿងចាយលុយខ្ជះខ្ជាយ​ទិញកីឡាករ

  • 2017-12-27 12:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ចាស់​វស្សា​ក្លឹប Arsenal លោក Arsene Wenger ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា​ក្លឹប Arsenal តែង​តែ​ចាយ​តិច​លើ​ការ​ទិញ​កីឡាករ​ជាង ក្លឹប​ធំៗ​ដទៃ​នៅ​អង់គ្លេស​រយៈ​ពេល​ ២១​ឆ្នាំ​កន្លង​នេះ។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ន័យ​តប​ទៅ​សម្ដី​របស់​លោក Jose Mourinho ដែល​កាល​ពីម្សិលមិញបានត្អូញត្អែរថា ការចាយរបស់ Manchester United ជាង ៣០០លាន​ផោនលើកីឡាករមិនទាន់គ្រប់ទេ ហើយ​ថា ក្លឹប​នេះ​ត្រូវ​ការចាយថែម។

លោក Wenger បាន​និយាយ​ថា៖ "តាម​ពិត​ទៅ ខ្ញុំ​ជួប​ស្ថាន​ភាព​បែប​នេះ (ការ​ចាយ​វាយ​តិច​លើ​កីឡាករ) ជាង ២១​ឆ្នាំ​មក​ហើយ ដូច្នេះ​ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ត្អូញត្អែរ​រឿង​ហ្នឹង​ទេ។ ​ក្លឹប​យ៉ាង​ហោច​មួយ ពេល​ខ្លះ​ឈាន​ទៅ​ដល់​ ៤​ក្លឹប ដែល​សំបូរ​លុយ​ចាយ​លើ​ការ​ទិញ​កីឡាករ ជាង Arsenal។ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​ចេះ​រៀន​រិះ​រក​វិធីសាស្ត្រ​ដើម្បី​ទប់ទល់នឹង​ស្ថាន​ភាព​បែប​នេះ"។

អ្នក​ចាត់ការ​សញ្ជាតិបារាំងបន្ត៖ "ពិត​ណាស់​ដែល ក្លឹប Manchester City, Chelsea, Manchester United មាន​ជាង​យើង ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿ​ថា យើង​នៅ​តែ​អាច​មាន​វិធី​ដើម្បី​ធ្វើ​ឲ្យក្លឹប​យើង​ជោគជ័យ"។

សូម​បញ្ជាក់​ផង​ដែរ​ លោក Arsene Wenger បាន​មក​ដឹកនាំ​ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​ឆ្នាំ ១៩៩៦ ហើយ​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ចំនួន​បី​លើក។ ទោះ​ជា​យ៉ាង​ណា Arsenal បាន​អាក់​ខាន​ក្នុង​ការ​ឈ្នះ​ពាន​នេះ​ជាង ១៣​ឆ្នាំ​ហើយ៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ហ៊ីម រស្មី