អ្នក​គាំ​ទ្រ​ផ្ទុះ​កំហឹង​ខ្លាំង​ក្រោយ​អ្នក​កាសែត​ម្នាក់​ផ្សាយ​ថា​ BIGBANG បែកបាក់គ្នា

  • 2017-12-28 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សារព័ត៌មាន​របស់​ប្រទេស​កូរ៉េ​មួយ​បាន​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ថា​ក្រុម​ចម្រៀង Big Bang កំពុង​ប្រឈម​នឹង​ភាព​ពិបាក​ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា។

បើ​តាម​អ្នក​កាសែត Kim Yena របស់ TV Report បាន​ឲ្យ​ដឹង​ថា មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ក្រុម​តារា​ចម្រៀង​ជើង​ចាស់​ដែល​ដើរ​លើ​វិថី​នេះ​អស់​រយៈ​ពេល ១២​ឆ្នាំ​ហើយ​មក​នោះ​កំពុង​តែ​ឈាន​ទៅ​រក​ការ​បែក​បាក់​គ្នា​បន្តិច​ម្ដង​ៗ​ហើយ។

អ្នក​កាសែត​ដដែល​បាន​លើក​​បញ្ហា​ដែល​ពាក់​ព័ន្ធ​ជា​ច្រើន​មាន​ដូច​ជា ការ​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​ទាហាន​របស់​សមាជិក​ក្រុម​នីមួយៗ រឿង​តារា​ចម្រៀង T.O.P ប្រើ​ប្រាស់​គ្រឿង​ញៀន រឿង​​គម្រោង​រៀប​ការ​របស់​តារា​ចម្រៀង​Taeyang និង​ហេតុ​ផល​ជាច្រើន​ផ្សេង​ទៀត។

ដោយឡែក​ថ្មី​ៗ​នេះ ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ ខណៈ​តារា​ចម្រៀង G-Dragon កំពុង​តែ​ពង្រីក​មុខ​ជំនួញ​របស់​លោក។ ព័ត៌មាន​នោះ​បាន​និយាយ​ថា មេ​ក្រុម Big Bang រូប​នេះ​បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​ម៉ូដ​សំលៀក​បំពាក់​របស់​លោក ហើយ​ជា​ញឹក​ញាប់​តែង​តែ​មាន​ការ​ណាត់​ជួប​ជាមួយ​ដៃ​គូ​ជំនួញ​របស់​ខ្លួន។ ចំណែកអគារ​មួយ​ដែល​លោក​ទើប​តែ​ទិញ​នោះ​ក៏​ត្រូវ​បាន​​​ពូក​គេ​អះ​អាង​ថា​វា​ទាក់​ទង​នឹង​​មុខ​ជំនួញ​ច្នៃ​ម៉ូដ​របស់​លោក​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ សារ​ព័ត៌មាន​នេះ​ក៏​បាន​ផ្សាយ​ពាក់​ព័ន្ធ​នឹង​​តារា​ចម្រៀង​ក្មេង​ជាងគេ​ប្រចាំ​ក្រុម Seungri  ​ ដោយ​ថា​លោក​ក៏​ផ្ដោត​សំខាន់​ទៅ​លើ​មុខ​ជំនួញ​របស់​លោក​ដូច​គ្នា។ ​ការ​ពិត តារា​ចម្រៀង​រូប​នេះ​ ​តែង​តែ​បង្ហោះ​រូប​ហាង​លក់ Ramen របស់​ខ្លួន​នៅ​លើ​​បណ្ដាញ​សង្គម​ជា​ញឹក​ញាប់។

ចំពោះ​ ​តារា​ចម្រៀង Daesung និង Taeyang វិញ​ ពួក​គេ​បាន​លើក​ហេតុផល​ថា តារា​ទាំង​២​រូប​នេះ​មាន​គម្រោង​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ច្រៀង​ចម្រៀង​ទោល​របស់​ខ្លួន។ Daesung កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ប្រទេស​ជប៉ុន ខណៈ Taeyang បាន​ប្រកាស​ពី​ពេល​វេលា​រៀប​ការ​របស់​លោក​ជាមួយ​តារា​សម្ដែង Min Hyo Rin កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ បូក​រួម​តារា​ចម្រៀង​រូប​នេះ ក៏​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចូល​បម្រើ​ជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ផង​។ ចុង​ក្រោយ​គេ​គឺ តារា​ចម្រៀង T.O.P លោក​ត្រូវ​បាន​ហាម​មិន​ឲ្យ​​បម្រើ​កិច្ច​ការ​អ្វី​គ្រប់​យ៉ាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ដោយ​សារ​តែ​រឿង​រ៉ាវ​របស់​លោក​ទាំង​ប៉ុន្មាន​នោះ។ ដោយ​សារ​តែ​ហេតុផល​ទាំង​នេះ​ហើយ ទើប​សារព័ត៌មាន​ខាង​លើ​នេះ អះអាង​ថា​សមាជិក​របស់​ក្រុម​នេះ​នីមួយ​ៗ ​ពិត​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​នៅ​ពេល​​អនាគត​នោះ។

យ៉ាង​ណា​ក៏​សារព័ត៌មាន​នេះ បាន​លើក​ហេតុផល​មួយ​ដែល​ថា​មាន​សមាជិក​ខ្លះ​ពិត​ជា​មិន​ចង់​ឲ្យ​ក្រុម​មួយ​នេះ​បែក​បាក់​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​កត្តា​ដែល​មិន​អាច​ចៀស​រួច​ទាំង​នេះ ទើប​ធ្វើ​ឲ្យ​ពួក​គេ​​គ្មាន​ជម្រើស​គឺ​ត្រូវ​​សម្រេច​ដើរ​ផ្លូវ​រៀង​ខ្លួន។

ក្រោយ​ពី​​ព័ត៌មាន​នេះ​បាន​ផ្សព្វ​ផ្សាយ​នោះ អ្នក​គាំ​ទ្រ​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង​ដោយ​ថា​សារព័ត៌មាន​នេះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ក្នុង​នោះ​ដែរ​មាន​មនុស្ស​ម្នាក់​បាន​បញ្ចេញ​យោបល់​ថា៖ "​ដូច​ដែល​បាន​គិត​មែន​ ព័ត៌មាន​នេះ​សរសេរ​ដោយ Kim Yena (សើច) ហេតុ​អី​នាង​​​មិន​នៅ​បន្ត​លើក​ជើង SM និង​ឈប់​រើស​អើង​YG ទៅ? ហើយ​ហេតុផល​ឆ្កួត​អី​ដែល​និយាយ​ថា Big Bang  បាន​បែក​បាក់​ក្រុម​នោះ? បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​មើល​អត្ថបទ​របស់ Kim Yena គឺ​នាង​បាន​រិះ​គន់ YG ហើយ​មិន​ដែល​និយាយ​អ្វី​ពាក់​ព័ន្ធ​នឹង SM នោះ​ទេ។ ប្រាកដ​ណាស់​ថា Big Bang នឹង​មិន​​បែក​បាក់​គ្នា​នោះ។ នាង​ជា​នរណា​​ដែល​មក​និយាយ​ថា Big Bang ​បែក​ក្រុម​នោះ? នាង​ឆ្កួត​ទេ​មែន​ទេ? ..” ។

មិន​ត្រឹម​តែ​មនុស្ស​ម្នាក់​នេះ​ទេ អ្នក​គាំ​ទ្រ​ផ្សេង​ទៀត​ក៏​បាន​រិះ​គន់​សារព័ត៌មាន​នេះ​ផង​ដែរ៕ ​

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា