ដឹង​ច្បាស់ថ្ងៃ Ryan Giggs ​មក​​លេង​ស្រុក​ខ្មែរ​ ​នៅ​កោះ​ពេជ្រ​ហើយ

  • 2018-01-03 06:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​កម្មវិធី​ Tiger Street Football Festival 2018 ​បាន​ប្រកាស​ថា​ពួកគេ​នឹង​អញ្ជើញ​វីរបុរស Manchester United ​ឈ្មោះ​ថា Ryan Giggs ​មក​កម្ពុជា​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​បាន​ជួប​ផ្ទាល់​ជា​កំពូល​កីឡាករ​ម្នាក់​នេះ។

ដោយ​ឡែក​ពេល​វេលា​ដែល​អតីត​កីឡាករ​ជើង​ខ្លាំង​បិសាច​ក្រហម​មក​កម្ពុជា​នោះ​គឺ​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Tiger Street Football Festival 2018 ​តែ​ម្ដង។ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​១០ ១១​ខែ​មីនា​ឆ្នាំ​២០១៨ ​នៅ​ខាង​មុខ​បរិវេណ​សាល​មហោស្រព​កោះពេជ្រ ​រាជ​ធានី​ភ្នំពេញ។

តើ​ប្រិយមិត្ត​មាន​ឆ្ងល់​ទេ ថា​អ្វី​ទៅ​ជា​កម្មវិធី Tiger Street ​ហើយ​ហៅ​កំពូល​កីឡាករ​កម្រិត​ពិភព​លោក​មក​ចូលរួម​បាន? ​ជាក់​ស្ដែង​ទៅ Tiger Street Football Festival គឺជា​ការ​ប្រកួត​បាល់ទាត់​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាបៀរ ថៃហ្គ័រ ក្នុង​គោល​បំណង​ចូលរួម​ចំណែក​និង​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​។ Tiger Street Football Festival ​មិន​ដូច​បាល់​ទាត់​ធម្មតា​ ហ្វូតសាល​ និង​បាល់​ទាត់​ប្រភេទ​ផ្សេង​ទៀត​ទេ។ ​វា​គឺ​ជា​ការ​ប្រកួត​បាល់ទាត់​នៅ​លើ​ទី​លាន​រាង​ទ្រវែង​ទំហំ​២៥ម​x​១៤.៥ម​ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​សកម្មភាព​ប្រកួត​ឥត​ឈប់ឈរ។

ការ​ប្រកួត​ដែល​មាន​កីឡាករ​មិន​លើស​ពី​៥នាក់​នៅ​លើ​ទីលាន ​មាន​សកម្មភាព​ប្រកួត​យ៉ាង​ស្វិតស្វាញ ឥត​ឈប់ឈរ​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​រីករាយ​ទស្សនា​ការ​ប្រកួត​នោះ​។ ការ​ប្រកួត​មាន​រយៈពេល​សរុប​១២​នាទី ​ដែល​បែងចែក​ជា​ពីរ​វគ្គ​ មាន​រយៈពេល​៦នាទី​ពីរ​ដង​ ហើយ​មាន​ការ​សម្រាក​២នាទី​នៅ​ចន្លោះ​វគ្គ​(៦នាទី)​ទាំង​ពីរ​។ សម្រាប់​ការ​ប្រកួត​ចាប់​ពី​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ (​បួន​ក្រុម​ចុង​ក្រោយ​) ការ​ប្រកួត​នីមួយ​ៗ​មាន​រយៈពេល ​១០នាទី​ពីរ​វគ្គ ​និង​មាន​រយៈ​ពេល​សម្រាក​ចន្លោះ​វគ្គ​ចំនួន​ ៤នាទី។

សម្រាប់​ Tiger Street Football Festival ​ឆ្នាំ ​២០១៨ ​នេះ​គឺ​ជា​ឆ្នាំ​ទី​ ៦​ នៃ​ព្រឹត្តិ​ការណ៍​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ មាន​ក្រុម​ចូល​រួម​កាន់​តែ​ច្រើន ​ដោយ​រំពឹង​ថា ​ក្រុម​ជាង​ ៥០០ ក្រុម​នឹង​ចូល​រួម​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់។ ​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​ធ្វើ​ឡើង ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ចំនួន​៨​រួម​មាន៖ ព្រះសីហនុ ​កំពង់ស្ពឺ​ បាត់ដំបង ​សៀមរាប​ ប៉ោយប៉ែត ​កំពង់ចាម​ កណ្តាល​ និង​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី ២០ មករា រហូត​ដល់​ថ្ងៃ​ទី ១១ ​ខែ​មីនា​ ២០១៨។ ៥០​ក្រុម​កំពូល​នឹង​ចូលរួម​វគ្គផ្តាច់ព្រ័ត្ត​ដែល​នឹង​ធ្វើ​ឡើង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ១១ ​ខែ​មីនា ២០១៨។ ចំពោះ​ឆ្នាំ​នេះ​ដែរ ​កម្មវិធី​នេះ​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​៥​ម៉ឺន​ដុល្លារ​អាមេរិក​ឯ​ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី