វីរបុរស​ក្លឹប​ Barca ម្នាក់​ប្រកាស​ចូល​និវត្តន៍​ហើយ​ថ្ងៃ​នេះ

  • 2018-01-03 12:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប​អ្នក​មាន​បុណ្យ Barcelona អ្នក​ចាំ​ទី Victor Valdes ក្នុង​ថ្ងៃ​នេះ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ហើយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អង់គ្លេស The Sun។

អតីត​អ្នក​ចាំ​ទី​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បង្ហោះ​សារ​ខ្លី​ក្នុង​គណនី​ Twitter ផ្លូវ​ការ​របស់​ខ្លួន​ថា៖ "អរគុណ​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង"។ ក្រោយ​ពី​បង្ហោះ​បែប​នេះ​រួច កីឡាករ​រូប​នេះ​បាន​ធ្វើ​ការ​លុប​ចោល​នូវ​គណនី​បណ្ដាញ​ទំនាក់​ទំនង​សង្គម​មួយ​នេះ​ ហើយ​ក៏​បាន​លុប​ចោល​នូវ​រូប​ទាំង​អស់​នៅ​ក្នុង​គណនី Instagram របស់​ខ្លួនផងដែរ។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ណា​ថ្លែង​ពី​មូលហេតុ​នៃ​ការ​ផ្ដាច់​ចេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​របស់​អតីត​អ្នក​ចាំ​ទី​ Valdes ក្រោយ​ពី​ប្រកាស​ចូល​និវត្តន៍​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ឆ្នាំ ២០១៥ កីឡាករ​រូប​នេះ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន RAC1 ថា៖ "នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​អាជីព​នេះ​ទៅ ខ្ញុំ​នឹង​ចំណាយ​ពេល​របស់​ខ្ញុំ​ជាមួយ​កូនៗ​របស់​ខ្ញុំ និង​បង្ហាត់​បង្រៀន​ពួកគេ​ទាក់​ទង​នឹង​មេរៀន​នៃ​ជីវិត។ អ៊ីចឹង​ពេល​ដែល​ខ្ញុំ​ចូល​និវត្តន៍​ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​មាន​ភាព​លំបាក​ក្នុង​ការ​ស្វែង​រក​ខ្ញុំ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Valdes មាន​ភាព​ជោគ​ជ័យ​ណាស់ ពេល​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ជា​ផ្លូវ​ការ​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០១៤ ដោយ​ក្នុង​អំឡុង​ពេល​នេះ កីឡាករ​រូប​នេះ​ បាន​ឈ្នះ​ពាន​ជា​ច្រើន។ ក្រោយ​ពី​ចាក​ចេញ​ពី​ក្លឹប អាជីព​របស់​Valdes ហាក់​មិន​សម​ប្រកប​ឡើយ។ អតីត​អ្នក​ចាំ​ទី​រូប​នេះ​បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Manchester United ក្នុង​ឆ្នាំ ២០១៥ តែ​លេង​នៅ​ទី​នោះ​បាន​តែ ២​ប្រកួត​ប៉ុណ្ណោះ មុន​ពេល​ចេញ​ទៅ​លេង​ឲ្យ​ក្លឹប​បែលហ្សិក Standard Liege។

នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ Valdes បាន​ទៅ​លេង​ឲ្យ​ក្លឹប Middlesbrough មុន​ពេល​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប ពេល​ក្លឹប​មួយ​នេះ​ បាន​ធ្លាក់​ទៅ​លីគ​លំដាប់​ពីរ​របស់​អង់គ្លេស​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ ហើយ​អតីត​អ្នក​ចាំ​ទី​រូប​នេះ​អត់​មាន​ក្លឹប​លេង​តាំង​ពី​ពេល​នោះ​មក៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី