ដំណើរ​ការ​ទិញ​ Coutinho របស់​ Barca ដល់​ណា​ហើយ?

  • 2018-01-04 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool មិន​ទាន់​ឃើញ​សំណើ​ថ្មី​សុំ​ទិញ​ Coutinho ពី​សំណាក់​ Barcelona នៅ​ឡើយ​ចាប់​តាំង​ពី​ទីផ្សារ​បើក​នៅ​ខែ​មករា​នេះ​។

Coutinho

ពាក្យ​ចចាមអារ៉ាម​ពី​សារព័ត៌មាន​អេស្ប៉ាញ​​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ថ្ងៃ​ជុំវិញ​ការ​ផ្ទេរ​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ប៉ុន្តែ​មែនទែន​ទៅ​មិន​ទាន់​មាន​សំណើ​ណា​មក​ដល់​តុ​ក្លឹប​ Liverpool នោះ​ទេ។ ពាក់ព័ន្ធ​នឹង​អ្នក​ចាត់ការ​ Jurgen Klopp ទៀត​សោត​បាន​បង្ហើប​ថា​គ្មាន​នរណា​នៅ​ក្នុង​ក្លឹប​មក​ប្រាប់​លោក​ឲ្យ​លក់​ Coutinho ឡើយ។

យ៉ាង​ណា​ក៏​ដោយ​​បើ​តាម​​ប្រភព​ពី​អេស្ប៉ាញ សំណើ​ទិញ​ថ្មី​ផ្លូវ​ការ​​អាច​នឹង​កើត​មាន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ តែ​ត្រង់​ Liverpool ព្រម​លក់​ឬ​អត់​នោះ​​មិន​​មាន​នរណា​អាច​ទាយ​ទុក​បាន​​។ ក្លឹប​មាន​មូលដ្ឋាន​ នៅ​ Merseyside បាន​ច្រាន​ចោល​សំណើ​៣​ដង​កាល​ពី​ដើម​រដូវ​កាល​របស់​ Barca និង​ប្រកាស​ជា​ផ្លូវការ​ថា​ Coutinho មិន​មែន​សម្រាប់​លក់​មិន​ថា​ថ្លៃ​ប៉ុនណា​ក៏​ដោយ។

លើក​ចុង​ក្រោយ​ដែល​ Barca ដេញ​ថ្លៃ​ Coutinho គឺ​មាន​តម្លៃ ១១៨​លាន​ផោន​ បូក​ប្រាក់​បន្ថែម​៣០​លាន​​ ក្នុង​ករណី​ដែល​រូប​គេ​អាច​ឈ្នះ​ Ballon d'Or និង​ធ្វើ​បាន​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត​។ មាន​ការ​លើក​ឡើង​ថា​ក្រុម​មាន​មូលដ្ឋាន​នៅ​កាតាឡាន់​ត្រូវ​ដំឡើង​ថ្លៃ​ឲ្យ​លើស​មុន​បើ​សិន​ជា​ចង់​បាន​​តារា​ឆ្នើម​ Liverpool មែន​នោះ។ ​

ក្នុង​ករណី​ Coutinho ទៅ​ Barcelona ខែ​មករា​នេះ​ រូបគេ​មិន​អាច​លេង​ Champions League បាន​ឡើយ​ដោយ​សារ​បាន​បង្ហាញ​ខ្លួន​ជាមួយ​ Liverpool រួច​ទៅ​ហើយ​ តែ​អាច​បាន​លេង​ត្រឹម​ La Liga និង​ Copa del Rey៕

ប្រភព៖ BBC   អត្ថបទ៖ វិរ័ត្ន