តាម​ពិត​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​លើ​លោក van Dijk ជា​អតីត​អ្នក​លាង​ចាន

  • 2018-01-04 02:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk បាន​ក្លាយ​ជា​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​​លើ​លោក ក្រោយ​​​រូប​គេ​ផ្លាស់​ពី Southampton មក Liverpool កាល​ពី​សប្ដាហ៍​មុន​ក្នុង​តម្លៃ​៧៥​លាន​ផោន​ ប៉ុន្តែ​​ប្រហែល​​គ្រប់គ្នា​មិន​ដឹង​ទេ កាល​ពី​មុន​គេ​គ្រាន់​តែ​ជា​យុវជន​លាង​ចាន ឆ្នាំង​មួយ​រូប​ប៉ុណ្ណោះ។

មក​ដល់​ហង្សក្រហម van Dijk ទទួល​បាន​​១០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។ តែ​កាល​ពី​១០​ឆ្នាំ​មុន​ពេល​អាយុ​១៦​ឆ្នាំ​ កីឡាករ​ហូឡង់​នេះ​គឺ​ជា​អ្នក​លាង​ចាន​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង។ កីឡាករ​វ័យ​២៦​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​បាយ​​នៅ​ភោជនីយដ្ឋានឈ្មោះ Oncle Jean មាន​ទីតាំង​​នៅ​ប្រទេស​ហូឡង់ ដែល​មាន​ម្ចាស់​ហាង​​ឈ្មោះ​ Jacques Lips។ គ្រា​នោះ Lips ធ្លាប់​​ប្រាប់​ឲ្យ van Dijk ឈប់​ស្រមៃ​ជា​កីឡាករ​បាល់ទាត់។

“van Dijk ធ្លាប់​ជា​​បុគ្គលិក​ល្អ​ម្នាក់​។ គេ​​លាង​ចាន​ស្អាត និង​ធ្វើ​ការ​បាន​ល្អ។ គេ​ប្រឹងប្រែង​​ហ្វឹកហាត់​ខ្លាំង​ណាស់ ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព និង​​បាន​ចូលរួម​ជាមួយ​​ក្រុម​យុវជន​មួយ​នៅ​ហូឡង់​ឈ្មោះ​ថា Willem II។ ក្រោយ​ចប់​ការងារ​ឪពុក​គេ​តែង​មក​ទទួល​គេ។ ជា​រឿយ​ៗ​ខ្ញុំ​តែង​ប្រាប់​​គេ​ថា គួរ​តែ​លាង​ឆ្នាំ​ឲ្យ​ច្រើន​ទៅ ហើយ​កុំ​ព្យាយាម​ក្លាយ​ជា​កីឡាករ​អាជីព​អី​ទៀត​ទៅ"។ សម្ដី​ Lips ប្រាប់  The Mirror។

មិន​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ ​ក្ដី​ស្រមៃ​របស់ van Dijk ពិត​ជា​ដើរ​ទៅ​មុខ​។ នៅ​ឆ្នាំ​២០១១ គេ​បាន​ក្លាយ​ជា​កីឡាករ​អាជីព​ លេង​ឲ្យ​ក្រុម Groningen លេង​ក្នុង​​លីគ​កំពូល​ហូឡង់។ រហូត​២០១៣ គេ​ក៏​បាន​ផ្លាស់​មក​ Celtic តម្លៃ​ខ្លួន​ត្រឹម​២,៦​លាន​ផោន​ទេ បន្ទាប់​មក​ក៏​ពុះពារ​មក​ដល់​ដី​អង់គ្លេស​លេង​ឲ្យ​ក្រុម Southampton និង​បាន​ក្លាយ​ជា​កីឡាករ​របស់ Liverpool ក្នុង​ឆ្នាំ​២០១៨​នេះ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ