ចំណុច​ពិសេស ៤ យ៉ាង​របស់​ទីក្រុង​ថ្មី​មួយ​នៅ​កណ្ដាល​ក្រុង លេច​ធ្លោ​ខុស​ពី​ភ្នំពេញ

  • 2018-01-04 07:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់​ផ្ទះ​តាម​បុរី សំណង់​អគារ​ធំៗ​កណ្ដាល​ក្រុង និង​ទីក្រុង​រណប​ជុំវិញ​ភ្នំពេញ កំពុង​កើន​ឡើង​ច្រើន​ទៅៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នោះ​គេ​ប្រាកដ​ជា​មិន​អាច​រំលង​ទីក្រុង​ថ្មី​មួយ​នៅ​កណ្ដាល​ភ្នំពេញ​បាន​ឡើយ គឺ Phnom Penh City Center (PPCC)។

ទីក្រុង​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ដល់​ទៅ ១១១,៦ ហិកតា​មួយ​នេះ មាន​គម្រោង​ធំៗ​ជា​ច្រើន​កំពុង​សាងសង់ រាប់​តាំង​ពី​ខុនដូ អគារ​ការិយាល័យ តំបន់​កីឡា ផ្សារ​តុងតឺន័រ និង​ជា​ពិសេស​តំបន់​កម្សាន្ត​ចម្រុះ​មួយ​គ្មាន​ពីរ​នៅ​កម្ពុជា Eden Garden ខណៈ​ដែល​ទីក្រុង​ទាំង​មូល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​គិត​គូរ​ពី​បែប​ផែន​ជីវិត​រស់​នៅ​យ៉ាង​មាន​ផាសុកភាព អម​ដោយ​ធម្មជាតិ​បៃតង។

លោក Bernard Lim ប្រធាន​ផ្នែក​ទំនាក់ទំនង និង​សហ​ប្រតិបត្តិការ​របស់ PPCC បាន​ប្រាប់ Sabay តាម​អ៊ីម៉ែល​ថា៖ "យើង​ជា Master Developer មិន​មែន​ជា Developer ធម្មតា​ឡើយ។ មាន​ន័យ​ថា គម្រោង​របស់​យើង មិន​ត្រឹម​មាន​សំណង់​គ្រប់​ប្រភេទ ដូចជា ផ្ទះ​វីឡា ខុនដូ អគារ​ការិយាល័យ សាលា​រៀន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អភិវឌ្ឍ​តំបន់​កម្សាន្ត​ចម្រុះ សួន​ធម្មជាតិ ភោជនីយដ្ឋាន ក្លឹប​កីឡា ដើម្បី​ឲ្យ​ជីវិត​រស់នៅ​ទី​នោះ កាន់​តែ​មាន​ផាសុកភាព"។

ប្រធាន​ជនជាតិ​សិង្ហបុរី​ដែល​មាន​បទ​ពិសោធ​ជោកជាំ​រូប​នេះ បន្ត​ថា PPCC មាន​លក្ខខណ្ឌ​អភិវឌ្ឍ​ស្រប​តាម​ស្ដង់ដារ​ដូច​បរទេស ដោយ​បញ្ជាក់​ថា ទីក្រុង​មួយ​នេះ មាន​លក្ខណៈ​ពិសេស ៤ យ៉ាង​ដែល​ខុស​ពី​ភ្នំពេញ៖

  • រាល់​ខ្សែ​កាប និង​ខ្សែ​ភ្លើង​ទាំង​អស់ ត្រូវ​បាន​បង្កប់​ក្រោម​ដី មិន​មាន​រត់​ខ្វែង​ខ្វាត់​រញ៉េរញ៉ៃ​លើ​បង្គោល ឬ​អាកាស
  • មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​ថ្មើរ​ជើង​ទំហំ ៥ ម៉ែត្រ​សង​ខាង
  • មាន​ចំណត​រថយន្ត​រួម​កម្ពស់​ច្រើន​ជាន់
  • ជីវិត​រស់​នៅ​សម្បូរ​បែប​ក្នុង​សហគមន៍​តែ​មួយ ពោល​គឺ​រស់នៅ ធ្វើ​ការ រៀន លេង​កម្សាន្ត ដូចជា វីឡា ខុនដូ អគារ​ការិយាល័យ ភោជនីយដ្ឋាន រោងកុន ក្លឹប​កម្សាន្ត ហាង​សម្លៀកបំពាក់ ក្លឹប​កីឡា សាលា​រៀន ផ្សារ​ទំនើប ឱសថស្ថាន ជា​ដើម៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម