រឿងរ៉ាវពី​ក្រោយ​សេដ្ឋី​ YouTube ដែល​បាន​ចេញ​វីដេអូ​សុំទោស​ពិភពលោក

  • 2018-01-04 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ឆ្នាំ​ ២០១៨ ភ្លាម​ Logan Paul ក៏​ជួប​ប្រទះ​បញ្ហា​ភ្លែត​ទាក់​ទង​នឹង​​ការ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សាក​សព​​បុរស​ម្នាក់​ចង​ក​ក្នុង​ព្រៃ​​នៅ​ឯ​​ប្រទេស​ជប៉ុន រហូត​ដល់​មាន​ការ​បញ្ចេញ​វីដេអូ​សុំទោស​ថែម​ទៀត​ផង។ រឿង​រ៉ាវ​ដ៏​ក្ដៅ​គគុក​បែប​នេះ​ ច្បាស់​ជា​មាន​​មនុស្ស​ជា​ច្រើន​​ចង់​ដឹង​កាន់​តែ​ជាក់​ច្បាស់​ថា​ Logan Paul ជា​នរណា?

Logan Paul មាន​ឈ្មោះ​ពិត​ថា​ Logan Alexander Paul កើត​នៅ​ថ្ងៃ​ទី​ ១ ខែ​មេសា​ ឆ្នាំ​ ១៩៩៥ ក្នុង​រដ្ឋ​ Ohio សហរដ្ឋអាមេរិក។ Logan បាន​ចាប់​ផ្ដើម​​បង្កើត​វីដេអូ​អ៊ីនធឺណិត​​សម្រាប់​គណនី​ YouTube ឈ្មោះ​ Zoosh តាំង​ពី​អាយុ​ ១០ ឆ្នាំ​មក​ម្ល៉េះ។

ប៉ុន្តែ​គាត់​ទើប​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ដំបូង​នៅ​ឆ្នាំ​ ​២០១៤ តាម​រយៈ​ការ​បង្កើត​វីដេអូ​​​បង្ហោះ​​លើ​ សេវាកម្ម​វីដេអូ​ Vine រួម​ទាំង​ការ​បង្កើត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់​ទំនង​ដទៃ​​​ដូច​ជា​ Facebook, YouTube ​ជា​បន្ត​បន្ទាប់។ Jake Joseph Paul គឺ​ជា​ប្អូនប្រុស​បង្កើត​របស់​ Logan ដោយ​គេ​ក៏​ជា​តារា​ YouTube និង​​ជា​អ្នក​បង្កើត​វីដេអូ​ Vine មួយ​រូប​ដែរ។

ក្រៅ​​ពី​ជា​បុគ្គល​ល្បី​លើ​បណ្ដាញ​ទំនាក់​ទំនង​ធំៗ​ Logan ក៏​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​​ដោយ​នៅ​ឆ្នាំ​ ២០១៤ បាន​ចូល​រួម​សម្ដែង​រឿង​ខ្លី​ចំណង​ជើង​ថា​ "Rainbow Man”​ និង​ដើម​ឆ្នាំ​ ២០១៥ ​បាន​បង្ហាញ​មុខ​លើ​ទូរទស្សន៍​​តាម​រយៈ​​ខ្សែ​ភាពយន្ត​ជា​ស៊េរី​ Law & Order: Special Victims Unit។ ​​​

នៅ​ឆ្នាំ​ ២០១៥ គេ​បាន​ចាត់​ថ្នាក់​ Logan ជា​បុគ្គល​មាន​ឥទ្ធិពល​លំដាប់​ថ្នាក់​ទី​ ១០ ​នៅ​លើ​សេវាកម្ម​ Vine ដោយ​វីដេអូ​រយៈពេល​ ៦ វិនាទី​របស់​គាត់​ អាច​រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ​តាម​រយៈ​ការ​ជួល​ផ្សាយ​ពាណិជ្ជកម្ម។ ក្នុង​ឆ្នាំ​ដដែល​ នៅ​ខែ​តុលា​ វីដេអូ​ទាំង​អស់​លើ​ទំព័រ​ Facebook របស់​ Logan មាន​ចំនួន​ទស្សនា​ដល់​ ៣០០ លាន​ដង។

នៅ​ថ្ងៃ​ទី​ ១៨ ​ខែ​ឧសភា​ ឆ្នាំ​ ២០១៧ ជា​ពេល​ដែល​ Logan Paul ប្រឡូក​ជា​អ្នក​ចម្រៀង​ជា​ផ្លូវ​ការ​​ជា​មួយ​នឹង​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ "Help Me Help You” ដែល​បច្ចុប្បន្ន​មាន​អ្នក​ទស្សនា​ ១៧៣ លាន​ដង។

​​រៀប​នឹង​បញ្ចប់​ឆ្នាំ​ ២០១៧ គឺ​នៅ​​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ ជា​ពេល​​ដែល​ Logan Paul ជួប​ប្រទះ​រឿង​អាស្រូវ​ដំបូង​ ដោយ​​​បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សាកសព​បុរស​ចង​ក​ក្នុង​ព្រៃ​នៅ​ឯ​ប្រទេស​ជប៉ុន នៅ​លើ​គណនី​ YouTube របស់​ខ្លួន។ ដោយ​សារ​តែ​មាន​ការ​វាយ​ប្រហារ​ខ្លាំង​ពេក​ Logan ក៏​បាន​សម្រេច​ចិត្ត​​ដក​វីដេអូ​នោះ​ចេញ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់។

បន្ទាប់​ពី​លុប​រួច​ Logan ក៏​បាន​បញ្ចេញ​សារ​សុំទោស​នៅ​លើ​គណនី​ Twitter របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​ ១ ខែ​មករា​ ឆ្នាំ​ ២០១៨។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​ ៣ ខែ​មករា​ វីដេអូ​សុំទោស​មួយ​​ក៏​បាន​លេច​ឡើង​លើ​គណនី​ YouTube ឈ្មោះ​ Logan Paul Vlogs ដែល​មាន​សម្ដែង​​នូវ​ការ​សុំទោស​ដល់​មហាជន​ និង​សុំទោស​ដល់​ជន​រងគ្រោះ​ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ។

​​គិត​ត្រឹម​បច្ចុប្បន្ន​នេះ​​គណនី​ YouTube របស់​​ Logan មាន​ Subscriber ចំនួន​ ១៥,៣៧ លាន​ ដោយ​មិន​បាន​​​ធ្លាក់​ចុះ​ឡើយ​ត្បិត​ថា​ជួប​បញ្ហា​ខាង​លើ​មែន​ពិត។ ចំណែក​គណនី​ YouTube ផ្លូវ​ការ​មួយ​ទៀត​ឈ្មោះ​ TheOfficialLoganPaul ប្រើ​សម្រាប់​បង្ហោះ​ចម្រៀង​ និង​ខ្សែ​ភាព​យន្ត​មាន​ Subscriber ចំនួន​ ៤,៣ លាន​នាក់។

​ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី​ Forbes បង្ហាញ​ថា​ Logan Paul ជា​​បុគ្គល​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ពី​ YouTube នៅ​ឆ្នាំ​ ២០១៧ ដោយ​រក​បាន​ ១២,៥ លាន​ដុល្លារ។ ចំណែក​ Jake Paul ដែល​ជា​ប្អូន​ប្រុស​បង្កើត​វិញ​រក​ចំណូល​បាន​ ១១,៥ លាន​ដុល្លារ​ នៅ​ចំណាត់​ថ្នាក់​លេខ​ ៧៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង