Morata បង្ហោះ​សារ​មួយ​ ក្រោយ​រង​ការ​ទិតៀន​រឿង​ធ្លាក់​ទម្រង់​លេង​ពេល​ប៉ះ Arsenal

  • 2018-01-04 13:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alvaro Morata ក្នុង​ថ្ងៃ​នេះ បាន​បង្ហោះ​សារ​ថា​ ខ្លួន​នឹងព្យាយាម​ហ្វឹកហាត់​ថែម​ទៀត ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​ពេល​ប៉ះ​ជាមួយ Arsenal។

Morata បាន​សរសេរ​ក្នុង​សារ​ Twitter ថា៖ "នៅ​ពេល​ដែល​រឿង​អី​មួយ​កើត​ឡើង​មិន​ដូច​អ្វី​ដែល​រំពឹង​ទុក មាន​តែ​វិធី​មួយ​ប៉ុណ្ណោះ ដើម្បី​ដោះ​ស្រាយ​រឿង​ហ្នឹង នោះ​គឺ​ការ​ប្រឹង​ប្រែង​បន្ត​ទៅ​ទៀត"។

សារ​របស់ Morata ធ្វើ​ឡើង​ក្រោយ​កីឡាករ​អេស្ប៉ាញ​រូប​នេះ បាន​ធ្វើ​មិន​បាន​សម្រេច​នូវ​ឱកាស​ស៊ុត​ជា​ច្រើន​ដង ពេល Chelsea ​ប៉ះ​ជាមួយ​ក្លឹប​កាំភ្លើង​ធំ ដោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល ២ ទល់​នឹង ២។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ផ្ទេរ​មក​ក្លឹប​តោ​ខៀវ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ឲ្យ​ក្លឹប​មួយ​នេះ ដោយ​គិត​មក​ទល់​នេះ ស៊ុត​ចូល​បាន ១០​គ្រាប់​ហើយ​នៅ​លីគ​កំពូល​អង់គ្លេស។ ទោះ​ជា​យ៉ាង​ណា ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ ហាក់​មាន​ភាព​យ៉ាប់​យឺន​បន្តិច​សម្រាប់​កីឡាករ​រូប​នេះ ដោយ ​Morata បាន​ធ្វើ​មិន​បាន​សម្រេច​ឱកាស​ស៊ុត​ជា​ច្រើន​លើក៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី