Apple ​ប្រាប់​​ថា​​គ្រប់​ iPhone, iPad និង MacBook ​​មាន​កំហុស​បច្ចេកទេស​​

  • 2018-01-05 03:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​មុខ​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា​គ្រប់​ឧបករណ៍​ iOS និង​ Mac ទាំង​អស់​ បាន​រងគ្រោះ​នឹង​កំហុស​បច្ចេកទេស​ចំនួន​ពីរ​ ​ឈ្មោះ​ថា​ Spectre និង​ Meltdown។

ជា​មួយ​នឹង​ការ​ប្រកាស​នេះ​ Apple ក៏​បាន​​លើក​ឡើង​ថា​បាន​បញ្ចេញ​ប្រព័ន្ធ​ការពារ​ដើម្បី​ប្រឆាំង​នឹង​ Meltdown នៅ​លើ​ iOS 11.2, macOS 10.13.2 និង​ tvOS 11.2 រួច​ហើយ។ ក្រុមហ៊ុន​នឹង​បន្ត​បញ្ចេញ​​ប្រព័ន្ធ​​ការពារ​​​ប្រឆាំង​នឹង​ Spectre សម្រាប់​កម្មវិធី​ Safari ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ បញ្ជាក់​ថា​ Apple Watch មិន​មាន​រងគ្រោះ​ពី​ចន្លោះប្រហោងនេះឡើយ។

ការ​ប្រកាស​នេះ​ ក្រោយ​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​រក​ឃើញ​ចន្លោះ​ប្រហោង​ចំនួន​ពីរ​ដែល​ប៉ះពាល់​ដល់​ Processor លើ​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា Processor សម័យ​បច្ចុប្បន្ន​ឌីហ្សាញ​ឡើង​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​ដែល​មាន​ឈ្មោះ​ថា​ “speculative execution” ដើម្បី​បង្កើត​ល្បឿន​ប្រតិបត្តិការ។ ទិន្នន័យ​ត្រូវ​បាន​ការពារ​យ៉ាង​តឹងរ៉ឹង​ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ក្នុង​ករណី​ខ្លះ​ ទិន្នន័យ​អាច​នឹង​ត្រូវ​​បែក​ធ្លាយ ពេល​ដែល​ Processor ប្រឹង​ធ្វើ​ការ។

អ្នក​ស្រាវជ្រាវ​និយាយ​ថា​​ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ​កុំព្យូទ័រ​រួម​មាន​ Desktop, Laptop, ស្មាតហ្វូន និង​ Server​ Cloud រង​គ្រោះ​ពី​ Bug ឈ្មោះ​ថា​ Spectre។ ចំណែក​ Bug ឈ្មោះ​ Meltdown ទំនង​ជា​​កើត​មាន​លើ​បន្ទះ​ឈីប​ Intel តែ​មួយ​គត់។

អ្នក​ប្រើ​ប្រាស់​ផលិតផល​ Apple ទាំង​អស់​ត្រូវ​ធានា​ថា​ឧបករណ៍​របស់​ពួក​គេ​បាន​អាប់ដេត​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ ​ដើម្បី​ការពារ​ពី​ការ​វាយ​ប្រហារ​របស់​ Hacker តាម​រយៈ​ចន្លោះ​ប្រហោង។ វា​ជា​ការ​ណែនាំ​ដ៏​ល្អ​មួយ​ ទោះ​បី​ជា​ឧបករណ៍​របស់​អ្នក​មិន​បាន​រងគ្រោះ​ក្ដី៕​​​​​​​​​​​​​​​​​​

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង