នៅ សូនីតា ជាប់​ងារ​ជំទាវពីពេលណា?​

  • 2018-01-05 03:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចង្កោម​អ្នក​សិល្បៈ​មិន​តិច​នេះ​ទេ តែងតែ​ហៅ កញ្ញា នៅ សូនីតា ជា​ជំទាវ​ពេញៗ​មាត់ ដែល​ងារ​មួយ​នេះ​ធ្វើ​ឲ្យ​មហាជន​ថា ឆ្ងល់​ថា តារា​ស្រី​រូប​នេះ​ទទួល​បាន​ងារ​ជា​ជំទាវ​​តាំង​​តែ​ពី​ពេល​ណា? សាមី​ខ្លួន​បាន​​ឆ្លើយ​តប​ជា​មួយ Sabay នៅ​​ព្រឹក​នេះ​ថា ខ្លួន​ទទួល​ងារ​ជំទាវ​នេះ​៤ទៅ​៥​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​មែន​ជំទាវ​មែន​មាន​ព្រះរាជក្រឹត្យ​តែងតាំង​អី​ឡើយ គឺ​ជា​ការ​ដាក់​ងារ ឬនិយាយ​លេងពី​​មិត្តភ័ក្ដិ​ប៉ុណ្ណោះ។

តារា​​ស្រី​រូប​នេះ​បាន​​រៀបរាប់​ឲ្យ​ដឹង​ថា មិត្តភ័ក្ដិ​ស្និត​របស់​នាង តែង​​ហៅ​នាង​ថា ជំទាវៗ ហើយ​នាង​វិញ​ក៏​ហៅ​គេ​ជំទាវ​វិញ បើ​ប្រុសៗ​វិញ​ហៅ លោក ឧកញា ជា​ដើម ដែល​ពាក្យ​ទាំង​នោះ គ្រាន់​តែ​និយាយ​លេង ហើយ​ក៏​ជាប់​មាត់​រហូត ។ នាង​ថា មាន​ពេល​ខ្លះ​ហៅ​គ្នាក្នុង​ចំណោម​មហាជន​ដោយ​មិន​ដឹង​ខ្លួន ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ជា​​ញឹក​ញាប់ ។

ទោះបី​ជា​​ជាប់​ងារ​ជំទាវ ហើយ​មាន​គេ​ហៅ​ឡើង​ស៊ាំ​ក្ដី កញ្ញា នៅ សូនីតា មិន​ហ៊ាន​ប្រាថ្នា​តំណែង​​មួយ​នេះ​​​ឡើយ។ នាង​ថ្លែង​ថា ចង់​ធ្វើ​តែ​មនុស្ស​ធម្មតាៗ មិន​ចង់​បាន​ងារ​ជំទាវ​អី​នោះ​ទេ ប៉ុន្តែ​បើ​ថ្ងៃ​អនាគត​មាន​ស្វាមី​មាន​ឋានៈ​ខ្ពស់ ហើយ​ត្រូវ​ឡើង​ជំទាវ​ដោយ​ស្វ័យប្រវត្តិ​នោះ នាង​ក៏​មិន​ហ៊ាន​ប្រកែក​ដែរ។

តារា​ស្រី​រូប​នេះ​​ប្រាប់​ថា បច្ចុប្បន្ន​នាង​នៅ​ទំនេរ​អត់​ទាន់​មាន​ម្ចាស់​បេះ​ដូង​ឡើយ ​មិត្ត​ប្រុស​ដែល​នាង​ធ្លាប់​មាន​កន្លង​មក បាន​ចែក​ផ្លូវ​គ្នា​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ នាង​បញ្ជាក់​ថា មិត្ត​ប្រុស​​ម្នាក់​នោះ ​មិន​មាន​ឋានៈ​ខ្ពស់ ដែល​នាំ​ឲ្យ​នាង​ក្លាយ​ជា​ជំទាវ​ដោយ​ស្វ័យប្រវត្តិនោះ​ដែរ ដូច​នាង​បញ្ជាក់​អីចឹង ងារ​ជំទាវ​នោះ​គ្រាន់​តែ​មិត្តភ័ក្ដិ​និយាយ​លេង​ប៉ុណ្ណោះ ដូច​នេះ​សូម​មហាជន​កុំ​យល់​ច្រឡំ។

អត្ថបទៈ ស៊ុនហួត