Xavi មាន​បំណង​ចង់​អូស​ទាញ​ Ribery ឲ្យ​មក​តាម​ខ្លួន

  • 2018-01-05 11:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​បុរស​ក្លឹប Barcelona ខ្សែ​បម្រើ Xavi ដែល​បច្ចុប្បន្នកំពុងលេងឲ្យ​ក្លឹប Al-Sadd ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​ចង់​លេង​បាល់​ជាមួយ​កីឡាករ Frank Ribery នៅ​កាតា​។

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​នេះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន Blidថា៖ "វា​ពិត​ជា​រឿង​ដ៏​គួរ​អស្ចារ្យ​ណាស់ បើ​ Ribery មក​លេង​បាល់​នៅ​ទី​នេះ (កាតា)។ ប្រទេស​នេះ​ជា​កន្លែង​មួយ​យ៉ាង​ល្អ​គាប់​ប្រសើរ សម្រាប់​ជីវិត​រស់​នៅ"។ Xavi បន្ត៖ "ពិត​ណាស់ បើ​និយាយ​ពី​កម្រិត​បាល់ទាត់ វា​មាន​ភាព​ខុស​គ្នា ពី​នៅ​អឺរ៉ុប ប៉ុន្តែ​វា​គឺ​ជា​រឿង​ល្អ បើ​គេ​មក​ទី​នេះ​មែន។ ណា​មួយ​ខ្ញុំ​ចង់​លេង​ក្រុម​ជាមួយ​គេ​ផង ដូច្នេះ​បើ​គេ​មក​កាតា ហើយ​មក​ចូល​រួម​ជាមួយ​ក្រុម​យើង​ទៀត វា​ពិត​ជា​រឿង​គួរ​ឲ្យ​អស្ចារ្យ​ណាស់"។

សូម​បញ្ជាក់​ផង​ដែរ Ribery កំពុង​ស្ថិត​ក្នុង​ពេល ៦​ខែ​ចុង​ក្រោយ​នៃ​កុង​ត្រា​ខ្លួន​ជាមួយ Bayern Munich ដែល​នេះ​មាន​ន័យ​ថា ខ្សែ​ស្លាប​រូប​នេះ​នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​នៅ​ចុង​រដូវ​កាល​នេះ បើ​ការ​ចរចា​កុងត្រា​ថ្មី​មិន​បាន​សម្រេច​ទេ​នោះ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ពេល​ថ្មីៗ​នេះ ​ប្រធាន​ក្លឹប Bayern លោក Karl Heinz Rummenigge បាន​គូស​បញ្ជាក់​ថា ក្លឹប​កំពុង​ចរចា​ស៊ី​ជម្រៅ​រឿង​កុងត្រា​ជាមួយ​កីឡាករ​ស្លាប​ចាស់​វស្សា​រូប​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី