តារា​ស្រី​ណា​ខ្លះ​​មិន​ស្លៀក​ឈុត​ខ្មៅ​ចូលរួម​កម្មវិធី​ពាន​រង្វាន់ Golden Globes?

  • 2018-01-09 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​កម្រាល​ព្រំ​ក្រហម​កម្មវិធី​ពាន​រង្វាន់ Golden Globes ឆ្នាំ​២០១៨ គឺ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដោយ​សារ​តែ​​សិល្បករ​ចូលរួម​ទាំង​ប៉ុន្មាន​មាន​ការ​ស្លៀក​សម្លៀក​បំពាក់​ជា​ឈុត​ពណ៌​ខ្មៅ​គ្រប់​គ្នា។ ការ​ស្លៀក​ជា​ឈុត​ពណ៌​ខ្មៅ​បែប​នេះ​គឺ​ក្នុង​គោល​បំណង​ដើម្បី​ប្រឆាំង​នឹង​អំពើ​បៀតបៀន​ផ្លូវ​ភេទ។

ក្នុង​កម្មវិធី​នោះ​ដែរ​ សង្កេត​ឃើញ​ថា​មិន​ត្រឹម​តែ​តារា​សម្ដែង​ស្រី​នោះ​ទេ​ដែល​រួម​គ្នា​​តវ៉ា​ប្រឆាំង​នឹង​​​អំពើ​បែប​នេះ តារា​សម្ដែង​ប្រុស​ដែល​​ចូលរួម​ក្នុង​កម្មវិធី​នេះ​ក៏​បាន​គាំទ្រ​នឹង​ការ​ស្លៀក​ឈុត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​នេះ​ផង​ដែរ។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​មាន​តារា​ស្រី​មួយ​ចំនួន​តូច​ដែល​មិន​បាន​ចូល​រួម​ស្លៀក​​សម្លៀកបំពាក់​​ជា​ឈុត​ខ្មៅ​​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​បៀតបៀន​ផ្លូវ​ភេទ​នោះ​ទេ ពួក​គេ​បែរ​ជា​ជ្រើស​រើស​ឈុត​ដែល​មាន​ភាព​លេចធ្លោ និង​ឆើត​ឆាយ​ទៅ​វិញ។

១. តារា​សម្ដែង Barbara Meier

តារា​ស្រី​វ័យ ៣១​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​កម្មវិធី​ពាន​រង្វាន់ Golden Globes​ នេះ​ជាមួយ​រ៉ូប​ដ៏​ស្រស់​ស្អាត។ រ៉ូប​របស់​នាង​រំលេច​ដោយ​ពណ៌​ចម្រុះ​ជា​ពណ៌​ប្រផេះ ខៀវ ស​និង​ផ្កាឈូក អម​ជាមួយ​នឹង​កម្ទេច​ផ្លេក​ៗ​ដែល​មើល​ទៅ​ពិត​ជា​លេច​ធ្លោ​ណាស់។

២. តារា​សម្ដែងBlanca Blanco 

តារា​ស្រី​វ័យ​ ៣៦​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​រ៉ូប​ពណ៌​ក្រហម​ឆ្អិនឆ្អៅ។ មិន​ត្រឹម​តែ​ពណ៌​របស់​រ៉ូប​នាង​នោះ​ទេ​ដែល​មាន​ភាព​លេចធ្លោ​នោះ ម៉ូដ​របស់​រ៉ូប​នោះ​​ក៏​បាន​បង្ហាញ​សាច់​ដ៏​ម៉ត់​រលោង​របស់​នាង​ផង​ដែរ។

៣. លោក​ស្រី Meher Tatna

មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​គេ​ប្រចាំ​កម្មវិធី​នោះ​គឺ​លោក​ស្រី Meher Tatna ដែល​ជា​ប្រធាន​សមាគម​អ្នក​កាសែត​បរទេស​ប្រចាំ​ហូលីវូដ។ ក្រោយ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ការ​ស្លៀក​ពាក់​ពណ៌​ក្រហម​​បែប​នេះ គណនី​មួយ​ក្នុង​បណ្ដាញ​សង្គមTwitterក៏​បាន​ប្រាប់​ហេតុផល​ដែល​លោក​ស្រី​ជ្រើស​រើស​រ៉ូប​ពណ៌​ក្រហម​នេះ។ ហេតុផល​នោះ​គឺ​ថា​តាម​ទំនៀមទម្លាប់​ប្រទេស​ឥណ្ឌា ពណ៌​ក្រហម​គឺ​​ប្រដូច​ជា​ពណ៌​ខ្មៅ​ដែរ៕

ប្រភព៖ Businessinsider   ប្រែសម្រួល៖ អន សុភក្ត្រា