ម៉ឺន​ សុភា​ និយាយ​អ្វី​ខ្លះ​ក្រោយ​ឈ្នះ​កូន​សិស្ស​ប៊ូខាវ​ ទឹក​ទី១?

  • 2018-01-09 04:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កណ្ដាប់ដៃ​ថ្ម​ និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ម៉ឺន​ សុភា​ ថា​ ត្រេកអរ​រក​អ្វី​ថ្លែង​មិន​បាន​ នៅ​ពេល​ដែល​ឈ្នះ​កូន​សិស្ស​របស់​ប៊ូខាវ​ ដូច​នេះ​ ព្រោះ​មិន​ងាយ​បាន​ជួប​ប្រកួត​ហើយ​ណា​មួយ​គ្រូ​របស់​គេ​ជា​តារា​ប្រដាល់​ផង​នោះ។​

កីឡាករ ម៉ឺន​ សុភា ក្រហម

ម៉ឺន​ សុភា​ បាន​ឲ្យ​ដឹង​ថា​ មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ដែល​បាន​ប្រកួត​ឈ្នះ​កូន​សិស្ស​ប៊ូខាវ​ដូច​នេះ​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ បើ​ថា​ស្រួល​ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ​ទោះ​ជា​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ក៏​ដោយ។​ ការ​ឈ្នះ​នេះ​ដោយ​សារ​តែ​ដៃ​គូ​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ​ នៅ​ទឹក​ទី១​នោះ​គឺ​ស្ទាបស្ទង់​ទាំង​អស់​គ្នា​ កីឡា​មិន​ថា​អ្នក​ណា​នោះ​ទេ​ឲ្យ​តែ​ភ្លាត់​តែ​បន្តិច​ចាញ់​ហើយ។​

ម៉ឺន​ សុភា(ក្រហម)​ Parnrith Banhchanmek​(ខៀវ)

ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​របស់​កម្ពុជា​ខាង​លើ​បន្ត​ថា​ ជ័យជម្នះ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​អាច​ថា​ជា​ការ​តបស្នង​ទៅ​កាន់​គ្រូ​របស់​ខ្លួន​ «ធន់​ សុភា»​ ដែល​តែងតែ​ផ្ដល់​ដំបូន្មាន​ និង​ព្យាយាម​បង្ហាត់​ស្នៀត​ប្រយុទ្ធ​ល្អៗ​ និង​រក​វិធី​វ៉ៃ​យ៉ាង​ណា​ដើម្បី​ឈ្នះ​ដៃ​គូ​ប្រកួត។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​ក៏​មិន​ភ្លេច​អរគុណ​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​តែងតែ​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​លោក​នា​ពេល​កន្លង​មក​ ហើយ​បើ​គ្មាន​អ្នក​គាំទ្រ​ទេ​ក៏​គ្មាន​រូប​គេ​ផង​ដែរ។​

ម៉ឺន​ សុភា​ ពេលឈ្នះ​កូនសិស្ស​ប៊ូខាវ

កីឡាករ​ ម៉ឺន​ សុភា​ ជា​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ប្រចាំ​នៅ​កម្ពុជា​រាល់​ការ​ប្រកួត​ស្ទើរ​តែ​មិន​ដែល​ចាញ់​ហើយ​ភាគ​ច្រើន​ជួប​តែ​គូ​បរទេស​នោះ​ទេ​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​កីឡាករ​ថៃ​ Parnrith Banhchanmek​ ដែល​ជា​កូន​សិស្ស​ស្ដេច​ប្រដាល់​ថៃ​ ប៊ូខាវ​ ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី១​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ មករា​ ២០១៨​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម