កូនដំរីព្រៃមួយ​ក្បាល​ស្លាប់​ដោយ​សារ​ផុង​រណ្តៅដីនៅ​មណ្ឌលគិរី

  • 2018-01-09 06:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ដំរីព្រៃ​អាយុប្រមាណជា​មួយ​ឆ្នាំ​ត្រូវ​បាន​ក្រុម​អភិរក្ស​ប្រទះឃើញ​ថា​ស្លាប់​នៅ​ក្នុង​ដែន​អភិរក្ស​សត្វព្រៃ​កែវ​សីមា ខេត្ត​មណ្ឌល​គិរី ដោយ​ផុង​ខ្លួន​ជាប់​នៅ​ក្នុង​រដៅមួយ​​​ក្នុងព្រៃ​។

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រ​កាស​ឲ្យ​ដឹង​នៅថ្ងៃនេះ​កូនសត្វដំរីព្រៃ​នេះ​ទំនងជាបាន​ស្លាប់​កាល​បពី​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាន​ជាប់​ផុងក្នុង​រណ្តៅដី​ជាច្រើន​ថ្ងៃ។ បើ​តាម​ប្រ​ភព​ដដែល​កន្លែង​ដែល​កូន​ដំរីព្រៃនេះ​ស្លាប់គឺ​នៅ​កណ្តាល​ព្រៃ​ជ្រៅ​ ហើយ​ក្រុម​អភិរក្ស​មិន​បាន​ទទួល​ដំណឹង​នេះទាន់​ពេល​។

(ក្រុម​មន្ត្រីកំពុង​ជួយ​យក​សពកូនដំរីព្រៃចេញពី​រណ្តៅ/រូបភាព៖​WCS)

​អង្គការ​ដដែលសរសេរថា៖ «យើងពិត​ជា សោក​ស្តាយ​ខ្លាំង​ណាស់​ដែល​មិន​អាច​ជួយ​សង្រ្គោះ​កូន​ដំរី​ឈ្មោល​មួយ​នេះ ​ពីព្រោះ​ទីតាំង​កើត​ហេតុ​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ ​ហើយ​ពួក​យើង​ពុំទទួល​បាន​ ព័ត៌​មាន​ទាន់​ពេល​។ តាម​ការអង្កេត​នៅ​កន្លែង​កើតហេតុ ​កូន​ដំរីព្រៃ​នេះ ប្រហែល​បាន​ជាប់​ផុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ហើយ​វាប្រហែល ​ជា​បាន​ស្លាប់​កាល​ពីយប់​ថ្ងៃ​ទី៧ ​ខែមករា មកម្លេះ»។

សត្វដំរី​ព្រៃ​ស្ថិត​នៅ​ក្នុង​ចំណោម​ថនិក​សត្វ​មាន​មាឌ​ធំជាង​គេបង្អស់​នៅលើភព​ផែនដី​។ សត្វប្រភេទ​នេះ​ស្ថិត​នៅ​ក្នុងបញ្ជី​ក្រហម​របស់អង្គការ​IUCN ជា​ប្រភេទ ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកលលោក​។ តាម​ការប៉ាន់​ស្មាន​ដំរីព្រៃ​មាន​ចំនួនច​ន្លោះ​​ពី​២៥០ទៅ៥០០ក្បាល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ដំរី​ព្រៃមាន​តិច​ជាង១១៥ក្បាល​កំពុង​មាន​វត្ត​មាន​រស់​នៅ​ក្នុង​ដែន​ជម្រកសត្វ​ព្រៃកែវ​សីមា។​ នេះ​បើតាម​ប្រ​ភព​ដដែល៕ ​

អត្ថបទ៖ ទូច សុខា