ចប់​៣​ប្រកួត ​អាច​​ដឹង​ថា វឌ្ឍនាកា ​នឹង​បាន​លេង​ច្រើន​ជាមួយ​ក្លឹប​ Pahang

  • 2018-01-10 02:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា ​បាន​ចូល​លេង​ឱ្យ​ក្រុម Pahang FA ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មុន​បើក​រដូវ​កាល​ថ្មី ​នៅ​ទឹក​ដី​ប្រទេស​ថៃ ដោយ​ទទួល​បាន​លទ្ធផល​៣​ប្រកួត ​ឈ្នះ​២​និង​ចាញ់​១។

រូបភាព៖ Pahang FA

ក្នុង​ប្រកួត​នោះ​ដែរ គេ​ឃើញ​ថា​កីឡាករ​កម្ពុជា​រូប​នេះ​បាន​ចូល​លេង​ជម្រើស​ដំបូង ​និង​ជួយ​ក្រុម​បាន​ច្រើន ​ជាមួយ​ការ​ទាត់​បាល់ Free-kick ​និង​លើក​បាល់​ជ្រុង​ជា​ដើម។ នេះ​ជា​តម្រុយ​ល្អ​មួយ​សម្រាប់​សម្រាប់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​ក្នុង​ការ​ចាប់​ផ្ដើម​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល​ម៉ាឡេស៊ី មិន​ដូច​កាល​លេង​នៅ​លីគ​ទី​៣​របស់​ជប៉ុន​ឡើយ។

នៅ​ចាំ​បាន​ថា​កាល​លេង​ជាមួយ Fujieda MYFC ​វឌ្ឍនាកា ​មិន​មាន​ឱកាស​បាន​ចូល​លេង​នោះ​ទេ ដោយ​សូម្បី​តែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក៏​មិន​មាន​ឱកាស​ដែរ។ មូលហេតុ​នេះ​បាន​ធ្វើ​ឱ្យ​ទម្រង់​លេង​និង​ចង្វាក់​ប្រយុទ្ធ​របស់​កីឡាករ​ពាក់​អាវ​លេខ​១១​នេះ ​ធ្លាក់​ចុះ​បន្តិច។

ផ្ទុយ​ទៅ​វិញ​នៅ​ក្លឹប​ថ្មី Pahang FA ​គេ​សង្កេត​ឃើញ​ថា​ការ​ដែល​បាន​ចូល​លេង​នៅ​ប្រកួត​មិត្តភាព​អាច​ជា​សញ្ញា​បង្ហាញ​ថា​រូបគេ​នឹង​បាន​ចូល​លេង​ច្រើន។ ការ​ជាប់​ជម្រើស​១១​នាក់​ដំបូង និង​បាន​ទាត់​បាល់ Free-kick ​លើក​បាល់​ជ្រុង​ជា​ដើម​នោះ ​នឹង​ធ្វើ​ឱ្យ​រូបគេ​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​បាន​ច្រើន ​ក៏​ដូចជា​អភិវឌ្ឍន៍ ​រៀន​សូត្រ​ពី​លីគ​ម៉ាឡេស៊ី។

វឌ្ឍនាកា ​បាន​ចុះ​កុងត្រា​១​រដូវ​កាល​ជាមួយ​ក្រុម Pahang FA ​ដោយ​ទទួល​បាន​ប្រាក់​ខែ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ​និង​ទទួល​បាន​ការ​បន្ថែម​ផ្សេង​ៗ​ទៀត​ពី​ក្លឹប​៕

អត្ថបទ៖ មុន្នីរម្យ