បច្ចេកវិទ្យា​ថ្មី​​ EyeSight ​របស់​ Subaru ធ្វើ​ឲ្យ​អ្នក​បើកបរ​កាន់​តែ​មាន​សុវត្ថិភាព​

  • 2018-01-13 04:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ម៉ូធ័រ​អ៊ីម៉េជ​ ជា​អ្នក​ចែក​ចាយ​ផ្តាច់​មុខ​រថយន្ត​ Subaru ​ក្នុង​ប្រទេស​ចំនួន ៩ នៅ​ទ្វីប​អាស៊ី បាន​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​បំផុត​ Subaru EyeSight ក្នុង​កម្មវិធី​ Singapore Motorshow ឆ្នាំ ២០១៨។

EyeSight ជា​បច្ចេកវិទ្យា​បំពាក់បន្ថែមលើបច្ចេកវិទ្យាស្នូល ដែលមានស្រាប់​របស់​ Subaru ដូច​ជា Boxer Engine, Symmetrical All-Wheel Drive និង Global Platform​ ដើម្បី​បង្កើន​សុវត្ថិភាព​ថែម​មួយ​កម្រិត​ទៀត។

លោក​ Glenn Tan អគ្គនាយក​ក្រុមហ៊ុន​ តាន់ ចុង អ៊ីនធឺណេសិនណល​ (ក្រុមហ៊ុនមេរបស់ ម៉ូធ័រ​អ៊ីម៉េជ​) បាន​មាន​ប្រសាសន៍​ថា ៖ “យើង​មាន​សេចក្ដី​សោមនស្ស​ជា​ខ្លាំង ដោយ​បាន​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ដែល​ជាប់​ចំណាត់​ថ្នាក់​របស់ Subaru គឺ​ប្រព័ន្ធ​កាមេរ៉ា EyeSight ក្នុង​កម្មវិធី Singapore Motorshow 2018 នា​ថ្ងៃ​នេះ។ EyeSight ត្រូវ​បាន​បំពាក់​បន្ថែម​លើ​បច្ចេកវិទ្យា​ស្នូល​របស់​ Subaru ដែល​កំពុង​មាន​បច្ចុប្បន្ន បន្ថែម​កញ្ចប់​បច្ចេកវិទ្យា​កាន់​តែ​ទាក់ទាញ​ទៅ​ដល់​អតិថិជន​ទាំងឡាយ​ ដែល​ត្រូវ​​ការ​រថយន្ត​មាន​បទដ្ឋាន​សុវត្ថិភាព​ខ្ពស់​ កម្លាំង​ខ្លាំង​ក្នុង​ការ​បើក​បរ និង ផាសុកភាព​របស់​រថយន្ត"។

EyeSight ​ប្រើ​ប្រាស់​ Stereo Camera ដើម្បី​កំណត់​រថយន្ត​បើកបរ​ជុំវិញ​ ​កំណត់​ឧបសគ្គ​នានា គំនូសផ្លូវ​ និង​ កត្តា​ផ្សេងៗ បន្ថែម​ទំនុក​ចិត្ត​រាល់​ការ​បើកបរ។ នៅ​ក្នុង​ស្ថានភាព​ជាក់លាក់​មួយ ប្រព័ន្ធ​នេះ​នឹង​អនុវត្ត​ដោយ​ចាប់​ហ្វ្រាំង​ រឺ​ក៏​បន្ថយ​ហ្គែរ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់ផ្សេងៗ។

មុខងារ​សំខាន់ៗ​ទាំង ៦ របស់​ EyeSight រួម​មាន ៖

១. Pre-Collision Braking ៖ ផ្ដល់​សញ្ញា​អាសន្ន​ដល់​អ្នក​បើកបរ ដោយ​មាន​​លោត​ជា​សំឡេង​ និង ភ្លើង​សញ្ញា​ក្នុង​តាប្លូ។ ប្រសិន​បើ​អ្នក​បើកបរ​បាត់​បង់​ការ​ប្រុង​ប្រយ័ត្ន​ ប្រព័ន្ធ​នេះ​នឹង​​ជាន់​ហ្វ្រាំង​​ដោយ​​ស្វ័យប្រវត្តិ​​ដើម្បី​បន្ថយ​គ្រោះ​ថ្នាក់​ រឺ​បញ្ចៀស​ការ​បុក។

២. Adaptive Cruise Control ៖ ក្រៅ​ពី​អាច​កំណត់​ល្បឿន​ថេរ Adaptive Cruise Control អាច​​​បន្ថែម​ ឬ បន្ថយ​​ល្បឿន ដើម្បី​កំណត់​គំលាត​សុវត្ថិភាព​រវាង​រថយន្ត​ខាង​មុខ និង ​ភាព​ខុស​គ្នា​នៃ​ល្បឿន​បើកបរ​រថយន្ត​ទាំងពីរ​។ វា​អាច​បន្ថយ​ ឬ បង្កើន​កម្លាំង​ម៉ាស៊ីន, ប្រអប់លេខ និង បន្ថែម​ឬ​បន្ថយ​​កម្លាំង​ហ្វ្រាំង​ដើម្បី​រក្សា​ល្បឿន​អោយ​ស្រប​ទៅ​តាម​​ចរាចរណ៍។

៣. Pre-Collision Throttle Management ៖ នៅ​ពេល​ EyeSight កំណត់​បាន​ឧបសគ្គ​នៅ​ខាង​មុខ​ ពេល​អ្នក​កំពុង​បើកបរ ប្រព័ន្ធ​នេះ​នឹង​បញ្ចេញ​សំឡេង​ខ្លីៗ​, ​​បង្ហាញ​ភ្លើង​សញ្ញា​ឡើង​ និង កាត់​ផ្តាច់​កម្លាំង​​ម៉ាស៊ីន​ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​នៅ​ខាង​មុខ។

៤. Lane Departure Warning ៖ នៅពេលអ្នកបើកបរក្នុងល្បឿន ៥០ គ.ម/ម៉ រឺលឿនជាងនេះ ហើយ​រថយន្ត​​ចេញ​ពី​គន្លង​ដោយ​ពុំ​មាន​​វាយ​ភ្លើងស៊ីញ៉ូ​ ​​ប្រព័ន្ធ​នេះ​នឹង​បញ្ចេញ​សញ្ញា​រំលឹក​អ្នក​មុន​ពេល​អ្នក​ផ្លាស់​ប្ដូរ​គន្លង​រថយន្ត។

៥. Lane Sway Warning ៖ ​ប្រព័ន្ធ​នេះ​អាច​ផ្ដល់​សញ្ញា​​រំលឹក​ និង ភ្លើង​​លោត​បង្ហាញ​នៅ​ពេល​អ្នក​បើកបរ​ងងុយ​​គេង​ រឺ​អស់​កម្លាំង​ ដោយ​ប្រព័ន្ធ​នេះ​ដំណើរ​ពេល​បើកបរ​ចាប់​ពី​ ៦០ គ.ម/ម៉ ឡើងទៅ

៦. Lead Vehicle Start Alert ៖ នៅ​ពេល​ដែល​អ្នក​ឈប់​ស្តុប ហើយ​​ EyeSight មើល​ដឹង​ថា​រថយន្ត​ខាង​មុខ​បាន​​បន្ត​រំកិល​ទៅ​មុខ​ ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នក​ ដើម្បី​​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ ដោយ​​បញ្ចេញ​​​ជា​សំឡេង​ និង ​ភ្លើង​សញ្ញា។

ដោយ​ឡែក​បើ​ក្រឡេក​មើល​បច្ចេកវិទ្យា​ស្នូលៗ​របស់​ Subaru វិញ​មាន​ចំណុច​ពិសេស​ខាង​ក្រោម ៖

Boxer Engine ៖ បន្ថែម​កម្លាំង​​ដល់​រថយន្ត​ Subaru ​គ្រប់​ម៉ូដែល​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ថា​អាច​រក្សា​លំនឹង​រថយន្ត​បាន​ល្អ​ ម៉ាស៊ីន​ដំណើរ​ការ​រលូន និង​ បែង​ចែក​កម្លាំង​​បាន​ល្អ​ ដោយ​បច្ចេកវិទ្យា​នេះ​មាន​ដំណើរការជាង ៥០ ឆ្នាំ​មក​ហើយ។ ម៉ាស៊ីន​ដែល​មាន​ពិស្តុង​ផ្ដេក​ កាត់​បន្ថយ​ទំនាញ​ រក្សា​លំនឹង​ពេល​បត់​រថយន្ត​ និង បង្កើន​លំនឹង​រថយន្ត​គ្រប់​ស្ថានភាព​ផ្លូវ។

Symmetrical All-Wheel Drive ៖ អាច​គ្រប់គ្រង​ដៃ​ចង្កូត​បាន​ជាក់​លាក់​រាល់​ពេល​បត់ ដោយ​រក្សា​លំនឹង​ទោះ​ជា​ស្ថិត​ក្នុង​ល្បឿន​លឿន​ ឬ​ ស្ថានភាព​ផ្លូវ​លំបាកៗ​ក្ដី។

Subaru Global Platform ៖ តួ​រថយន្ត​ជំនាន់​ថ្មី​ ជា​ការ​ផ្លាស់​ប្ដូរ​ថ្មី​នៃ​ស្ថាបត្យកម្ម​របស់​រថយន្ត​ Subaru បង្កើន​សមត្ថភាព​ដំណើរការ​ របស់​រថយន្ត​ជា​រួម និង អាច​ផ្តល់​នូវ​បទ​ពិសោធន៍​គ្មាន​គូ​ប្រៀប​ជាមួយ​សុវត្ថិភាព​លំដាប់​ខ្ពស់។ បន្ថែម​ពី​នេះ តួ​រថយន្ត​ជំនាន់​ថ្មី​នេះ​ អាច បំពាក់​ជាមួយ​រថយន្ត​សាំង, រថយន្ត​ពាក់​កណ្តាល​សាំង និង​ អាគុយ (Hybrid), រថយន្ត​អេឡិចត្រូនិច និង ប្រភេទ​រថយន្ត​ប្រើប្រាស់​ថាមពល​ដទៃទៀត។

បច្ចេកវិទ្យាថ្មី EyeSight ​នឹង​ត្រូវ​បំពាក់​ជា​មួយ​រថយន្ត​គ្រប់​ម៉ូដែល​ របស់ ស៊ូបារុ មាន​ដូចជា Subaru Impreza, Legacy, Levorg, Outback និង​ XV៕

អត្ថបទ៖ សុខហេង