ល្ខោននិយាយ​ស្ទើរ​តែ​បាត់​ស្រមោល ពេល​នេះ​ក្រោយ​ឈរ​ជាថ្មី សង្ឃឹម​មាន​ការ​គាំទ្រ (វីដេអូ)

  • 2018-01-11 03:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​សិល្បៈល្ខោន​និយាយ នៅ​ពេល​នេះ​សឹង​តែ​បាត់​ស្រមោល​ក្នុង​ឆាក​សម្ដែង​ទៅ​ហើយ ។ ម៉្យាង​ទៀត​​ល្ខោន​នេះ​ប្រជាពលរដ្ឋ​កម្រ​បាន​ទស្សនា ហើយ​ក៏​មិនសូវ​មាន​ការ​បង្កើត​ជា​ក្រុម​ក្នុង​ការ​សម្ដែង​ផង​ដែរ​។

ក្រុម​ភារិទ្ធ​ល្ខោន​និយាយ​ជា​ក្រុម​ល្ខោន​ មួយ​ក្នុងចំណោម​ល្ខោន​និយាយ​ផ្សេង​ទៀត​ ដែល​កំពុង​កាត់​ព្យុះ​សង្ឃរា​​ ដើម្បី​បន្ត​ជីវិត​លើ​ឆាក​ព្រោះ​គ្មាន​ការ​គាំទ្រ។

លោក​ ណេន ​ភារិទ្ធ ប្រធាន​ក្រុមភារិទ្ធ​ល្ខោន​និយាយ បាន​រៀបរាប់​ទាំង​ទឹក​មុខ​អស់​សង្ឃឹម​ប្រាប់​Sabay ពី​ស្ថាន​ភាព​ដុន​ដាប​នៃ​ល្ខោន​នេះ ថា មួយ​ឆ្នាំ​ស្ទើរ​គ្មាន​ការ​ហៅ​ទៅ​សម្ដែង​ម្ដង​ផង សិល្បករ មិន​អាច​ផ្ញើ​ក្រពះ​ទៅលើ​របរ​នេះ​បាន​ទេ​។ ទោះ​ជា​បច្ចុប្បន្ន ​ក្រុម​សម្ដែង​លោក​មាន​ការ​ស្គាល់​ច្រើន​ តែ​នៅ​តែ​គ្មាន​ទី​ផ្សារ ហើយ​ការខិតខំ​​ធ្វើ​រាល់​ថ្ងៃ​ព្រោះ​ក្តី​ស្រលាញ់​។ ចាប់​ពី​ ថ្ងៃ​ ទី​៣ មីនា​ ឆ្នាំ​២០១៣ មក​ក្រុម​នេះ​បាន​ចាប់​កំណើត​ឡើង​ក្រោម ឈ្មោះ​ថា​ក្រុម​ពន្លក​​វឌ្ឍនៈ ដែល មាន​សិស្ស​និស្សិត​មក​ពី​សាកល​វិទ្យាល័យ និងជំនាញ​សិក្សា​ផ្សេងគ្នា។

លោក​ ណេន ​ភារិទ្ធ ប្រធាន​ក្រុមភារិទ្ធ​ល្ខោន​និយាយ

លោក​ជា​ប្រធាន​ក្រុម​មួយ​រូប​បាន​មុជ​យ៉ាង​ជ្រៅ ក្នុង​ទម្រង់​សិល្បៈ​មួយ​នេះ លោក បាន​បង្ហាញ​តាមរយៈ​ស្នាដៃ​ ដែល​លោក​បាន​ចង​ក្រង ពី​ប្រវត្តិល្ខោននិយាយ​ថា៖​​​​​​​​ ល្ខោន​និយាយ​​គី​ជា​ទម្រង់​សិល្បៈ​ទស្សនីយភាព​ប្រភេទ​ល្ខោន​ទំនើប​ ជា​ប្រភេទ​​សិល្បៈ​យក​ពាក្យ​សម្ដី​ជា​មួល​ដ្ឋាន​ រួម​និង​កាយ​វិការ​ជាមួយ​ផង​ដែរ។

​ទាក់​ទងប្រវត្តិ​ និង​ដើម​កំណើត​របស់​ល្ខោន​និយាយ​ តាម​សិល្បៈ​ករ​ចាស់​ៗ​ថា ​សិល្បៈ​ល្ខោន​និយាយ​នេះ​មាន​ប្រភព​ពី​បស្ចិម​ប្រទេស និង​បាន​ហូរ ចូល​មក​ស្រុក​ខ្មែរ​​រវាង​ឆ្នាំ​ ១៩៤៤ – ១៩៤៥ តាម​រយៈ​ ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ​ ហ្គី​ប៉ារ៉េ (Guy​ Paree) ​​ នា​ចុង​សម័យ​អាណានិគមនិយម​បារាំង។ តាម​រយៈ​ការ​លើក​យក​រឿង​ល្បើក​របស់​អ្នក​និង​ពន្ធ​ ឡា ហ្វុង​តែន​ (Lafontaine) ជា​ប្រភេទ​សែ​ណែត​ សម្ដែង​ឈុត​តូច​មួយ។

លោក បន្ត​ថា ការ ល្ខោន​និយាយ​នេះ​ជា​ឫសគល់​នៃ​ខ្សែភាពយន្ត វា​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែរក្សា​វប្បធម៌ អក្សរសិល្ប៍​ ជាពិសេស​សារអប់រំ​សង្គម​ផ្សេងៗ​។ បុរស​មាឌមាំម្នាក់​នេះ​ ក៏​តូច​ចិត្ត និង​មាន​​បំណង​បញ្ឈប់​​សកម្ម​ភាព​ក្រុម​របស់​ខ្លួន​ ផង​ដែរ​នា​ពេល​កន្លង​មក​ព្រោះ​គ្មាន​ការ​គាំទ្រ។ ប៉ុន្តែ​ត្រូវ​បាន​សមាជិក​ក្រុម​ស្នើ​កុំឲ្យ​លោក​ឈប់​ លោក​ក៏​បន្ត​សកម្ម​ភាព​ក្រុម​បន្ត​ទៀត។

លោក​ ណេង ​ភារិទ្ធ ថា « កន្លង​​មក​ខ្ញុំ​ចង់​ឈប់​ច្រើន​ដង​ហើយ​តែ​សមាជិក​ក្រុម​ចេះ​តែថា​ បើ​បង​ឈប់​ទៅ​ការសម្ដែង​ ស្ងាត់​អស់​ហើយ! ទើប​ខ្ញុំ​ចង់​ចាប់​ផ្តើម​ពី​ចំណុច​​​សូន្យ​សាជាថ្មី ប៉ុន្ដែ​លើក​នេះ​បើ​គ្មាន​ការ​គាំ​ទ្រ​​ទៀត ខ្ញុំ​ប្រ​ហែលជា​ឈប់​មែន​ទែន​ហើយ​»។

សមាជិក​ក្រុម​មា្នក់​ដែល​កំពុង ក្រាញននៀល​កាត់​សមុទ្រ​ឧបសគ្គ​ដ៏ធំនេះ លោក ថេង​ គឹមស បាន​ប្រាប់​ Sabay ពី​មូល​ហេតុថា​ ការ​មិនបោះបង់​ការ​សម្ដែង​ ព្រោះ​លោក​ស្រលាញ់​នូវ​សិល្បៈ​មួយ​នេះ​។ លោក​នៅ​តែ​មាន​កូនចិត្ត​មួយ សង្ឃឹមថា​ល្ខោន​និយាយ​ដ៏​កម្សត់​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រពី​ទស្សនិកជននៅ​ថ្ងៃ​ណាមួយ។

«ខ្ញុំមិន​បោះ​បង់​វា​ចោល​ទេ ព្រោះ​ខ្ញុំសង្ឃឹម​ថា​ល្ខោន​នេះ​នឹង​ទទួល​បាន​ការគាំទ្រនៅ​ថ្ងៃណាមួយ។ សិល្បៈ​នេះ​ដើរជាប់​ជាមួយ​សង្គម​ វា​ជា​កញ្ចក់​ឆ្លុះ​ពី​រូបភាពសង្គម និងមាន​សារសំខាន់ចូល​រួម​ចំ​ណែកយ៉ាង​ស្និទ្ធក្នុង​អប់​រំផង​ដែរ»។ លោក ថេង​ គឹម​ស ​បញ្ជាក់​​​។

ក្រុមភារិទ្ធ ល្ខោននិយាយ

​​​​​ទោះជា​យ៉ាង​ណា​ក្រុម​មួយ​នេះ​​ សង្ឃឹម​ថា​ ពលរដ្ឋ​ខ្មែរ​នឹងចូល​រួម​គាំទ្រ​សិល្បៈមួយ​នេះ ឲ្យ​បាន​បញ្ចេញ​សកម្ម​ភាព​បន្ត​ទៀត។ ក្រុមល្ខោន​និយាយ​នេះក៏មាន​គម្រោង​ជំរុញល្ខោន​មួយ​នេះ​ឲ្យមាន​ការ​គាំទ្រ និងមួយ​ផ្នែក​ជា​ការ​អប់​រំ​ និង​កម្សាន្ត​សម្រាប់​សង្គម។​​

សកម្មភាពខ្លះៗនៃការសម្តែងល្ខោននិយាយ

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម