អាសូរ ម្ចាស់ "បុណ្យ​បេតិកភណ្ឌ" ដល់​ថ្នាក់​ប្រកាស​ឡៃឡុង​ស្គរ រនាត សង​បំណុល​គេ

  • 2018-01-11 03:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុណ្យ​បេតិកភណ្ឌ​ដែល​ទើប​ប្រារព្ធ​ធ្វើ​លើក​ចុង​ក្រោយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​នោះ ពេល​នេះ ធ្លាយ​ព័ត៌មាន​ថា ម្ចាស់​រៀប​ចំ​នៃ​កម្មវិធី​នេះ​អស់​លទ្ធភាព ដល់​ថ្នាក់​ប្រកាស​លក់​ឡៃ​ឡុង​សម្ភារ​បម្រើ​ឲ្យ​សិល្បៈ​បុរាណ​ខ្មែរ​មាន​ដូច​ជា ស្គរ ស្បែក រនាត ជា​ដើម ដើម្បី​សង​បំណុល​គេ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ព្រឹក​នេះ ពី​ឌីជេ​អាចារ្យ​ធំ អ្នក​និយម​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ​ម្នាក់​នោះ បាន​ឲ្យ​ដឹង​ថា ការ​រៀប​ចំ​បុណ្យ​បុណ្យ​បេតិកភណ្ឌ​លើក​ទី​៣ ដែល​បាន​រៀប​ចំ​នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ​កាល​ពី​ចុង​ឆ្នាំ ២០១៧ នោះ រៀប​ចំ​ដោយ​លោក ស៊ុប ស័ក្ខរា ហើយ​បច្ចុប្បន្ន​អ្នក​រៀប​ចំ​រូប​នោះ កំពុង​ជួប​បញ្ហា​បំណុល​ចំពោះ​មុខ រហូត​ដល់​ថ្នាក់​សុខ​ចិត្ត​សម្ភារ​ប្រើ​ប្រាស់​នានា​ក្នុង​សិល្បៈ​បុរាណ​ខ្មែរ ដើម្បី​ដោះ​ទ័ល។

តាម ឌីជេ អាចារ្យ​ធំ​ លោក ស័ក្ខរា ដែល​ស្រឡាញ់​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ម្នាក់​នោះ បាន​ចំណាយ​ថវិកា​ខ្លួន​ឯង​ខ្លះ ថវិកា​កម្ចី​ខ្លះ រៀប​ចំ​បុណ្យ​ខាង​លើ​អស់​ប្រមាណ​ជាង ២ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ជាក់​ស្ដែង បុណ្យ​ដែល​លោក​ថា មាន​អ្នក​គាំទ្រ​ត្រឹម​តែ​មាត់​នោះ មិន​ទទួល​បាន​អ្នក​ឧបត្ថម្ភ​ណា​មួយ​ឡើយ ជា​ហេតុ ក្រោយ​បញ្ចប់​ទៅ ថវិកា​ទទួល​បាន​មិន​ស្មើ​ខ្ទង់​ចំណាយ​ផង គឺ​ខាត​រាប់​ពាន់​ដុល្លារ។

“ឥឡូវ​ហ្នឹង​ជាង​១​អាទិត្យ​ហើយ​ជាមួយ​ខ្ញុំ គាត់​ដើរ​ដាក់​បញ្ចាំ​ប្លង់​ដី ប្លង់​ផ្ទះ ប៉ុន្តែ​ទើប​តែ​ថ្មី​ៗ​នេះ ធនាគារ​គេ​ឆ្លើយ​ថា មិន​ហ៊ាន​អោយ​ខ្ចី​ទេ ទើប​ចុង​ក្រោយ​មិន​ដឹង​ធ្វើ​ម៉េច ក៏​សម្រេច​ប្រកាស​លក់ ស្គរ រនាត ស្បែក​អី​ហ្នឹង ដើម្បី​បាន​លុយ​សង​គេ"។ អាចារ្យ​ធំ​ថ្លែង។

ជុំវិញ​បញ្ហា​នេះ លោក ស៊ុប ស័ក្ខរា ដែល​ជា​អ្នក​ផ្ដើម​គំនិត​រៀប​ចំ​បុណ្យ​បេតិកភណ្ឌ បាន​ឆ្លើយ​ប្រាប់ Sabay ថា គឺ​ជា​ការ​ពិត ដោយ​ក្នុង​នោះ​លោក​បាន​ពឹង​ពាក់​អាចារ្យ​ធំ​ឲ្យ​ជួយ​លក់​សម្ភារ​មួយ​ចំនួន ហើយ​ពេល​នេះ​មាន​អ្នក​ទិញ​ខ្លះ​ហើយ។ "ក្រោយ​ពី​បង​អាចារ្យ​ជួយ​ផ្សព្វផ្សាយ​អោយ ឥឡូវ​មាន​បង​ប្អូន​ខ្មែរ​យើង​នៅ​កូរ៉េ​ជួយ​ទិញ​រនាត​២​ហើយ បាន​លុយ​ជាង​៤០០​ដុល្លារ។ នៅ​មាន​ស្គរ ស្បែក របស់​ផ្សេង​ៗ​ខ្លះ​ទៀត ដើម្បី​បាន​លុយ​គ្រប់ ព្រោះ​ជំពាក់​គេ​ជាង​៣០០០ដុល្លារ​ឯណោះ"។

បុណ្យ​បេតិកភណ្ឌ បាន​ប្រារព្ធ​ធ្វើ​ចំនួន​៣​ត្រឹម​ឆ្នាំ​ហើយ គិត​ត្រឹម​ឆ្នាំ ២០១៧។ ឆ្នាំ​ទី​១ ក៏​ជួប​បញ្ហា​ស្រដៀង​គ្នា លើក​លែង​ឆ្នាំ​ទី​២​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង។ ដោយ​ឡែក​ឆ្នាំ​ទី​៣ អ្នក​រៀប​ចំ​ប្រាប់​ថា លោក​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​តែ​ម្ដង ដោយ​សារ​ទុន​ខ្លះ​បាន​បង់​ខាត​ពី​ការ​រៀប​ចំ​ឆ្នាំ​ដំបូង​ហើយ។

លោក ស័ក្ខរា ប្រាប់​ថា លោក​មិន​ច្បាស់​ទេ​ថា បុណ្យ​ដដែល​នេះ អាច​រៀប​ចំ​បាន​ទៀត​ឬ​អត់​នា​ឆ្នាំ​នេះ ឬ​ឆ្នាំ​បន្ទាប់។ លោក សង្កត់​ធ្ងន់​ថា ពេល​នេះ គឺ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ជា​មុន​សិន៕

បុណ្យ​បេតិកភណ្ឌ​ខ្មែរ​បង្ហាញ​ពី​សិល្បៈ​បុរាណ​ច្រើន​ទម្រង់

អត្ថបទ៖ ទារិកា

អត្ថបទថ្មី