អ្នក​លក់​ទឹក​ឃ្មុំ​ប្រាប់​រូបមន្ត​​រក្សា​ទឹក​ឃ្មុំ​បាន​យូរ និង​មាន​គុណ​ភាព​ល្អ

  • 2018-01-12 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- តើធ្វើដូចម្ដេច​ដើម្បី​រក្សា​ទឹកឃ្មុំបាន​យូរ និង​មានគុណភាពល្អ?

- ពេល​យក​ឃ្មុំពីបង្គង តើ​គេ​ត្រូវ​ធ្វើ​ដូចម្ដេច?

- តើ​មាន​អ្វី​កើត​ឡើង​នៅពេល​គេ​ដាក់​ទឹក​ឃ្មុំ​ ក្នុង​ដប​ជ័រ?

ចម្លើយ​មាន​នៅខាងក្រោម៖

ទឹកឃ្មុំ ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ជុំវិញ​ពិភពលោក​ជាពិសេស​សម្រាប់​ជំនួយ ដល់​ការ​ព្យាបាល​ថែទាំ​សុខភាព រួមទាំង​សម្រាប់​សម្រស់​ស្បែក​មុខ។ ជា​ការ​ពិត​ទឹកឃ្មុំ​មិន​គ្រាន់តែ​អាច​ថែរក្សា​សុខភាព​តែប៉ុណ្ណឹង​ទេ តែ​ទឹកឃ្មុំ​ត្រូវបាន​គេ​ដឹងថា​មានប្រយោជន៍ សម្រាប់​ពន្យារ​ភាព​ចាស់​របស់​មនុស្ស​ឱ្យ​ក្មេង​ជាង​វ័យ​ផងដែរ។ យ៉ាង​ណា​មិញ​​លោក​អ្នក​ប្រហែល​នៅ​មិន​ទាន់​ដឹង​ទេ​​ថា​ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​រក្សា​គុណភាព​ទឹក​ឃ្មុំ​បាន​ល្អ​ និង​ទុក​បាន​យូរ?  

លោក ស៊ឹម ម៉េងទ្រី ម្ចាស់​សហគ្រាស​ខ្មែរ​ម៉េង​ទ្រី ៩៩៩ ដែល​មាន​លក់​ទឹកឃ្មុំ​សុទ្ធ​នៅ​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ដើម្បី​រក្សាទឹក​ឃ្មុំ​មាន​គុណភាព​ល្អ​ និង​រក្សាទុក​​បាន​យូរ​ ពេល​យក​ពី​បង្គង​អ្នក​យក​ឃ្មុំ​ត្រូវ​រក្សា​ទឹកឃ្មុំ​នោះ​មិន​ឱ្យ​ត្រូវ​ទឹក​ភ្លៀង បើ​ត្រូវទឹក​ភ្លៀង ទឹក​​​ឃ្មុំ​នឹង​លែងសុទ្ធ​ ហើយ​អាច​​ទៅជា​​ប្រែ​ពណ៌​ខុស​ពី​ទឹក​ឃ្មុំ​ធម្មតា​ និង​ខូច​គុណ​ភាព​ក្នុងរយៈពេល ​៦ខែ ទៅ៨ ខែ។ បន្ថែម​លើ​នេះ​ទឹក​ឃ្មុំ​សុទ្ធ​ត្រូវរក្សា​ទុក​នៅ​ក្នុង​ដប​កែវ ហាល​ឱ្យ​ស្ងួត​ និង​មិន​ត្រូវ​រក្សាទុក​នៅ​ក្នុង​ដបជ័រ​នោះទេ ព្រោះ​ដបជ័រ​អាចរង​ប្រតិកម្ម​ធ្វើ​ឱ្យ​ទឹក​ឃ្មុំ​ខូចគុណភាព​។ ​​

លោក ស៊ឹម ម៉េងទ្រី ម្ចាស់​សហគ្រាស​ខ្មែរ​ម៉េង​ទ្រី ៩៩៩ ដែល​មាន​លក់​ទឹកឃ្មុំ​សុទ្ធ​នៅ​ខេត្ត​ប៉ៃលិន​

លោ​ក​បាន​ឱ្យ​ដឹង​ទៀត​​ថា ការ​រក្សាទឹកឃ្មុំ​បាន​ល្អ​គេ​ត្រូវ​រើស​យក​ទឹក​ឃ្មុំ​ណា​ ដែល​គ្មាន​អាចម៌ឃ្មុំ​ និង​សំណក​ឃ្មុំ បើ​មិន​ដូច្នេះទេ​ទឹក​ឃ្មុំ​​អាច​ប្រែជា​រស់ជាតិ​ជូរ ក្នុងរយៈពេល​៦ ខែ​ទៅ​៨ខែ។ ការ​ប្រើ​បច្ចេកទេស​​បាន​ត្រឹមត្រូវ​ ទឹក​ឃ្មុំ​​នឹង​អាចរក្សា​ទុក​បាន​យូរ​ស្ទើរតែ​​គ្មាន​កំណត់​​កាលបរិច្ឆេទ​ប្រើប្រាស់​។ **​​«អ្នក​ខ្លះ​ឆ្ងល់​ថា ទឹក​ឃ្មុំ​ច្របាច់​ផ្ទាល់ដៃ ​ឆ្លងកាត់​ការពិសោធន៍​ ដាក់​ក្នុង​ទូទឹកកក ហេតុ​អី​បាន​កក និង​មិន​អាច​រក្សា​ទុក​បាន​យូរ។ នេះ​អាច​ថា​គាត់​មិន​បាន​ដឹង​ពី​បច្ចេកទេស​យក និង​ទុក​ដាក់​ទឹក​ឃ្មុំ​បាន​ល្អ​​»។**

បើ​តាម ​លោក​ ម៉េងទ្រី កន្លងមក​សហគ្រាស​លោក​ទទួល​ទិញ​ឃ្មុំ ​ពី​ប្រជាពលរដ្ឋ​លុះត្រា តែ​អ្នក​រក​​ឃ្មុំ​​ព្រម​អនុវត្តតាម​គោល​ការ​កំណត់​ដូច​បាន​រៀបរាប់​ខាងលើ។ អ្នក​ខ្លះ​រក​ឃ្មុំ​បាន​យក​មក​ដាក់​ក្នុង​ធុងជ័រ ឬ​ប៉ោត ខុស​លក្ខណៈ​បច្ចេកទេស​មិន​ទទួល​ទិញ​នោះ​ទេ​ ដោយ​ហេតុ​ថា ទឹក​ឃ្មុំ​លែងសុទ្ធ​ខ្លាច​បាត់​ទំនុក​ចិត្ត​ពី​អតិថិជន ​​។ ទោះ​យ៉ាង​ណា​ទឹកឃ្មុំ​សុទ្ធ ​ក៏​មិន​អាច​គ្មានជាតិ​ទឹក​ ១០០%​នោះដែរ។ ជាតិ​​ទឹក​ស្ថិតនៅ​ក្នុង​ទឹក​ឃ្មុំ​មាន​​ចន្លោះ​ពី ៣% ទៅ៧% និង​មាន​ទម្ងន់​១គីឡូ៤ ខាំ​ ទៅ​ ៥ ខាំ ក្នុង​ទឹក​ឃ្មុំ​មួយ​លីត្រ ៕

អត្ថបទ៖ សុផល