Lee Hi ក្ដុក​​ក្ដួល​រហូត​យំ​​ច្រៀង​មិន​ចេញ​ពេល​ច្រៀង​បទ​ Jonghyun និពន្ធ

  • 2018-01-12 02:22:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

តារា​ចម្រៀង Lee Hi ចាប់​ផ្ដើម​យំ​ភ្លាម​ៗ​ខណៈ​នាង​ច្រៀង​បទ “Breathe” នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Golden Disc Awards។ បទ​ចម្រៀង​នេះ​ផង​ដែរ គឺ​ជា​ការ​និពន្ធ​ផ្ទាល់​ពី​អតីត​តារា​ចម្រៀង Jonghyun ហើយ​វា​ពិត​ជា​ពាក់​ព័ន្ធ​នឹង​អារម្មណ៍​របស់​តារា​ចម្រៀង Lee Hi ជា​ខ្លាំង។

អំឡុង​ពេល​កំពុង​ច្រៀង មិន​ទាន់​បាន​ប៉ុន្មាន​ផង តារា​ចម្រៀង​រូប​នេះ​ក៏​បាន​ឈប់ ជាមួយ​នឹង​ទឹក​មុខ​ដែល​ខំ​ប្រឹង​ទប់​អារម្មណ៍​ក្ដុក​ក្ដួល​របស់​នាង​កុំ​យំ។ វង់​ភ្លេង​នៅ​តែ​បន្ត​ប្រគំ ហើយ​នាង​បាន​ព្យាយាម​រក​ឃ្លា​ចម្រៀង​ និង​ច្រៀង​ឡើង​វិញ​ក្រោយ​គ្រប់​គ្រង​អារម្មណ៍​បាន​ខ្លះ។

ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Lee Hi គឺ​ប្រគំ​ឡើង​ភ្លាម​ៗ​ក្រោយ​ពេល​ដែល​វីដេអូ​មួយ​ដែល​ធ្វើ​ជា​ពិសេស​ជូន​ចំពោះ​Jonghyun។ ក្នុង​វីដេអូ​នោះ​ជា​សារ​​​របស់​តារា​ចម្រៀង Taeyeon, EXO និង​តារា​ចម្រៀង Key របស់​ក្រុមSHINee ដែល​ចាប់​យក​ចំណុច​ខ្លះ​ក្នុង​សារ​សំបុត្រ​របស់​តារា​និមួយៗ​ដែល​បាន​សរសេរ​ជូន​អតីត​តារា​ចម្រៀង​Jonghyun ក្រោយ​​ពិធី​បុណ្យ​សព​របស់​លោក​បាន​ចប់​រួច​រាល់​ទៅ​ហើយ​នោះ៕​


ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា