ក្រុម​ E-Sports កម្ពុជា​ចេញ​ទៅ​ការពារ​ជើង​ឯក​នៅ​ថៃ​មុន​នេះ​បន្តិច

  • 2018-01-12 03:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​កាល​​ពី​វេលា​ម៉ោង​៩​​ព្រឹក ថ្ងៃ​សុក្រ​ ទី​១២​ ខែ​មករា​ ឆ្នាំ​២០១៨​នេះ​ដើម្បី​​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​កម្រិត​តំបន់  MATIC 2018 (Mission Against Terror International Championship ដែល​នឹង​ប្រកួត​ចុង​សប្តាហ៍​នេះ។​

លោក លន់ សាមឌី ស្វាគមន៍​ក្រុម​ Never Care កាល​ឈ្នះ​ Matic 2017

មុន​ចេញ​ដំណើរ​ លោក​ លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​លើក​ឡើង​ថា​ ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ដ៏​ធំ​នេះ​បាន​៣​ដង​ហើយ​ បន្ទាប់​ពី​សហព័ន្ធ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​កាល​ពី​ឆ្នាំ​២០១៤។ ប៉ុន្តែ​​មុន​សហព័ន្ធ​បង្កើត​ឡើង​ ក្រុម​ E-Sports កម្ពុជា​ក៏​​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ជា​លើក​ដែរ។

លោក​បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​​២០១៨​នេះ​ ក្រុម​កម្ពុជា​ត្រូវ​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ បន្ទាប់​ពី​ក្រុម​ Never Care របស់​កម្ពុជា​បាន​ឈ្នះ​ជើង​ឯក​នេះ​កាល​ពី​ឆ្នាំ​២០១៧។ លោក​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​សម្រេច​ ដោយ​សារ​ក្រុម​កម្ពុជា​មួយ​នេះ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ និង​​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​រហូត​​គិត​ចាប់​តាំង​ពី​ចូល​រួម​ឆ្នាំ​២០១២​មក​ម្ល៉េះ។ ក្នុង​នោះ​ Never Care ឈ្នះ​ជើង​ឯក​ក្នុង​ឆ្នាំ​២០១៧​ និង​បាន​ជើង​ឯក​រង​ឆ្នាំ​២០១៦​​​ជា​ដើម។

លោក​បន្ថែម​ថា ​ប្រទេស​ចូល​រួម​មាន​ចំនួន​​៦​​សម្រាប់ MATIC 2018 ​នេះ​​គឺ​ម្ចាស់​ផ្ទះ​ថៃ​ មាន​៣​ក្រុម​ កម្ពុជា​​ មាន​២​ក្រុម​ ចិន​​​មាន​២​ក្រុម ​សិង្ហបុរី​​មាន​២​ក្រុម​ ម៉ាឡេស៊ី​​​មាន​២​ក្រុម​ និង​ឥណ្ឌូណេស៊ី​​មាន​១​ក្រុម។

ពាន MATIC ដែល Never Care ឈ្នះ​ឆ្នាំ​២០១៧

ជា​មួយ​គ្នា​នេះ​ សេនតូ ប្រធាន​ Never Care ​​បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​រំពឹង​ការពារ​ជើង​ឯក​​ចាស់​​​ ៧០​%​ ប៉ុន្តែ​ច្បាស់​ជា​ជួប​ការ​លំបាក​ច្រើន​ពី​ព្រោះ​ប្រទេស​ដែល​សុទ្ធ​តែ​ជ្រើស​រើស​ក្រុម​ខ្លាំង​ៗ​ចូល​រួម​ប្រកួត។ ​ក្រុម​របស់​ខ្លួន​​​​មាន​ការ​​​រំពឹង​ខ្ពស់​​​នេះ​ ដោយ​សារ​បច្ចុប្បន្ន​​ក្រុម​ទាំង​មូល​​​​យល់​​ចិត្ត​គ្នា​ច្រើន។ ទន្ទឹម​​នេះ ពួក​គេ​ក៏​​មាន​ក្ដី​កង្វល់​ខ្លះ​ៗដែរ។ ក្ដី​កង្វល់​ធំ​បំផុត​គឺ​សមាជិក​ថ្មី​​៣​រូប​​​ស្ទើរ​បទ​ពិសោធ​ក្នុង​​​ការ​ប្រកួត​អន្តរជាតិ​ ពិសេស​គឺ​ការ​ប្រកួត​​​​ក្រៅ​ប្រទេស​។ ​ ប្រធាន​ក្រុម​រូប​នេះ​បន្ថែម​ថា ​សម្រាប់​ប្រទេស​ដែល​ជា​ឧបសគ្គ​ធំ​បំផុត​​មាន​​​ពីរ​​គឺ ថៃ និង​ម៉ាឡេស៊ី។ ​បើ​ទោះ​ជា​មាន​កង្វល់​បែប​នេះ​ក្ដី​ ក្រុម​របស់​​លោក​ ​សំណូមពរ​​​អ្នក​គាំទ្រ​ឲ្យ​​បាន​ច្រើន ដើម្បី​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​ចេញ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា។​ សម្រាប់​ទស្សនៈ​របស់​ក្រុម​ទាំង​មូល​ផ្ទាល់​គឺ​បាន​ប្ដេជ្ញា​ថា នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ការពារ​ជើងឯក​ចាស់​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ។

​​សម្រាប់​ប្រាក់​រង្វាន់​​មាន​ដូច​ខាង​ក្រោម

  • ក្រុម​លេខ​១​ជា​​ជើង​ឯក​៖ ​១៥០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២​ជា​ជើង​ឯក​រង៖ ៧០០០​ដុល្លារ​អាមេរិក​

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៣៖​ ៤០០០​ដុល្លារ​អាមេរិក​

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៤៖ ២៥០០​ដុល្លារ​អាមេរិក ​​​​​

សកម្មភាព​ចេញ​ដំណើរ​ព្រឹក​នេះ

កីឡា​អេឡិចត្រូនិក​កម្ពុជា

នេះ​​​ក្រុមមក​​​ពី​៦​ប្រទេស​ត្រូវ​ប្រជែង​ពាន​អន្តរ​ជាតិ​ MATIC 2018 នៅ​ថៃ​សប្ដាហ៍​ក្រោយ​

អត្ថបទ៖ ជាន ចាន់រ៉ា