នាយ ចយ ត្រៀម​ចូល​រោង​ការ​ឆាប់ៗ​ជាមួយ​គូ​ស្នេហ៍​វ័យ​ក្មេង​

  • 2018-01-12 03:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​កំប្លែង​​​ក្នុង​ក្រុម​នាយ​ក្រឹម លោក ភិច សែ ហៅ​នាយ ចយ បាន​បង្ហើប​​ឲ្យ​ Sabay ​ដឹង​នៅ​ព្រឹក​នេះ​ថា ខ្លួន​គ្រោង​នឹង​ដឹក​ដៃ​សង្សារ​​ចូល​រោង​ជ័យ​នៅ​ថ្ងៃ​ទី២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨​នេះ​ហើយ។

អាពាហ៍​ពិពាហ៍​របស់​តារា​​កំប្លែង​រូប​នេះ គ្រោង​ធ្វើ​នៅ មណ្ឌល​អាពាហ៍ពិពាហ៍ ក្នុង​បូរី​ពិភព​ថ្មី​សែន​​​សុខ ដោយ​លោក​គ្រោង​អញ្ជើញ​ភ្ញៀវ​ប្រហែល​២០ទៅ ៣០តុ។ អនាគត​ភរិយា​របស់​លោក ដែល​មហាជន​តែង​​សរសើរ​ថា មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​នោះ​មាន​ឈ្មោះ​ថា ខ្វាន់ ឌី វ័យ​១៨ឆ្នាំ គឺ​ជា​អ្នក​ខេត្ត ពោធិ៍សាត់។ នាយ ចយ បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ ទើប​តែ​ស្គាល់​គ្នា​ជាង​១ឆ្នាំ​ប៉ុណ្ណោះ តាម​រយៈ​ការ​លេង ​Facebook។ ដោយសារតែ​និស្ស័យ ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​ហើយ​ឈាន​ដល់​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​គ្នា​តែ​ម្ដង​ទៅ។

តារា​កំប្លែង​រូប​នេះ​បាន​​បន្ត​ឲ្យ​ដឹង​ថា អនាគត​ភរិយា​របស់​លោក បច្ចុប្បន្ន​កំពុងតែ​រៀន​​ជំនាញ​ខាង សម្អាង ដូច​ជា ផាត់​​មុខ​ធ្វើ​សក់​ជា​ដើម ហើយ​អនាគត មិន​ដឹង​ថា​គ្រោង​ចេញ​រក​ស៊ី​​មុខរបរ​នេះ​ ឬ​បែប​ណា​ឡើយ រង់​ចាំ​រៀប​ការ​រួច។

លោក ភិច សែ ហៅ​នាយ ចយ បាន​ប្រលូក​សិល្បៈ​ជា​តារា​កំប្លែង​​ក្នុង​ឆ្នាំ២០០៧ ដែល​​​តាំង​ពី​ចូល​មក​លោក មិន​​ធ្លាប់​ប្ដូរ​​ក្រុម​ឡើយ ​គឺ​នៅ​​ជា​មួយ​ក្រុម​នាយ​ក្រឹម​រហូត។ លោក មាន​ស្រុក​កំណើត​​នៅ​​ខេត្ត ត្បូង​ឃ្មុំ បច្ចុប្បន្ន​មាន​វ័យ​២៥ឆ្នាំ។

នាយ​​ ត្រូវ​បាន​គេ​ដឹង​ថា មាន​មុខមាត់​ពី​​ធម្មជាតិ ស្រដៀង​នឹងតារា​កំប្លែង​មួយ​ចំនួន​របស់​ថៃ។ ដោយសារតែ​មាន​មុខ​​ស្រដៀងនឹងតារា​កំប្លែង​ថៃ​បែប​នេះ កន្លង​មក មាន​វិបសាយ របស់​ប្រទេស​​ថៃ​មួយ​ដែល​មាន​ឈ្មោះ​ថា​ Tvpoolonline ចុះ​ផ្សាយ​ពី​លោក​ និង​គូស្នេហ៍ ថែម​ទៀត​ផង។ ។ ក្រោយ​ពី​រៀបការ​រួច​នាយ ចយ បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​នៅ​តែ​បន្ត​អាជីព​សិល្ប​ដដែល មិន​បោះបង់​ចោល​ឡើយ៕

អត្ថបទៈ ស៊ុនហួត