G-Dragon អួល​ដើម​ក​ ពេល​​​ពោល​ពាក្យ​លា​ទៅ​​អ្នក​គាំទ្រ(វីដេអូ)

  • 2018-01-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម Big Bang និមួយៗ​បាន​និយាយ​ពាក្យ​​លា​គ្នា​ទៅ​កាន់​អ្នក​គាំ​ទ្រ​​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​របស់​ពួក​គេ​មុន​ពេល​ថ្ងៃ​ចូល​បម្រើ​កង​ទ័ព​បាន​ចូល​មក​ដល់។

នៅ​​ក្នុង​ភាគ​ទី​១២ នៃ​កម្មវិធី 'Livin' the Double Life' របស់​ទូរទស្សន៍  tvN បាន​បង្ហាញ​ឈុត​ឆាក​​ក្នុង​ការ​ប្រគំ​តន្ត្រី 'Last Dance' របស់​ក្រុម​ Big Bang នៅ​ទី​ក្រុង​សេអ៊ូល។

នៅ​ជិត​បញ្ចប់​ការ​ប្រគំ​តន្ត្រី សមាជិក​និមួយៗ​បាន​ចំណាយ​ពេល​និយាយ​ពាក្យ​មួយ​ចំនួន​ជា​ការ​លា​គ្នា​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ។ តារា​ចម្រៀង Seungri  បាន​ចាប់​ផ្ដើម​និយាយ​មុន​គេ​ថា៖ "ការ​ប្រគំ​តន្ត្រី​នេះ ដែល​មើល​ទៅ​មិន​គួរ​បញ្ចប់​នោះ បាន​មក​ដល់​ទី​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​នេះ។ ខ្ញុំ​សឹង​តែ​មិន​ជឿ​ថា​ពួក​យើង​ត្រូវ​និយាយ​ពាក្យ​ថា​លា​ក្រោយ​ច្រៀង​បទ​ចម្រៀង​ប៉ុន្មាន​បទ​ហើយ​នោះ​ទេ"។

បន្ទាប់​មក តារា​ចម្រៀង Daesung ៖ "នេះ​គឺ​ជា​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​របស់​ពួក​យើង​ហើយ​មុន​ពេល​ត្រូវ​ចូល​បម្រើ​កង​ទ័ព។ ខ្ញុំ​មិន​ពិបាក​ចិត្ត​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា អរគុណ​សម្រាប់​​ការ​ផ្ដល់​ជា​កា​ដូ​ដល់​ពួក​យើង​គ្រប់​ពេល​វេលា និង​គ្រប់​ការ​ចង​ចាំ​ទាំង​អស់"។

មេ​ក្រុម G-Dragon ជា​អ្នក​និយាយ​បន្ទាប់៖ "តាម​ពិត​ទៅ ខួរ​ក្បាល​ខ្ញុំ​ឥឡូវ​នេះ​គឺ​ទទេ​ស្អាត។ ខ្ញុំ​មិន​ដឹង​ថា​គួរ​តែ​និយាយ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ខ្ញុំ​គ្មាន​អ្វី​​សម្រាប់​និយាយ​ជា​ពិសេស​នោះ​ទេ ខ្ញុំ​សប្បាយ​ចិត្ត។ វា​ជា​សុភមង្គល​សម្រាប់​ខ្ញុំ ហើយ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ថា​ខ្ញុំ​ពិត​ជា​អរ​គុណ​ខ្លាំង​ណាស់"។ ក្រោយ​និយាយ​ចប់​លោក​បាន​​អួល​ដើម​ក​ហើយ​ក៏​យំ។

ចុង​ក្រោយ​គេ គឺ​តារា​ចម្រៀង​ Taeyang៖ "ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ ក្រោយ​ការ​ប្រគំ​តន្ត្រី​នេះ​ ពួក​យើង​នឹង​មិន​បាន​ជួប​អ្នក​ទាំង​អស់់​គ្នា​ក្នុង​រយៈពេល​ខ្លី​ឬ​ក៏​វែង​តាម​តែ​អ្នក​ទាំង​អស់​គ្នា​គិត។ វា​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទេ ប៉ុន្តែ​​ពួក​យើង​នៅ​តែ​គង់​នឹង​ជួប​គ្នា​ម្ដង​ទៀត​ពេល​ក្រោយ​ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ថ្មី ដែល​​អ្វី​ៗ​ដែល​ខ្ញុំ​បាន​គិត​ក្នុង​ខួរ​ក្បាល​ទាំង​ប៉ុន្មាន​គឺ​ពិបាក​នឹង​ពិពណ៌នា​ខ្លាំង​ណាស់។ ពេល​វេលា​ដែល​ពួក​យើង​បាន​ចំណាយ​ជាមួយ​គ្នា​នៅ​តែ​ជា​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​ក្លា​សម្រាប់​ពួក​យើង​អំឡុង​ពេល​បំពេញ​ភារកិច្ច​នៅ​ក្នុង​ជួរ​ទាហាន។ អរគុណ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ស្រលាញ់ ​អ្នក​ទាំង​អស់​គ្នា"។

ក្រោយ​និយាយ​ចប់ ក្រុម​តារា​ចម្រៀង Big Bang ក៏​បាន​ធ្វើ​ការ​ប្រគំ​បទ "Last Dance" ដែល​ជា​បទ​ចុង​ក្រោយ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ពួក​គេ៕

ប្រភព៖ Allkpop   អត្ថបទ៖ អន សុភក្ត្រា

អត្ថបទពេញនិយម