ម្ដាយ ភីម៉ៃ ​ស្រក់​ទឹក​ភ្នែក​​ក្រោយ​ដឹង​ថា​កូន​សម្ដែង​រឿង​"ធ្មប់​" ​

  • 2018-01-12 08:31:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ម្ដាយ​ ភីម៉ៃ បាន​ស្រក់​ទឹក​ភ្នែក​ក្រោយ​ដឹង​ថា កូន​ប្រុស​ខ្លួន​សម្ដែង​​ជា​តួ​អង្គ​ម្នាក់​ក្នុង​រឿង​ "ធ្មប់​" ​ជា​ស្នាដៃ​ថ្មី​របស់​លោក ហ៊ុយ យ៉ាឡេង ផលិតករ​ក្នុង​រឿង​ "វិកលចរិត​" ។

ជំនួប​​ជាមួយ​ Sabay លោក ភីម៉ៃ ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ថត​រឿង​ "ធ្មប់​" ចប់​ភ្លាម​​ ខ្លួន​បាន​​ប្រញាប់​រូត​រះ​​ទៅ​​សួរ​សុខ​ទុក្ខ​​អ្នក​មាន​គុណ​​នៅ​ឯ​ខេត្ត​មណ្ឌល​គិរី ពេល​ទៅ​ដល់​ភ្លាម​ម្ដាយ​​បាន​សួរ​សំំណួរ១​ មក​កាន់​លោក​​" តើ​កូន​ថត​រឿង​អ្វី​?” ភ្លាម​ៗ​នោះ​ ភីម៉ៃ ក៏​បាន​ឆ្លើយ​តប​ទៅ​ម្ដាយ​វិញ​ថា៖​" ខ្ញុំ​ថត​រឿង​ "ធ្មប់​" ម៉ែ​"។

គ្រាន់​តែ​ឮសម្ដី​កូន​និយាយ​​ថា​ថត​រឿង​​ប្រភេទ​​បែប​នេះ​​ បាន​ធ្វើ​ឲ្យ​ម្ដាយ​ ភីម៉ៃ ​ ស្រក់​ទឹក​ភ្នែក​ច្រោក​​នៅ​លើ​ផែន​ថ្ពាល់​ទាំង​​គូ​តែម្ដង​ ព្រោះ​កាល​ពី​៣០​ឆ្នាំមុន ​ក្រុម​គ្រួសារ​ខ្លួន​ត្រូវ​បាន​អ្នក​ភូមិ​ស្អប់​ខ្ពើម​ មិន​​រាប់​អាន​ ដោយ​សារ​តែ​​ពួក​គេ​គិត​ថា​​​ ជីតារបស់​លោក​ចេះ​អំពើ​​មន្តអាគម​អាបធ្មប់ ធ្វើ​​បាប​អ្នក​ស្រុក​អ្នក​ភូមិ​ឲ្យ​ឈឺ។

តារា​សម្ដែង​មាឌ​យក្ស​រូប​នេះ​និយាយ​ថា​៖ " ម៉ែ​ខ្ញុំ​គាត់​និយាយ​ថា លោក​តា​របស់​ខ្ញុំ​ត្រូវ​គេ​ចោទ​ពេញ​ភូមិ​ថា​ ចេះ​អំពើ​អាប​ធ្មប់​ ហើយ​ខ្ញុំ​និង​បងស្រី​ខ្ញុំ​គ្មាន​អ្នក​ស្ដី​រក​ទេ​។ ដូច្នេះ​ហើយ​ទើប​នឹក​ឃើញ​រឿង​ហ្នឹង​ម្ដង​ៗ​ធ្វើ​ឲ្យ​ម៉ែ​ខ្ញុំ​គាត់​ស្រក់​ទឹក​ភ្នែក​ ព្រោះ​ស្រណោះ​ខ្លួន​ដែល​គេ​ស្អប់​ខ្ពើម​ និង​ចោទ​ប្រកាន់​"។

ភីម៉ៃ ក៏​​​មិន​​ដឹង​ដែរ​ថា​ ជីតារបស់​ខ្លួន​ចេះ​អំពើ​អាប​ធ្មប់​ ព្រោះ​អំឡុង​ពេល​ហ្នឹង​លោក និង​បង​ស្រី​នៅ​តូច។ ​មក​ពី​ធ្លាប់​ជួប​ហេតុការណ៍​បែប​ហ្នឹង​ទើប​​ធ្វើ​ឲ្យ​តារា​សម្ដែង​មាឌ​យក្ស​គិត​ថា​រឿង​ "ធ្មប់​" គឺ​ជា​ភាពយន្ត​មួយ​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​គ្រួសារ​របស់​ខ្លួន​ នា​ពេល​កន្លង​មក​ដែល​ត្រូវ​បាន​អ្នក​ភូមិ​ស្អប់​ខ្ពើម​។

រឿង​ "ធ្មប់​" ​​ជា​ប្រភេទ​រឿង​មួយ​ប្រភេទ​ និយាយ​អំពី​ជីវភាព​ និង​ការ​រស់​នៅ​របស់​បង​ប្អូន​ខ្មែរ​ ក្នុង​សម័យ​​លង្វែក​ ​មាន​ជំនឿ​យ៉ាង​មុតមាំ​​​ទៅ​លើ​រឿង​មន្តអាគម​អាប​ធ្មប់​ ត្រៀម​នឹង​ដាក់​បញ្ចាំង​​នៅ​រោង​ភាព​យន្ត​​ទំនើប​ៗ​ ​​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប​ នៅ​ថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ ២០១៨ នេះ​ហើយ​៕​​​​​​​​​​​​​​​​

ទស្សនា​ Trailer រឿង​ "ធ្មប់​" ខាង​ក្រោម​


អត្ថបទ៖ ឆុង ស៊ីណាន