Wenger៖ តើ​ខ្ញុំ​ធ្លាប់​ដើរចេញ​ពី Arsenal ទេ?

  • 2018-01-13 08:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​និយាយ​ច្បាស់​ៗ​ថា លោក​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​​នៅ​កាំភ្លើង​ធំ និង​គ្មាន​គម្រោង​​​ដើរ​ចេញ​​មុន​កុងត្រា​ដែល​នៅ​សល់​ដល់​ឆ្នាំ​២០១៩​ឡើយ។

ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ Bournemouth នៅ​ថ្ងៃ​អាទិត្យ​នេះ Wenger កំពុង​មាន​សម្ពាធ​ខ្លះ​ៗ​ក្នុង​ខ្លួន ព្រោះ​ពេល​នេះ​ក្រុម​​កំពុង​នៅ​លេខ​៦ ក្នុង​តារាង PL ចាញ់​៥​ពិន្ទុ​ពី​ក្រុម​លេខ​៥ Liverpool។ ពេល​ថ្មី​ៗ​កន្លង​ទៅ Arsenal ក៏​ទើប​តែ​ធ្លាក់​ពី​ពាន FA Cup ក្រោម​ថ្វី​ជើង​ Nottingham Forest ក្រុម​នៅ Championship។

ទោះ​ជា​មាន​សម្ពាធ​ច្រើន​ក្ដី​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​​ដែល​ទើប​ពង្រីក​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ​មុន​​បាន​លើក​ឡើង​ថា លោក​នឹង​នៅ​ជាមួយ Arsenal​ ដល់​អស់​កុងត្រា។ "តើ​ខ្ញុំ​ធ្លាប់​ដើរ​ចេញ​ពី​ក្លឹប​ទេ? ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ។ ខ្ញុំ​តែងតែ​មាន​ការ​ប្ដេជ្ញា​ចិត្ត។ ខ្ញុំ​នៅ​ទៅ​នេះ​២១​ឆ្នាំ​ហើយ។ ខ្ញុំ​តែងតែ​ធ្វើ​ រាល់​ការ​សម្រេច​ផ្ទាល់​​របស់​ខ្ញុំ។ ប្រសិន​ខ្ញុំ​នៅ​ទី​នេះ​១​ ឬ​១០​ឆ្នាំ គឺ​វា​ដូច​តែ​គ្នា​នឹង"។

ការ​ចោទ​ជា​សំនួរ​ទាក់ទង​នឹង​អនាគត​របស់ Wenger និង​ Arsenal ដោយ​សារ​កន្លង​ទៅ​មាន​សារព័ត៌មាន​អ៊ីតាលី​​បាន​ចុះ​ថា Carlo Ancelotti អាច​នឹង​ក្លាយ​ជា​អ្នក​ចាត់​នៅ​ Arsenal ជំនួស​លោក Arsene Wenger នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ