ខ្លោច​ចិត្ត​អាណិត​​​ វង្ស ថាណាន់ សូម្បី​តែ​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខ្លួន​ឯង​ក៏​អត់​ដឹង​ដែរ

  • 2018-01-13 09:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​បុគ្គល​គ្រប់​រូប​តែង​តែ​ដឹង​​ និង​ចង​ចាំ​ជា​និច្ច​នៅ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដែល​ខ្លួន​កើត​មក​ ប៉ុន្តែ​សម្រាប់​ វង្ស ថាណាន់ វិញ​សូម្បី​តែ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខ្លួន​ឯង​ក៏​មិន​ដឹង​ដែរ​។

ហេតុផល​ដែល​ ថាណាន់ មិន​បាន​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ពិត​ប្រាកដ​ខ្លួន​ឯង​ដោយ​សារ​តែ​ លោក​កើត​មក​នៅ​ជាមួយ​ជីដូន​​ជីតា ជា​អ្នក​​មើល​ថែ មិន​មាន​ឪពុក​ម្ដាយ​​ចាំ​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​ទំនុក​បម្រុង​ដូច​ក្មេង​មួយ​ចំនួន​នោះ​ទេ​។ ប៉ុន្តែ​រឹត​តែ​គួរ​ឲ្យ​សង្វេគ​ទៀត​នោះ​រស់​នៅ​ជាមួយ​តាយាយ​​បាន​អាយុ​ ៣ ឆ្នាំ​ប៉ុណ្ណោះ​​​ដោយ​សារ​ជីវភាព​ខ្វះ​ខាត​លោក​ទាំង​ពី​ក៏​បាន​បញ្ជូន​ ថាណាន់ ​ពី​ខេត្ត​កំពង់ចាម​ មក​ឲ្យ​សិក្សា​រៀន​សូត្រ​នៅ​មណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

ធ្វើ​ដំណើរ​មក​ដល់​មណ្ឌល​កំព្រា​នៅ ខេត្ត​កំពង់ស្ពឺ ភ្លាម​​ដើម្បី​បំពេញ​​ប្រវត្តិ​រូប​សុំ​រស់​នៅ​ ពេល​នោះ​ប្រ​ធាន​អ្នក​គ្រប់​គ្រង​មណ្ឌល​បាន​សួរ​ទៅ​លោក​ថា​​​​៖" តើ​ប្អូន​កើត​ថ្ងៃ​ខែ​ឆ្នាំ​ណា​? " ភ្លាម​នោះ ថាណាន់ ក៏​បាន​ឆ្លើយ​តប​​៖"​ខ្ញុំ​អត់​ដឹង​ទេ​"។

វង្ស ថាណាន់ កាល​នៅតូច​

ជាមួយ​​ពាក្យ​សម្ដី​អួល​ដើម​ក​ វង្ស ថាណាន់ បាន​រៀប​រាប់​ថា​៖​" ពេល​ខ្ញុំ​ឆ្លើយ​ថា​​អត់​ដឹង​​អ៊ីចឹង​​អ្នក​គ្រប់​គ្រង​​មណ្ឌល​គាត់​បាន​សួរ​ទៅ​បង​ស្រី​ខ្ញុំ​ដែល​បាន​ជូន​ខ្ញុំ​មក​ តែ​បង​ស្រី​ខ្ញុំ​គាត់​ក៏​អត់​ដឹង​ដែរ​ ទើប​គាត់​សម្រេច​ដាក់​ខែ​ឆ្នាំ​ដែល​អត់​ពិត​ប្រាកដ​ឲ្យ​ខ្ញុំ​​តែ​ម្ដង​ទៅ​នៅ​ថ្ងៃ​ទី ៣ ខែ មីនា ឆ្នាំ ១៩៨៩ ។ ហើយ​អាយុ​ខ្ញុំ​សព្វ​ថ្ងៃ​គឺ​រាប់​តាម​មណ្ឌល​ជា​អ្នក​ដាក់​ឲ្យ​ហ្នឹង​ឯង​។ សួរ​ទៅ​យាយ​ខ្ញុំ​គាត់​ក៏​អត់​ដឹង​ដែរ​ពេល​កើត​ហ្នឹង​អត់​បាន​ចុះ​សំបុត្រ​កំណើត​ផង​បង​"។

នៅ​មណ្ឌល​បាន​អាយុ​ ១៧ ឆ្នាំ​ វង្ស ថាណាន់ ក៏​បាន​ចាក​ចេញ​ពី​មណ្ឌល​ ក្រោយ​ពី​ទទួល​ដំណឹង​ពី​បង​ស្រី​ថា​បាន​រក​ឃើញ​ម្ដាយ​​បង្កើត​។ មក​រស់​នៅ​ជាមួយ​ម្ដាយ​​បែក​គ្នា​រាប់​ឆ្នាំ​បាន​តែ​១​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​​ ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ចោល​​ខ្លួន​ទៀត​។

វង្ស ថាណាន់ រូប​ក្នុង​រង្វង់​មូល​​​ជាមួយ​កុមារ​កំព្រា​ក្នុង​​ខេត្ត​កំពង់​ស្ពឺ​

បន្ទាប់​ពី​ម្ដាយ​ស្លាប់​ចោល​ទៅ​ ថាណាន់ ក៏​មក​រក​ការ​ងារ​ធ្វើ​នៅ​ភោជនីយដ្ឋាន​មួយ​​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ជា​​បុគ្គលិក​​រត់​តុ​។ ដោយ​សារ​តែ​មាន​សំឡេង​ពីរោះ​រត់​តុ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​លោក ត្រូវ​បាន​ម្ចាស់​ហាង​​ឈប់​ឲ្យ​រត់​តុ​មក​ធ្វើ​ជា​អ្នក​ចម្រៀង​វិញ​។ ក្លាយ​ជា​អ្នក​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​បាន​ប្រហែល​ ២ ឆ្នាំ​​ចាប់​ផ្ដើម​មាន​គំនិត​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯ​ង​គឺ​បទ​ "ខ្លាច​បាត់​អូន​" “សុំ​ចិត្ត​" និង​បទ​ "សុំទោស​ដែល​ឲ្យ​អូន​ចាំ​" ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​​ខ្លាំង​ពី​​មហា​ជន​។

ចេញ​បទ​ចម្រៀង​ខ្លួន​ឯង​បាន​តែ​ ៣ បទ​ប៉ុណ្ណោះ​ ថាណាន់ ក៏​បាន​ដាក់​ពាក្យ​ប្រលង​ចម្រៀង​ក្នុង​កម្មវិធី​ Cambodian Idol ​រដូវ​កាល​ទី​៣​កាល​ពី​យប់​មិញ​ក្នុង​វគ្គ​ Judge Audition  ទទួល​បាន​ពិន្ទុ​ពី​គណៈកម្មការ​ទៅ​វគ្គ​បន្ត​ទៀត​៕​​​​

​​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់ឲ្យ​