មាន សូនីតា ជឿថា ក្រមាខ្មែរ នឹងបំបែកឯតទគ្គកម្មពិភពលោក
- 2018-01-14 04:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន សូនីតា ជឿថា ក្រមាខ្មែរ នឹងបំបែកឯតទគ្គកម្មពិភពលោក
ចន្លោះមិនឃើញ
នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ នៅវាលព្រះមេរុ រាជធានីភ្នំពេញក្រុមការងារចលនា GoGoCambodia នឹងមានរៀបចំព្រឹត្តិការដ៏អស្ចារ្យមួយ គឺការត្បាញក្រមាយ៉ាងតិច១,០០០ម៉ែត្រ ដើម្បីបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលកម្មវិធីមួយនេះ និងបើកឲ្យមហាជនចូលរួម ក្នុងជួយត្បាញក្រមានេះដោយសេរី។
តារាស្រីមាន សូនីតា ដែលមហាជនដាក់ងារថាជារាជិនីក្រមា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ហើយនាងជឿជាក់ថា ក្រមាខ្មែរច្បាស់ជា បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក តាមការគ្រោងទុកជាក់ជាមិនខាន។
តារាស្រីរូបនេះបានលើកឡើងថា កន្លងមកនាងមិនដែលនឹកស្មានថា ក្រមាខ្មែរអាចក្លាយទៅជា វត្ថុដែលអាច បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដោយកន្លងមក នាងគ្រាន់តែចង់ចូលរួមអភិរក្ស មរតកដូនតាមួយនេះឲ្យនៅគងវង់ ជាពិសេសឲ្យកូនខ្មែរជំនាន់ក្រោយនៅតែបន្តប្រើប្រាស់កុំឲ្យបាត់បង់ប៉ុណ្ណោះ ប៉ុន្តែនៅពេល ក្រុមការងារចលនា GoGoCambodia រៀបចំព្រឹត្តិការ ដ៏អស្ចារ្យ ដើម្បីឲ្យក្រមា អាចបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោកបែបនេះ គឺនាង ពិតជាមោទនភាព មិននឹកស្មានដល់ឡើយ។
"កន្លងកខ្ញុំគ្រាន់តែចង់ឲ្យក្រមាមានទីផ្សារ មិនចង់ឲ្យក្រមាបាត់បង់ទេ ឲ្យបងបង្អូនអ្នកត្បាញមានការងារ តែពេលនេះ ក្រមាយើង អាចបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោកបែបនេះទៀត កាន់តែល្បីហើយ។ ខ្ញុំមិននឹកស្មានទេ ខ្ញុំពិតជាភ្ញាក់ភ្ញាក់ផ្អើល" ។ មាន សូនីតា រៀបរាប់។
តាមការលើកឡើង កញ្ញា មាន សូនីតា បានធ្វើកិច្ចការជាមួយក្រមា ជិត៣ឆ្នាំមកហើយ បន្ទាប់ពីនាងសម្លឹងឃើញថា មរតកដូនតាមួយនេះ ហាក់ដូចមិនសូវមានប្រជាជនប្រើ ដូចកាលពីសម័យដើម។ ជាមួយគ្នាកិច្ចការនេះ មាន សូនីតា ត្រូវបានមហាជនដាក់ងារថា ជារាជិនីក្រមា ។ ទទឹមនោះដែរនាងក៏មានហាងលក់ក្រមាជាច្រើនកន្លែង ហើយមានឆន្ទៈពង្រីកហាង របស់នាងនៅតាមបណ្ដាខេត្តមួយចំនួនផងដែរ។
បែបនេះក្ដី តារាស្រីរូបនេះបញ្ជាក់ថា ការបើកជំនួញក្រមានេះ មិនសម្លឹងតែលើប្រាក់ចំណេញមួយមុខឡើយ អ្វីដែលនាងធ្វើ ដូចបានលើកឡើងខាងលើ គឺដើម្បី អភិរក្ស និងធ្វើយ៉ាងឲ្យក្រមាមានទីផ្សារប៉ុណ្ណោះ។ ម្យ៉ាងដើម្បីឲ្យអ្នកត្បាញមានការងារធ្វើ ជាពិសេសស្រីៗតែម្ដង។
ជាមួយព្រឹត្តិការដ៏អស្ចារ្យមួយ គឺត្បាញក្រមាដើម្បីបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក នេះ មាន សូនីតា បានស្នើឲ្យមហាជនចូលរួមឲ្យបានច្រើន ក្នុងនោះដែរនាងបានប្ដេជ្ញាថា នឹងចូលរួមឲ្យឲ្យអាក់ខានឡើយ។
តាមការឲ្យដឹងពីលោកបណ្ឌិត សាន វឌ្ឍនា ប្រធានក្រុមចលនា GoGoCambodia យុទ្ធនាការក្រមា «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» នេះ មហាជនទាំងអស់ គឺជាអ្នកបំបែកកំណត់ត្រាថ្មីមួយនេះ ផ្ទាល់ដៃ ដោយកម្មវិធីបានបើកឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសជនពិការចូលរួមត្បាញដោយសេរី ។
អ្នកមិនចេះត្បាញ ក៏អាចត្បាញបានដែរ ព្រោះក្រុមរបស់លោកបានរៀបចំ ជាងត្បាញជំនាញៗ ចាំបង្ហាញជូនក្នុងការចូលរួមត្បាញនេះ។ ជាមួយគ្នានោះ ប្រសិនបើពួកគាត់ មិនចូលតម្បាញគ្រាន់តែមកទស្សនា ហើយថតរូបសែលហ្វីលេងក៏ មានន័យថា អ្នកទាំងនោះបានចូលរួមក្នុងយុទ្ធនានេះផងដែរ។
យុទ្ធនាការ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ធ្វើឡើងក្នុងគោលបំណង៣ធំៗ៖
១/ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅឆាកអន្តរជាតិ តាមរយៈការបង្កើតស្នាដៃថ្មីមួយដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
២/ បង្កើតបរិយាកាសពីប្រជាពលរដ្ឋទាំងអស់ដើម្បីចូលរួមថែរក្សា និងលើកស្ទួយមរតកវប្បធម៌ខ្មែរ។
៣/ ជម្រុញសាមគ្គីភាព និងឯកភាពជាតិ ក្រោមដំបូលនៃ ការរួបរួមនៃការបង្កើតស្នាដៃដ៏ធំមួយសម្រាប់ប្រទេសជាតិ៕