អីយ៉ា! Park Seo Joon ឆក់​យក​បេះ​ដូង​នារី​ៗ​ដល់​អេស្ប៉ាញ

  • 2018-01-15 02:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​ដ៏​ស្រស់​សង្ហា​របស់​តារា​ប្រចាំ​ប្រទេស​កូរ៉េ​កំពុង​តែ​មាន​ការ​ពេញ​និយម​ជុំវិញ​ពិភពលោក។ ជាក់​ស្ដែង នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​កម្មវិធី Youn’s Kitchen 2 របស់​ទូរទស្សន៍  tvN តារា​សម្ដែង Park Seo Joon និង Lee Seo Jin បាន​​ដើរ​តួ​ជា​​បុគ្គលិក​បម្រើ​សេវាកម្ម​​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ប្រទេស​អេស្ប៉ាញ។

នៅ​ពេល​ដែល​គូ​ស្នេហ៍​ជន​ជាតិ​រុស្សី​មួយ​គូ​បាន​អង្គុយ​ចុះ​ដើម្បី​កុម្ម៉ង់​អាហារ​នោះ ពួក​គេ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​រូប​រាង​ដ៏​ស្រស់​សង្ហា​របស់​អ្នក​បម្រើ​​ Lee Seo Jin ដែល​មិន​បាន​ចាប់​អារម្មណ៍​ថា​លោក​គឺ​ជា​តារា​សម្ដែង​នោះ​ទេ។

ក្រោយ​មក​អ្នក​ទេសចរ​ស្រី​រូប​នោះ​បាន​បន្ត​មើល​ជុំវិញ​ភោជនីយដ្ឋាន ភ្នែក​របស់​នាង​ក៏​បាន​ប្រទះ​នឹង​តារា​សម្ដែង Park Seo Joon ដែល​កំពុង​តែ​បង្ហាញ​ស្នាម​ញញឹម​ទៅ​កាន់​អតិថិជន​របស់​លោក។

អតិថិជន​របស់​កម្មវិធី Youn’s Kitchen 2 បាន​និយាយ​ថា៖ "Wow! មើល​គាត់​ទៅ រូប​រាង​ ទឹក​មុខ​របស់​គាត់​ពិត​ជា​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​គិត​ថា​មនុស្ស​ប្រុស​ជន​ជាតិ​កូរ៉េ​ ជា​ទូទៅ​ពិត​ជា​សង្ហា​ណាស់"។

ជា​ធម្មតា អ្នក​ជំនួញ​ដែល​មាន​ការ​វិនិច្ឆ័យ​ខ្ពស់ ពួក​គេ​ពិត​ជា​ជ្រើស​យក​បុគ្គលិក​ណា​ដែល​មាន​រូប​រាង​ និង​មុខ​មាត់​ដូច Park Seo Joon ឲ្យ​មក​ធ្វើ​ការ​ក្នុង​ភោជនីយដ្ឋាន​របស់​ពួកគេ។ តារា​សម្ដែង Park Seo Joonតម្រូវ​ឲ្យ​នៅ​ឈរ​នៅ​ពី​មុខ​ហាង​ដើម្បី​ទាក់​ចិត្ត​អតិថិជន​ឲ្យ​ចូល​​មក​ក្នុង​ភោជនីយដ្ឋាន។

កម្មវិធី Youn’s Kitchen 2 គឺ​ជា​កម្មវិធី​ទូរទស្សន៍​របស់​កូរ៉េ​មួយ​ដែល​តារា​ល្បី​ៗ​បម្រើ​ការ​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​នៅ​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​វប្បធម៌ និង​អាហារ​របស់​ខ្លួន​ទៅ​កាន់​ជន​បរទេស។ ក្នុង​រដូវ​កាល​ទី​១ ពួក​គេ​បាន​បើក​ភោជនីយដ្ឋាន​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​ក្នុង​រដូវ​កាល​ទី​២​នេះ ពួក​គេ​បាន​បើក​នៅ​ទីក្រុង Garachico ប្រទេស​អេស្ប៉ាញ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា