អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​បុរាណ​ប្រឈម​មុខ​ខ្លាំង​ ព្រោះ​គ្មាន​អ្នក​ឧបត្ថម្ភ

  • 2018-01-15 03:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀបចំ​កម្ម​វិធី​សិល្បៈ​ម្តង​ៗ​មិន​មែន​ជា​រឿង​ងាយទេ​​ ជាពិសេស​ការ​រៀប​ចំ​កម្ម​វិធី​សិល្បៈ​បុរាណ​ ដែល​ពិបាក​ខ្លាំង​ក្នុង​ការ​រក​គាំទ្រ​ឧបត្ថម្ភ​ ។

អ្នក​ស្រលាញ់សិល្បៈ​បុរាណ​លោក នួន​ ឆៃ​​ឡូត​ ដែល​រៀប​ចំ​កម្ម​វិធី​ព្រះ​គុណ​គ្រូ​ល្ខោន​ខោល​លើក​ទី​ ២ ​ទើប​តែ​បញ្ចប់​ក្នុង​ពេល​ថ្មី​នេះ ប្រាប់​ Sabay ថា​ ពិបាក​រក​អ្នក​​ឧបត្ថម្ភ​ខ្លាំង​ណាស់​សម្រាប់​ការ​គាំទ្រ​សិល្បៈ​បុរាណ​ក្នុង​ការ​រប​ចំ​កម្មវិធី​​ លក្ខណៈ​វប្បធម៌​​នេះ។ លោក​បន្ត​ថា​នៅ​ពេល​ដាក់​លិខិត​ទៅ​តាម​ស្ថាប័ន​អង្គការ​មួយ​ចំនួន គេ​បាន​ត្រឹម​តែ​ឲ្យ​ផ្ញើ​ឯក​សារ​ទុក​តែ​ប៉ុណ្ណោះ ហើយ​តែង​រង់ចាំដោយ​សង្ឃឹម​ថា​គេ​នឹងង​អាច​ជួយ​ឧបត្ថម្ភ​កម្មវិធី​ដែរ​ ចុងក្រោយ​គឺ​បាន​តែ​ចាំ​ស្កក។

លោក នួន​ ឆៃ​​ឡូត​ឲ្យដឹងថា « ការ​ពិត​កន្លង​មក​ខ្ញុំ​ធ្លាប់​រៀប​ចំ​កម្ម​វិធី​នេះ​២ ដង​ម​ក​ហើយ​។ លើក​ទី​មួយ​គេ​ក៏​បាន​ទៅ​ស្នើ​តាម​ក្រុម​ហ៊ុន​ជាច្រើន​ដែរ​ ប៉ុន្តែ​ពេល​ដាក់​គម្រោង​ទៅ​ គឺ​គេ​ស្នើ​ឲ្យ​​រៀប​ចំ​កម្មវិធី​បែប​គេ​ តែ​បើ​តាម​ធ្វើ​គេ​វា​អាច​ខុស​នឹង​អ្វី​ដែល​ជា​លក្ខណៈ​ខ្មែរ​បុរាណ ​យើង​មិន​អាច​សម្រប​តាម​បានទេ! ពេលនោះ​ហើយ​គឺ​គ្មាន​អ្នក​ឧបត្ថម​តម្ដង​»។

​​​​​​​​​​ទោះជា​យ៉ាង​ណា​អ្នក​សិល្បៈ​បុរាណ​រូប​នេះ​ បញ្ជាក់​ថា​ក្រោយ​ពី​រៀប​ចំ​កម្មវិធី​កាល​ពី​ចុង​ឆ្នាំ​២០១៧លោក​នៅ​ជាប់បំណុល​គេ​ ប្រមាណ ២ ០០០ដុល្លារទៀត​ ដែល​ត្រូវ​ទទួល​បន្ទុក។ ពេលនេះ​លោក​មាន​តែ​ធ្វើ​ការ​ងារ​ និង​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន​សង​គេ​តែ​ប៉ុណ្ណោះ។​

អ្នក​បូជា​កម្លាំង​កាយ​ចិត្ត​សម្រាប់​សិល្បៈ​បុរាណ​ម្នាក់​ទៀត លោក ស៊ុប ស័ក្ខរា ដែល​ជា​អ្នក​ផ្ដួច​ផ្តើម​​គំនិត​រៀប​ចំ​បុណ្យ​បេតិកភណ្ឌ៣ឆ្នាំ​ជាប់​គ្នា​កំពុង​ប្រកាស​លក់​ឡៃឡុង​ពី​ឧបករណ៍ ខ្មែរ​បុរាណ​ដើម្បី​ដោះ​បំណុល​។ ​​លោក​បាន​​​ និយាយ​ពី​ការ​លំបាក​ខ្លួនប្រាប់ Sabay ថា លោក​បាន​ប្រកាស​លក់ ស្បែក​រនាត​ ស្គរ​ ដើម្បី​ដោះ​បំណុល ហើយ​ក៏​មាន​អ្នក​ជួយ​ទិញ​ខ្លះ​ហើយ​។ ចំណែក​ឯ​បំណុល​មាន​​ជាង​៣ ០០០ដុល្លារ​ឯណោះ។ ការ​ជំពាក់​បំណុល​នេះ​ក៏​ដោយ​សារ​តែគ្មាន​អ្នកឧបត្ថម្ភ​កម្ម​វិធី​នេះ​ដែរ។

លោក ស៊ុប ស័ក្ខរា

ជុំ​វិញ​បញ្ហា​នេះ​ឯកឧត្ដម ថៃ នរៈ​សត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ។ លោក​ក៏​សំណូមពរ​ឲ្យ​​ម្ចាស់​ក្រុម​ហ៊ុន​សហគ្រាស​ ចូល​រួម​គាំទ្រ​ឲ្យ​បាន​ច្រើន​ចំពោះ​សកម្ម​ភាព​សិល្បៈ​បុរាណ ខ្មែរ ព្រោះ​ជា​ព្រលឹង​ជាតិ។ ​« ក្មួយ ពូចង់​ឲ្យ​តែមាន​អ្នក​ឧបតម្ភ​សិល្បៈ​បុរាណ​ឲ្យបាន​ច្រើន ទេ ដូច្នេះ​ហើយ​ សូម​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន​ដែល​ឧបត្ថម្ភ​ក្នុង​កម្ម​វិធី សិល្បៈ​បុរាណ​ផង​ ! សូម​កុំ​ចាប់​អារម្មណ៍​តែ​សម័យ​។ សិល្បៈ​បុរាណ​យើង​គឺជា​អត្តសញ្ញាណ​ជាតិ​យើង» ​ឯកឧត្ដម ថៃ នរៈ​សត្យា បន្ថែម។

តាម​ការ​អង្កេត​មើល​កម្ម​វិធី​សិល្បៈ​បុរាណ​មិនសូវ​ ប្រារព្វឡើង​បាន​ញឹក​ញាប់​ដូចសិល្បៈ​សម័យ​ទេ ទោះ​នៅ​តាម​កញ្ចក់ទូរទស្សន៍ ​និង​តាម​សាធារណៈ​ក៏ដោយ​។ ​ប្រៀប​ធៀប​គ្នា​រវាង​ការ​ចូល​រួម​ទស្សនា​​ក្នុង​កម្មវិធី​ទាំង​ពីរ​នេះ​ ក៏​សិល្បៈ​បុរាណ​ខ្មែរ​ នៅ​មាន​ចំនួន​តិចជាង​សិល្បៈ​ សម័យ​នៅ​ឡើយ​ដែរ។ បើ​និយាយ​ពី​អ្នក​ជំនួញ​ ច្បាស់​ណាស់​គេ​ប្រាកដ​​ជា​​មើល​ទៅលើ​ការ​ចូល​ចិត្ត​របស់​ក្រុម​គោល​ដៅ​ ថា​ស្រលាញ់​ការកម្សាន្ត​បែប​ណា​? ពេល​នោះ​គេ​នឹង​ដាក់​ឲ្យ​រៀប​​ចំ​ឧបត្ថម្ភ​ឲ្យ​ចំ​គោល​ដៅ​ដើម្បី​ ជា​ការ​ផ្សព្វផ្សាយ​​​របស់​ពួក​គេ៕​​​​

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម