ក្រុមហ៊ុន​ឱសថ​ធំ​របស់​បារាំង Sanofi ដំណើរ​ការ​នៅ​កម្ពុជាអស់ ២៥ ឆ្នាំ រក​បាន​រាប់​លាន​ដុល្លារ

  • 2018-01-15 05:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ឱសថ​បារាំង សាណូហ្វី​កម្ពុជា (Sanofi Cambodia) បាន​​ប្រារព្ធ​​ខួប ២៥ ឆ្នាំ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ១២ មករា សប្ដាហ៍​មុន។

ក្រុមហ៊ុន​ឱសថ​របស់​បារាំង និង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​ធំ​ជាងគេ​របស់​ពិភព​លោក​មួយ​នេះ បាន​ដំណើរ​ការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ តាម​រយៈ​ការិយាល័យ​តំណាង Roussel Uclaf ហើយ​ក្រោយ​មក ក្លាយ​ជា​ក្រុមហ៊ុន សាណូហ្វី (កម្ពុជា) នៅ​ថ្ងៃ​ទី​២៦ មេសា ២០១២។

"ជា​ក្រុមហ៊ុន​ថែទាំ​សុខភាព​នាំ​មុខ​គេ​នៅកម្ពុជា បេសកម្ម​យើង គឺ​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដល់​ជីវិត​របស់​នៅ​​របស់​ប្រជាជន​កម្ពុជា ១៦ លាន​នាក់ ដោយ​បន្ត​បង្កើន​លទ្ធភាព​ប្រើ​ប្រាស់​វេជ្ជសាស្ត្រ និង​សេវាកម្ម​សុខភាព​ឲ្យ​បាន​គ្រប់​គ្រាន់​។ ២៥​ ឆ្នាំ​មក​នេះ យើង​បាន​បង្ហាញ​ផលិត​ផល និង​សេវាកម្ម​​តាម​បណ្តា​ខេត្ត-ទីក្រុង ហើយ​មាន​តួនាទី​រឹងមាំ​ក្នុង​ទីផ្សារ​កម្ពុជា"។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) នាយក​គ្រប់​គ្រង​សាណូហ្វី​កម្ពុជា។

ក្រុមហ៊ុន​ដែល​នាំ​មុខ​ផ្នែក​ឱសថសាស្ត្រ​មួយ​នេះ ជា​ដៃគូ​ចម្បង​ជា​មួយ​ក្រុម​វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ដៃគូ​ប្រជែង ដោយ​មាន​ផលិត​ផល​ឱសថ/គ្រឿង​សម្អាង​ជាង ៨០ មុខ និង​ថ្នាំ​បង្ការ ២០ មុខ។ ក្រុមហ៊ុន​បាន​លើក​កម្ពស់​ដំណោះ​ស្រាយ​ថែរក្សា​សុខភាព ព្រម​ទាំង​ការ​ព្យាបាល ដោយ​នាំ​យក​ផលិត​ផល​ច្នៃប្រឌិត​ថ្មី​ដែល​ត្រូវ​នឹង​តម្រូវ​ការ​ទីផ្សារ។ ក្រុមហ៊ុន​មាន​ផលិតផល​ចម្រុះ​បំផុត រាប់​ចាប់​ពី​ Ethical, Consumer Healthcare និង Vaccine business។

អ្នកស្រី​បន្ត​ថា៖ "យើង​បាន​បង្កើត​ចំណូល​ឲ្យ​ក្រុមហ៊ុន​រហូត​ដល់ ២០ លាន​ដុល្លារ ជាមួយ​បុគ្គលិក ១១០ នាក់​ដែល​មាន​ជំនាញ​រឹងមាំ។ ធនធាន​មនុស្ស​ជា​ផ្នែក​ធំ​បំផុត​សម្រាប់​ភាព​ជោគជ័យ ២៥ ឆ្នាំ​មក​នេះ និង​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំ​ផុត​សម្រាប់​ក្រុមហ៊ុន"។

ក្រៅ​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​ជា​ច្រើន ក្នុង​នោះ​មាន ការ​បរិច្ចាគ​ឈាម យុទ្ធនាការ​អប់រំ ការ​ប្រមូល​ថវិកា ការ​ឧបត្ថម្ភ បង្កើត​ព្រឹត្តិការណ៍​តូច​ធំ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចាប់​ពី ១ លាន​ដុល្លារ​ឡើង៕

ដោយ៖ សុផាត