រឿងអាស្រូវ​ផលិតផល​ម្សៅ​ទឹកដោះ​កូនក្មេង​របស់​បារាំង ផ្ទុក​បាក់តេរី Salmonella ​ប៉ះពាល់​ប្រទេស​ចំនួន ៨៣

  • 2018-01-15 09:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សៅ​ទឹកដោះគោ​កូនក្មេង​ជាង ១២ លាន​ប្រអប់​ត្រូវបាន​ប្រមូល​មកវិញ​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ៨៣ ក្នុង​រឿងអាស្រូវ​បាក់តេរី​ឈ្មោះ Salmonella ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បារាំង Lactalis​។

លោក អេ​ម៉ា​នូ​អែល បេ​ស្នៀ (Emmanuel Besnier) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទឹកដោះគោ​នេះ​បាន​ចេញ​មក​បញ្ជាក់​អំពី​វិសាលភាព​ហានិភ័យ ​នៃ​ការ​ចម្លង​រោគ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​។​

​ផលិតផល​ទាំងនោះ​ត្រូវ​បាន​ប្រមូល​មកវិញ ចាប់​តាំង​ពី​ខែ​ធ្នូ បន្ទាប់ពី​បាក់តេរី Salmonella ត្រូវ​បាន​រក​ឃើញ​នៅ​រោងចក្រ​មួយ​។​ ​បណ្ដឹង​ទាមទារ​សំណង​ត្រូវ​បាន​ធ្វើឡើង​ដោយ​ឪពុក ម្តាយ​ជាច្រើន ដែល​និយាយ​ថា កូនៗ​របស់​ពួកគេ​មិន​ស្រួលខ្លួន បន្ទាប់ពី​បៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន Lactalis​។​

ម្សៅ​ទឹកដោះគោ​ម៉ាក Picot, Milumel និង Taranis របស់​ក្រុមហ៊ុន Lactalis ត្រូវបាន​ហៅ​ប្រមូល​មកវិញ ៣ ដង​រួចមកហើយ

​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ថា គ្រប់​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​បាន​ជូនដំណឹង​នៅ​អឺរ៉ុប អាស៊ី អាមេរិក​ឡា​ទីន និង​អាហ្វ្រិក​។ លោក​បាន​បន្ថែម​ថា ចក្រភព​អង់គ្លេស អាមេរិក និង​អូស្ត្រាលី​មិន​រង​ផល​ប៉ះពាល់​ទេ​។​

​ក្រុមហ៊ុន Lactalis គឺជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ធំ​បំផុត​មួយ​លើ​ពិភពលោក ជាមួយ​នឹង​ការ​លក់​ប្រចាំ​ឆ្នាំ​ចំនួន ២១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ផលិតកម្ម​ចំនួន ២៤៦ កន្លែង​នៅ​ក្នុង​ប្រទេស​ចំនួន ៤៧ និង​មាន​បុគ្គលិក ១៥ ០០០ នាក់​តែ​ក្នុង​ប្រទេស​បារាំង​។​

​ការ​ប្រមូល​ត្រឡប់មកវិញ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ចំនួន ៣ ដង​ហើយៗ​គ្របដណ្ដប់​លើ​យីហោ​ម៉ាក Picot, Milumel និង Taranis៕

ប្រភព៖ រស្មីកម្ពុជា   អត្ថបទ៖ កញ្ញាដាលីស