ទី​បំផុត ហាក់​រក​ឃើញ​អ្នក​ឈ្នះ ក្នុង​សង្គ្រាម​ដណ្ដើម​យក Sanchez

  • 2018-01-15 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ក្ដៅ​គគុក​ដែល​ថា ក្លឹប Manchester United និង Manchester City កំពុង​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​តាម​ទិញ Alexis Sanchez ពី Arsenal។ ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ថ្ងៃ​នេះ ​មាន​របាយការណ៍​ជា​ច្រើន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ល្បីៗ ដែល​ថា ក្លឹប Manchester City បាន​ដក​ខ្លួន​ចេញ​ពី​សង្គ្រាម​ដេញ​ថ្លៃ​នេះ​ ហើយSanchez អាច​នឹង​ចាក​ចេញ​ពី Arsenal ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Manchester Unitedនា​ពេល​ដ៏​ឆាប់​ខាង​មុខ។

យោង​តាម​សារព័ត៌មាន Goal, Metro និង BBC សុទ្ធ​តែ​បាន​អះអាង​ថា ក្លឹប Manchester City បាន​ដក​ខ្លួន​ពី​ការ​ប្រជែង​យក​កីឡាករ​ Sanchez ហើយ ដោយ​ក្លឹប​មិន​មាន​បំណង​ចំណាយ​តាម​ការ​ទាមទារ​របស់​ Arsenal ដែល​ចង់​បាន​តម្លៃ​ផ្ទេរ ៣៥​លាន​ផោន។

ដោយ​ឡែក Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ដូច​ក្លឹប​រួម​ក្រុង​ខ្លួន​ឡើយ ពោល​គឺ​ក្លឹប​មួយ​នេះ ហ៊ាន​ចាយ​លើ​ការ​ផ្ទេរ​មួយ​នេះ។ បើ​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ក្លឹប​ Manchester United ហ៊ាន​ចំណាយ​ ៣៥​លាន​ផោន តាម​ការ​ទារ​របស់​ Arsenal ដើម្បី​ធ្វើ​ការ​នាំ​ខ្សែ​ប្រយុទ្ធ Alexis Sanchez ទៅ​លេង​នៅ Old Trafford។ បន្ថែម​ពី​លើ​នេះ បើ​យោង​តាម Metro ក្លឹប​បិសាច​ក្រហម​ហ៊ាន​ទាំង​ឲ្យ​ប្រាក់​ឈ្នួល Sanchez ដល់​ទៅ ៤០ម៊ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​អន្ទង​កីឡាករ​ជាតិ​ស៊ីលី​រូប​នេះ​ឲ្យ​មក​ចូល​រួម​ជាមួយ​ខ្លួន។

លើស​ពី​នេះ របាយការណ៍​ទាំង​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​​អ្នក​ចាត់​ការ Arsenal លោក Arsene Wenger បាន​និយាយ​ថា អនាគត​របស់ Sanchez ក្នុង​ការ​នៅ ឬ​ចេញ​ពី​ក្លឹប នឹង​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​នៅ​រយៈ​ពេល​ ៤៨​ម៉ោង​ទៀត។ ការណ៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ ពាក្យ​ចចាមអារ៉ាម​ដែល​ថា Sanchez នឹង​ចូល​រួម Manchester United រឹត​តែ​ឆាប​ឆួល​ថែម​ទៀត៕

ប្រភព៖ BBC | Metro | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី