Mourinho បញ្ជាក់​ច្បាស់ៗ​ជា​ថ្មី រឿង​តួ​នាទី​របស់ Zlatan នៅ​ Man Utd

  • 2018-01-15 14:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ Zlatan Ibrahimovic នៅ​តែ​មាន​តួនាទី​សំខាន់​នៅ​ក្លឹប​បិសាច​ក្រហម Manchester United។ នេះ​បើ​ទោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ហាក់​មិន​ទាន់​ស្បើយ​ពេញលេញពី​របួស​ជង្គង់​របស់​ខ្លួន​នៅ​ឡើយ ក្នុង​រដូវ​កាល​នេះ។

លោក Mourinho បាន​ថ្លែង​ប្រាប់​ Sky Sports ថា៖ "ខ្ញុំ​យល់​ថា Zlatan ក៏​ដឹង​ខ្លួន​ដែរ​ថា គេ​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​អាជីព​របស់​គេ។ បើ​ទោះ​ជា​អ៊ីចឹង​ក្ដី សុបិន​ និង​ការ​ប្រឹងប្រែង​របស់​គេ​ក្នុង​ការ​បញ្ចប់​អាជីព​នៅ Manchester United មាន​ប្រយោជន៍​ណាស់​ខ្ញុំ​ក៏​ដូច​ជា​ក្រុម​ទាំង​មូល"។

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បន្ត៖ "បើ​តាម​គំនិត​ខ្ញុំ គេ​នៅ​តែ​មាននាទីជា​មេដឹកនាំ​មួយ​រូប​ក្នុង​ក្រុម​ ទាំង​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត។ គេ​នៅ​តែ​ជា​កីឡាករ​ដ៏​ល្អ​ចំពោះ​ខ្ញុំ"។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ហាក់​មិន​ទាន់​ជា​សះ​ស្បើយ​ពេញ​លេញ​ពី​របួស​ជង្គង់​របស់​ខ្លួន ដែល​ខ្លួន​បាន​ជួប​ប្រទះ​កាលពី​ខែ​មេសា​ឆ្នាំ​ទៅ។ បើ​ទោះ​ជា​បាន​លេង​បាន​ប៉ុន្មាន​ប្រកួត​ក្នុង​រដូវ​កាល​នេះ និង​ស៊ុត​ចូល​បាន ១​គ្រាប់ ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ​បាន​រង​របួស​ជា​ថ្មី​កាល​ពី​ចុង​ខែ​ធ្នូ ហើយ​អាច​នឹង​អវត្តមាន​រហូត​ដល់​ខែ​កុម្ភៈ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី