ស្គាល់​ជំងឺ​គេង​មិន​ដក​ដង្ហើម​ច្បាស់​ទើប​ដឹង​ថា ប៉ះ​ពាល់​ធ្ងន់​ប៉ុណ្ណា​ដល់​សុខភាព

  • 2018-01-16 05:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"គេង​មិន​ដក​ដង្ហើម​កើត​ឡើង​ដោយ​សារ​សាច់ដុំ​បំពង់​ក​សម្រាក ជា​ជំងឺ​ដែល​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត និង​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​តាម​ដាន​ឲ្យ​បាន​ត្រឹមត្រូវ"។ នេះ​ជា​សម្ដី​លោកNguyen Truong Khuong វេជ្ជបណ្ឌិត​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ប្រចាំ​មន្ទីរពេទ្យ FV និយាយ​ក្នុង​កម្មវិធី​បទ​ឧទ្ទេសនាម​ស្ដី​ពី "ជំងឺ​គេង​មិន​ដក​ដង្ហើម" កាល​ពី​ថ្ងៃ​ទី១៣ មករា។

ផល​លំបាក​នៃ​ជំងឺ​នេះ រួមមាន បញ្ហា​បេះដូង (គាំង​បេះដូង) ជំងឺ​ដាច់​សរសៃ​ខួរក្បាល ឬ​ស្ត្រូក ជំងឺ​លើស​សម្ពាធ​ឈាម បញ្ហា​ប្រព័ន្ធ​ចងចាំ ការ​កើន​ឡើង​នៃ​អាំងសូលីន​រ៉េស៊ីស្តង់​ក្នុង​ឈាម (ទោះ​មិនមែន​ជា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ក៏​ដោយ) និង​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។

ជំងឺ​ដែល​បាន​កំណត់​និយម​ន័យ​ដោយ​សាលា​វេជ្ជសាស្ត្រ​អាមេរិក​ផ្នែក​គេង ( American Academy of Sleep Medicine) ថា​ជា​ការ​ឈប់​ដើរ​នៃ​ចង្វាក់​ដង្ហើម​យ៉ាង​តិច​១០​វិនាទី ហើយ​ការ​គាំង​ដង្ហើម​នេះ អាច​មាន​រយៈពេល ៣០វិនាទី ឬ​យូរ​ជាង​នេះ មាន​រោគ​សញ្ញា​ដូចជា​ការ​ស្រមុក​ឮៗ​ជាប់ ថប់ដង្ហើម ឬ​ដង្ហក់ ដេក​រសាប់រសល់ ងងុយដេក​ពេល​ថ្ងៃ ឈឺក្បាល​ពេល​ព្រលឹម និង​អារម្មណ៍​មិន​មូល​នៅ​ពេល​ថ្ងៃ។

វេជ្ជបណ្ឌិត Nguyenបាន​លើក​ឡើង​ពី​វិធី​ការពារ​ផ្សេងៗ​ដូចជា ការ​ឈប់​ជក់​បារី ឈប់​ពិសា​គ្រឿង​ស្រវឹង ពិសា​ថ្នាំ​ជំនួយ​ដំណេក និង​ថ្នាំ​រំងាប់​ផ្លូវ​អារម្មណ៍ ព្រម​ទាំង​ចៀស​វាង​បញ្ហា​គេង​មិន​ឆ្អែត ហើយ​អ្នក​ជំងឺ​ ក៏​អាច​ប្រើ​ឧបករណ៍​ពាក់​បើក​ខ្យល់​ច្រមុះ ទឹក​សាលីន​លាង​ច្រមុះ ឬ​បន្ទះ​ពាក់​បើក​រន្ធ​ច្រមុះ​ដើម្បី​ជំនួយ។

គ្រូពេទ្យ​ប្រចាំ​ពេទ្យ​នៅ​កណ្ដាល​ទៅ​ក្រុង​ហូជីមិញ​ខាង​លើ បាន​បន្ថែម​ថា ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​គេង​មិន​ដកដង្ហើម​ធ្ងន់ធ្ងរ គឺ​ច្រមុះ​បន្ត​សម្ពាធ​ខ្យល់​ត្រឹមត្រូវ (CPAP) ដែល​បាន​ក្លាយ​ជា​បទដ្ឋាន​ថែទាំ​សំខាន់​តាំង​ពី​ឆ្នាំ ១៩៨១ ហើយ​ដំណាក់​កាល​វះកាត់ អាច​ធ្វើ​ឡើង​នៅ​ពេល​ដែល​ការ​ព្យាបាល​បែប CPAP មិន​ទទួល​ជោគ​ជ័យ។

CPAP

មន្ទីរពេទ្យ FV វៀតណាម ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​បទ​ឧទ្ទេសនាម​ខាង​លើ បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០០៣ ព្រម​ទាំង​ជា​មន្ទីរពេទ្យ​ទី​មួយ​របស់​វៀតណាម​ដែល​មាន​ការ​ទទួលស្គាល់​ជា​ជា​ផ្លូវការ​ពី​អន្តរជាតិ ហើយ​ផ្ដល់​ការ​ព្យាបាល​អ្នក​ជំងឺ​មិន​សម្រាក​ព្យាបាល ១៧៥០​នាក់​ក្នុង​មួយថ្ងៃ និង​សម្រាក​ព្យាបាល ២២០​នាក់។

FV ក៏​មាន​ការិយាល័យ​តំណាង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប៊ុណ្ណា លើ​មហាវិថី​ព្រះ​នរោត្តម​ផង​ដែរ។ ព័ត៌មាន​បន្ថែម ពី​មន្ទីរពេទ្យ FV ចូល​ទៅ​វិបសាយ www.fvhospital.com

ដោយ៖ វិទូ

អត្ថបទពេញនិយម