ក្បួន​ទាំង​ ៥ដើម្បី​ជោគ​ជ័យ​ក្នុង​វិស័យ​ចម្រៀង​ពី Ed Sheeran

  • 2018-01-16 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ed Sheeran ជា​តារា​ចម្រៀង និង​អ្នក​និពន្ធ​ទំនុក​ច្រៀង​សញ្ជាតិ​អង់គ្លេស​មួយ​រូប ដែល​កំពុង​ទទួល​បាន​ភាព​ល្បី​ល្បាញ​ជុំវិញ​ពិភព​លោក។

ក្នុង​ឆ្នាំ ២០១៤ លោក​បាន​ជាប់​ឈ្មោះ​ជា​តារា​ចម្រៀង​ថ្មី​ល្អ​ជាង​គេ ប្រចាំ​កម្មវិធី​ពាន​រង្វាន់ Grammy លើក​ទី​៥៦។ តារា​ចម្រៀង​រូប​នេះ​ក៏​​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​អ្នក​និពន្ធ​ប្រចាំ​ឆ្នាំ ក្នុង​ឆ្នាំ​២០១៥​ផង​ដែរ។

ជាមួយ​នឹង​ភាព​ជោគ​ជ័យ​ក្នុង​វិស័យ​សិល្បៈ​បែប​នេះ តារា​ចម្រៀង Ed Sheeran បាន​ក្លាយ​ជា​​និមិត្តរូប​សម្រាប់​មនុស្ស​ទូទៅ​ដែល​ចង់​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​វិស័យ​នេះ​ដូច​គ្នា។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ទាំង​៥​ដែល​លោក​បាន​ចែក​រំលែក​​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ៖

១. មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទូទៅ

​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ម្នាក់ ការ​កើន​ឡើង​ចំនួន​នៃ​អ្នក​ទិញ​អាល់ប៊ុម​ចម្រៀង​ ជា​រឿង​​មិន​សូវ​សំខាន់​ប៉ុន្មាន​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ។ ជាក់​ស្ដែង​ដូច​ជា​តារា​ចម្រៀង Ed Sheeran ផ្ទាល់ លោក​មិន​ដែល​ខ្វល់​ពី​ចំនួន​អាល់ប៊ុម​ដែល​លក់​បាន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​តែង​តែ​គិត​គឺ​បទ​ចម្រៀង​ដែល​លោក​និពន្ធ​ចេញ​ពី​អារម្មណ៍​ផ្ទាល់ ហើយ​នៅ​ពេល​បទ​នោះ​ទៅ​ដល់​អ្នក​ដ​ទៃ​គឺ​វា​បាន​ជ្រាប​ក្នុង​អារម្មណ៍​ពួក​គេ​ដូច​ជា​លោក​ដែរ។

២. ប្រកាន់​ជំហរ​ខ្លួន​ឯង

មាន​មនុស្ស​​រាប់​លាន​នាក់​នៅ​ក្នុង​ពិភព​លោក​នេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដូច​ខ្លួន​យើង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​​និពន្ធ​បទ​ចម្រៀង​ និង​ច្រៀង​បាន​ដូច​ជា​រូប​​យើង​នោះ​ដែរ ប្រសិន​បើ​យើង​តាំង​ចិត្ត​​​ប្រកាន់​ជំហរ​ជា​ខ្លួន​យើង​នោះ។

៣. អ្នក​កាន់​តែ​ធ្វើ​វា លទ្ធផល​នឹង​កាន់​តែ​ល្អ​ប្រសើរ

ទេពកោសល្យ​ជា​អ្នក​​និពន្ធ​ និង​អ្នក​ចម្រៀង​មិន​មែន​នរណា​ចេះ​តែ​អាច​ធ្វើ​បាន​នោះ​ទេ ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​គោល​បំណង​បាន​ជោគ​ជ័យ យើង​ត្រូវ​ខិត​ខំ​ធ្វើ​ហើយ​ធ្វើ​ទៀត ទោះ​ជា​ដំបូង​បទ​នោះ​ស្ដាប់​ទៅ​មិន​ពីរោះ​ ឫ​មិន​មាន​អត្ថន័យ​អ្វី​ក៏​ដោយ តែ​នេះ​ជា​បទ​ពិសោធន៍ យ៉ាង​ហោច​ណាស់​ វា​ជា​ស្នាដៃ​របស់​យើង​ផ្ទាល់ មិន​យូរ​អ្វី​ៗ​នឹង​បាន​ល្អ​ប្រសើរ​ជា​មិន​ខាន។

៤. ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​គេ​ចូល​ចិត្ត

សព្វ​ថ្ងៃ​នេះ បើ​សិន​ជា​យើង​ជាប្រភេទ​​មនុស្ស​ដែល​មនុស្ស​ទូទៅ​ស្អប់​នោះ ប្រាកដ​​ជា​គ្មាន​នរណា​ម្នាក់​ទិញ​អាល់ប៊ុម​ចម្រៀង​របស់​យើង​ឡើយ។ ដូច្នេះ​ហើយ ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ដែល​មាន​អ្នក​ចូល​ចិត្ត​ច្រើន​គឺ​ពិត​ជា​សំខាន់​ណាស់​នៅ​ក្នុង​វិស័យ​មួយ​នេះ។ ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​មួយ​ដែល​មនុស្ស​ទូទៅ​ចូល​ចិត្ត ការងារ​របស់​យើង​នឹង​កាន់​តែ​ប្រសើរ។

៥. ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន

មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​គោល​បំណង​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។ មួយ​ចំនួន​ចង់​ធ្វើ​ជា​គ្រូពេទ្យ មួយ​ចំនួន​ទៀត​មាន​ទេព​កោសល្យ​ខាង​ផ្នែក​តន្ត្រី។ ដូច្នេះ​ហើយ បើ​តាម​តារា​ចម្រៀង Ed Sheeran លោក​បាន​និយាយ​ថា ត្រូវ​ចាប់​ផ្ដើម​ធ្វើ​វា​ឲ្យ​បាន​លឿន ជា​ជាង​នៅ​តែ​ស្រមៃ​ចង់​​បាន​​នោះ។ ការ​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ដែល​យើង​បាន​តាំង​ចិត្ត​នោះ អាច​ធ្វើ​ឲ្យ​យើង​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​បាន។

បើ​ចង់​ដឹង​ច្បាស់​ពី​វិធី​សាស្ត្រ​ផ្សេង​ទៀត​របស់​តារា​ចម្រៀង Ed Sheeranក្នុង​ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​វិស័យ​ចម្រៀង​នេះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ YouTube   ប្រែសម្រួល៖ អន សុភក្ត្រា