ហេតុ​ផល ៤ យ៉ាង មុន​សង់​ផ្ទះ​ខ្លួន​ឯង ត្រូវ​មាន Architect គូរ​ប្លង់​ឲ្យ បើ​ចង់​បាន​ផ្ទះ​នៅ​ស្រួល អត់​សូវ​ឈឺ

  • 2018-01-16 09:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទម្លាប់ ប្រជាជន​ខ្មែរ​តែង​និយម​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​មាន​ស្ថាបត្យករ ឬ​អ្នក​គូរ​ប្លង់ ឬ​គេ​និយម​ហៅ​ថា Architect នោះ។ ហេតុ​ផល គឺ​ចាស់ៗ​មាន​ជំនាញ​ចេះ​ស្រាប់​តៗ​គ្នា ហើយ​សំខាន់ គឺ​ម៉ូដ​ផ្ទះ​ដដែលៗ​ងាយ​ស្រួល​សង់​តាម​ទម្លាប់​តែ​ម្ដង ជា​ពិសេស​ប្រភេទ​ផ្ទះ​ល្វែង។

ការ​សង់​ផ្ទះ​ខ្លួន​ឯង ដោយ​មាន​ចំណេះ​ខ្លួន​ឯង​ត​ពី​ចាស់ៗ ជំនួយ​ពី​អ្នក​ជិត​ខាង ឬ​ជួល​អ្នក​ម៉ៅការ​សំណង់ អាច​ថា​បន្ថយ​សន្សំ​បាន​ការ​ចំណាយ​ខ្លះ​មែន ប៉ុន្តែ​ទម្លាប់​បែប​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​គុណភាព​រស់​នៅ​ដោយ​មិន​ដឹង​ខ្លួន។ នេះ​បើ​តាម​អះអាង​របស់​លោក លឹម យ៉ុងហួត សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅ​កាត់ សាលា​តិចណូ។

គុណភាព​រស់​នៅ សំដៅ​លើ​ផាសុកភាព​រស់​នៅ នៅ​ក្នុង​ផ្ទះ ថា​តើ​ផ្ទះ​នោះ​មាន​ខ្យល់ និង​ពន្លឺ​ចេញ​ចូល​គ្រប់​គ្រាន់​ដែរ​អត់? ទំហំ​បន្ទប់​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ដែរ​អត់? អាច​ឲ្យ​មនុស្ស​រស់​នៅ​ទៅ​ស្រួល មិន​ថប់ នាំ​ឲ្យ​កើត​ជំងឺ​ឈឺ​ជា​ដែរ​អត់?-ល-។

សាស្ត្រាចារ្យ​វ័យ​ក្មេង​ជើង​ខ្លាំង​ទើប​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​បច្ចេកវិទ្យា​សំណង់​អគារ (Building Technology) ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ម៉ាឡេស៊ី (USM) បាន​ប្រាប់ Sabay តាម​រយៈ​បទ​សម្ភាស​ផ្ទាល់​ថា សំណង់​ផ្ទះ​របស់​ប្រជាជន​ខ្មែរ​ភាគ​ច្រើន គឺ​សង់​ដោយ​ខ្លួន​ឯង ឬ​មាន​អ្នក​ម៉ៅការ​សំណង់ ប៉ុន្តែ​មិន​មាន​ស្ថាបត្យករ​ជំនាញ​នោះ​ឡើយ ព្រោះ​គិត​ថា​អ្នក​គូរ​ប្លង់​ស៊ី​ថ្លៃ ហើយ​មិន​សូវ​សំខាន់។

សាស្ត្រាចារ្យ​ដែល​រួម​ចំណែក​ក្នុង​ការងារ​គម្រោង​ប្លង់​វិទ្យាស្ថាន​ស្លឹក​រឹត​កម្ពុជា​ដែរ​នោះ បាន​បន្ត​ថា ប្រជាជន​ខ្មែរ​គួរ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​នេះ​ចេញ ហើយ​គួរ​មាន​ស្ថាបត្យករ​ជំនាញ​ច្បាស់​លាស់ បើ​ចង់​សង់​ផ្ទះ​ដែល​អាច​រស់​នៅ​បាន​ស្រួល និង​មាន​គុណភាព ដោយ​លោក​លើក​យក​ហេតុ​ផល​សំខាន់ៗ ៤ ដូច​ខាង​ក្រោម៖

១. ស្ថាបត្យករ​យល់​ច្បាស់​ពី​តម្រូវ​ការ​របស់​ម្ចាស់​ផ្ទះ និង​ផ្ដល់​ម៉ូដ​ផ្ទះ​ស្អាតៗ

ម្ចាស់​ផ្ទះ ចង់​បាន​ផ្ទះ​នោះ​រូប​រាង​ម៉ូដ​ឌីហ្សាញ​យ៉ាង​ម៉េច មាន​ប៉ុន្មាន​បន្ទប់ បង្អួច​អ៊ីចេះ​អ៊ីចោះ មាន​នេះ​មាន​នោះ​យ៉ាង​ម៉េច ស្ថាបត្យករ​ស្ដាប់​ពី​តម្រូវ​ការ​ទាំង​នោះ ហើយ​អាច​លៃលក​គូរ​ប្លង់​ផ្ដល់​ជម្រើស​បំពេញ​ចិត្ត​ម្ចាស់​ផ្ទះ។ ការ​សង់​ផ្ទះ​បច្ចុប្បន្ន គឺ​ធ្វើ​តាម​គ្នា គ្មាន​ម៉ូដ គ្មាន​ស្ដង់ដារ ដូច្នេះ ស្ថាបត្យករ​នឹង​ផ្ដល់​ជម្រើស​រចនា​ផ្សេងៗ​ដែល​ល្អ

២. ស្ថាបត្យករ ជា​អ្នក​ដោះស្រាយ​បញ្ហា​គ្រប់​យ៉ាង

ស្ថាបត្យករ​នឹង​យល់​ពី​តួនាទី​អគារ​ផ្ទះ​នោះ ព្រម​ទាំង​ផ្ដល់​យោបល់​ច្រើន​ដល់​ម្ចាស់​ផ្ទះ បន្ទាប់​ពី​ដឹង​ច្បាស់​ពី​តម្រូវ​ការ​ម្ចាស់​ផ្ទះ ជា​ពិសេស​សម្រាប់​ប្រភេទ​ផ្ទះ​ដែល​មាន​ដី​តូច តែ​ចង់​សង់​បាន​ផ្ទះ​ទូលាយ។ ស្ថាបត្យករ នឹង​គូរ​ប្លង់​ថា​តើ៖

  • ទំហំ​ដី​ប៉ុណ្ណេះ អាច​ដាក់​បាន​ប៉ុន្មាន​បន្ទប់
  • ផ្ទៃ​ដី​តូច តែ​ចង់​បាន​ផ្ទះ​ទូលាយ ត្រូវ​ធ្វើ​យ៉ាង​ម៉េច
  • បន្ទប់​ទំហំ​ប៉ុណ្ណា ទើប​ត្រូវ​ស្តង់ដារ​រស់​នៅ​ស្រួល
  • បង្អួច​ត្រូវ​មាន​ប៉ុន្មាន​កន្លែង ហើយ​បង្អួច​នីមួយ ត្រូវ​មាន​ទំហំ​ប៉ុន្មាន
  • ត្រូវ​ខ្សែ​ភ្លើង ទុយយោ​ទឹក ម៉ាស៊ីន​ត្រជាក់​ត្រង់​ណា​ខ្លះ-ល-។

៣. ផ្ទះ​មាន​គុណភាព

គុណភាព​នេះ សំដៅ​លើ​គុណភាព​នៃ​ការ​រស់​នៅ ថា​តើ​រស់​នៅ​ស្រួល​ដែរ​អត់។ ក្រៅ​ពី​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ម្ចាស់​ផ្ទះ​ចង់​បាន ស្ថាបត្យករ​មាន​តួនាទី​ឌីហ្សាញ​ធ្វើ​ម៉េច​ឲ្យ​ការ​រស់​នៅ​មាន​ផាសុកភាព​ថា​តើ​ផ្ទះ​នោះ​ត្រូវ​ការ​ខ្យល់​ចំនួន​ប៉ុន្មាន​ទើប​គ្រប់គ្រាន់ និង​ពន្លឺ​​ចូល​ប៉ុណ្ណា​ទើប​គ្រប់គ្រាន់។

៤. សន្សំ​សំចៃ​បាន​ច្រើន

នៅ​ពេល​មាន​ប្លង់​លម្អិត​ច្បាស់​លាស់ ប្រាកដ​ណាស់​នឹង​គ្មាន​កំហុស​ឆ្គង​ខ្លាច​សាង​សង់​ខុស ហើយ​ត្រូវ​កែកុន​នេះ​កែកុន​នោះ​ក្រោយ​ការ​សាងសង់​ឡើយ។ សំខាន់​ជាង​គេ ស្ថាបត្យករ​បាន​គិត​គូរ​ល្អិត​ល្អន់​ពី​លំហ ទំហំ ខ្យល់ ពន្លឺ​ចេញ​ចូល​នៅ​ក្នុង​ផ្ទះ​រួច​ជា​ស្រេច ជា​ហេតុ​ធ្វើ​ការ​បន្ថយ​ការ​ចំណាយ​លើ​ថាមពល​អគ្គិសនី​បាន​មួយ​ផ្នែក។

សាស្ត្រាចារ្យ​រូប​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង តម្លៃ​ការ​គូរ​ប្លង់​ក្រៅ​ផ្លូវ​ការ មាន​តម្លៃ​ចាប់​ពី ៥០០ ដុល្លារ ឬ ១០០០ ដុល្លារ ឬ​លើស​ពី​នេះ អាស្រ័យ​លើ​ទំ​ហំគម្រោង​ផ្ទះ​ជាក់​ស្ដែង។

លោក លឹម យ៉ុងហួត ជា​អតីត​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ លោក​ធ្លាប់​ចូលរួម​ប្រកួត​ការ​រចនា​ផ្សេងៗ​ទាំង​ក្របខ័ណ្ឌ​រដ្ឋ និង​ឯកជន ហើយ​ទទួល​បាន​ជយលាភី​លើ​ការ​ប្រកួត​ទាំង​នោះ។

ជាក់ស្ដែង កាល​ពី​ឆ្នាំ​២០១៥ លោក​ប្រឡង​ជាប់​លេខ​១ ក្នុង​កម្មវិធី​ប្រកួត «រចនា​គ្រឿង​សង្ហារិម​លម្អ​តាម​ដង​ផ្លូវ Street Furniture Design» រៀប​ចំ​ដោយ Phnom Penh City Center (PPCC) ដែល​មាន​សាកល​វិទ្យាល័យ​នៅ​កម្ពុជា​សរុប ២៨ ចូលរួម ដោយ​ទទួល​បាន​អាហារូបករណ៍​ទៅ​ហាត់​ការងារ​នៅ​ទីក្រុង​ធំ​របស់​អាល្លឺម៉ង់ Logon នៅ​សៀងហៃ​រយៈ​ពេល ២ ខែ មុន​ពេល​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​បន្ត​អនុ​បណ្ឌិត​នៅ​ម៉ាឡេស៊ី៕

អត្ថបទ៖ សុផាត