មួយ​ឃ្លា​នេះរបស់ Aubameyang អាច​ឲ្យ​ក្លឹប​នៅ​ឡុងដុង​មាន​ទឹក​មាត់​លេប?

  • 2018-01-16 12:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ក្នុង​វីដេអូ Instagram មួយ​បាន​និយាយ​ថា​ខ្លួន​ចង់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដុង​នៅ​ថ្ងៃ​ណា​មួយ។ ការ​ថ្លែង​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​លេច​ឡើង​នូវ​ពាក្យ​ល្ហិចល្ហៀង​ជា​ច្រើន ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដុង Arsenal កំពុងចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ។

ក្នុង​វីដេអូ​បន្ត​ផ្ទាល់​ក្នុង Instagram មួយ​ បង្ហោះ​ដោយ​កីឡាករ​ជាតិ​អង់គ្លេស Jadon Sancho ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ខ្លួន Aubameyang បាន​ពោល​ថា៖ "តើ​អ្នក​ឯង​ (Sancho) អាច​ជូន​ខ្ញុំ​ទៅ​ទី​ក្រុង​ឡុងដុង​នៅ​ថ្ងៃ​ណា​មួយ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ម៉េច​បាន​ខ្ញុំ​ចង់​ទៅ​ទី​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ទៅ​ដើម្បី​សប្បាយ​ប៉ុណ្ណោះ ពី​ព្រោះ​អ្នក​ឯង​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ទី​នោះ​សប្បាយ​ណាស់"។

ពាក្យ​ប៉ុន្មាន​ឃ្លា​នេះ បាន​បន្លឺ​ឡើង​ ស្រប​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ពាក្យ​ល្ហិចល្ហៀង​ជា​ច្រើន​ដែល​ថា ក្លឹប​កាំភ្លើង​ធំ Arsenal ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ ដើម្បី​មក​ជំនួស​ខ្សែ​ប្រយុទ្ធ Alexis Sanchez ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​អាច​នឹង​ចាក​ចេញ​ទៅ Manchester United នា​ពេល​ឆាប់ៗ​ខាង​មុខ។

បន្ថែម​ពី​លើ​នេះ​ផង​ដែរ ពាក្យ​សំដី​ទាំង​អស់​នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​ខ្សែ​ការពារ​រត់​លឿន​ Hector Bellerin របស់ Arsenal ទើប​តែ​បាន​ធ្វើ​ការ Follow គណនី Twitter ផ្លូវ​ការ​របស់ Aubameyang កាល​ពី​ដើម​សប្ដាហ៍​នេះ។ ការណ៍​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ឆាប​ឆួល​ពាក្យ​ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​មួយ​នេះ​រឹត​តែ​ខ្លាំង៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី