​របរ​ត្បាញ​ក្រមា​នៅ​ស្រុកស្រែ​ឡើង​កូដ​ខ្លាំង​ និង​ចំណូល​មិនក្រោម១ពាន់ដុល្លារ

  • 2018-01-17 02:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សិប្បកម្ម​ត្បាញ​ក្រមា​មួយ​កន្លែង​ស្ថិត​​ក្នុង​ខេត្ត​សៀមរាប​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​​ក្នុង​យុទ្ធការ​ បំបែក​ឯតទគ្គកម្ម​ ក្រមា​វែង​ជាងគេ​លើ​ពិភព​លោក ​​ដែល​នឹង​ចាប់​ផ្ដើម​ត្បាញ​នៅ​ថ្ងៃទី​ ១៤ កុម្ភៈឆ្នាំ ២០១៨​​ខាងមុខ​ បន្ទាប់​ពី​សិប្បកម្ម​នេះ​​បាន​ត្បាញ​ក្រមា​ប្រវែង ១ ២០០ម៉ែត្រ ​និង​ប្រើ​រយៈ​ពេល​ ៣ខែ​។​

​លោក​ស្រី វ៉ង់ ​សុឡេង​ ​ម្ចាស់​សិប្បកម្ម​ត្បាញ​ក្រមា​នៅ​ភូមិ​ពួកចាស់ ​ស្រុក​ពួក ​ខេត្ត​សៀមរាប​ ​បាន​ប្រាប់​ Sabay ថា ​លោកស្រី​បាន​ចាប់​របរ​នេះ​តាំង​ពីធំ​ដឹង​ក្ដី ​រហូត​បច្ចុប្បន្ន​ក្លាយ​ជា​សិប្បកម្ម​ត្បាញ​ក្រមា​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​តំបន់​។ ​មិន​តែ​ប៉ុណ្ណោះ​ ​មុខរបរ​មួយ​នេះ​​បាន​ជួយ​ឲ្យ​គ្រួសារ​​និង​បុគ្គលិក​រួម​អាជីព​គេច​ផុត​ពី​ការ​ចំណាក​ស្រុក​។​

​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី ​សុឡេង ​​ក្នុង​មួយ​ខែៗ ​ក្រមា​ត្បាញ​បាន​ប្រមាណ​ពី ៧០ ទៅ​១០០ ​ក្រមា ​ខណៈ​តម្លៃ​ក្រមាមួយចាប់​ពី ៥ដុល្លារ​ ដល់​ ២០​ដុល្លារ​ក៏មាន ​បើគិត​ជា​ចំណូល​សរុប​មិន​ក្រោម​១ពាន់​ដុល្លារ​នោះ​ទេ។ ​លោក​ស្រី​ឲ្យដឹង​ថា «ក្រមា​ដែល​ត្បាញ​រួចគឺ​គ្មាន​សល់​ទេ ​​លក់​អស់ៗ​តែ​ម្ដងៗ​ ខ្លះ​ណា​សឹង​តែធ្វើ​មិន​ទាន់​អ្នក​បញ្ជា​ទិញ​ផង»។ ​​​​ម្ចាស់​សិប្បកម្ម​វ័យ​ ៤២ ​ប្រាប់​ដោយ​ញញឹម​ថា​ បើ​ទោះ​ជា​ក្រមា​ដាក់​លក់​ថ្លៃ​ជាង​គេ​បន្តិច​ ប៉ុន្តែ​គុណភាព​វិញ​ អតិថិជន​មិន​ដែល​ទាស់​ចិត្ត​ទេ​។

​សិប្បកម្ម​លោក​ស្រី​មាន​ត្បាញ​ ក្រមា ​ស្រោម​ខ្នើយ​ ពូក​ ភួយ ​ជា​ដើម​។ ​ជា​មួយ​គ្នា​នេះ​​លោកស្រី​ក៏​បើក​ឱកាស​ឲ្យ​​ស្រ្តី​ខ្មែរ​ក្នុង​ភូមិ​មាន​ចំណូល​គ្រប់​គ្រាន់​ មានសុខភាពល្អ ដោយ​​មិន​ចាំបាច់​ទៅ​​ទីក្រុង​ធ្វើការ​រោងចក្រ​ឡើយ ​និង​ផ្ដល់​កម្រៃក្នុង​១ខែ​ចាប់ពី​១០០ដុល្លារ​ឡើយ។

​សម្រាប់​យុទ្ធការ​ក្រមាត្បាញ​ក្រមាវែង​ជាងគេ​នោះ​ លោក​ស្រី​សុឡេង និង​ក្រុម​ការងារ​រំពឹង​ថា​ នឹងអាចត្បាញវែងជាង ១ ២០០ម៉ែត្រ ​និង​ប្រើរយៈ​ពេល​តិច​ជាង​ ៣ខែ។ បន្ថែមពីនេះ លោកស្រី សូមស្នើ​​កូនខ្មែរ​ចូលរួម​លើកតម្កើង​ប្រពៃណី និង​ចូលរួមត្បាញ​ក្រមាខ្មែរ​ឲ្យពិភពលោកបានស្គាល់ទាំងអស់គ្នា។

គួរជម្រាបថា ​យុទ្ធការ​ក្រមា៖ ​បំបែក​ឯតទគ្គកម្ម​ ក្រមា​វែង​ជាងគេ​លើ​ពិភព​លោក​ រៀប​ចំដោយ​ក្រុម​ចលនា Go Go Cambodia នឹង​ធ្វើ​នៅ​ព្រះ​មេរុ ​រាជធានី​ភ្នំពេញ​ នៅថ្ងៃដូច​បញ្ជាក់​ខាងលើ​៕

អត្ថបទ៖ ស៊ិន សាវ៉េត