ស្អាត ​ពូកែ​ ហើយ​ថែម​ទាំង​រៀន​​ចប់​អនុបណ្ឌិត​​ពី​អង់គ្លេស​ទៀត

  • 2018-01-17 03:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ឪពុក​ជា​វេជ្ជបណ្ឌិត ម្ដាយ​ជា​ស្រ្តី​មេផ្ទះ ណារី​បាន​ជម្នះ​មនុស្ស​គ្រប់​គ្នា​រួម​ទាំង​ផ្នត់​គំនិត​អ្នក​ជុំវិញ​ខ្លួន ក្នុង​ការ​ស្វែង​រក​ការ​សិក្សា​ជំនាញ​បច្ចេកវិទ្យា។

ធ្លាប់​រៀន​សាលា​ល្បី​ផុត​លេខ​នៅ​ក្នុង​ស្រុក យុវតី​វ័យ​ជាង ២០ ឆ្នាំ​នេះ បាន​ចាប់​ឱកាស​ទៅ​បន្ត​ការ​សិក្សា​​រហូត​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​​នៅ​ប្រទេស​អង់គ្លេស ដោយ​ដាក់​គោលដៅ​យ៉ាង​ច្បាស់។ បច្ចុប្បន្ន​យុវតី​វ័យ​ក្មេង​នេះ ក៏​កំពុង​ធ្វើ​គម្រោង​មួយ​ដើម្បី​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម លើ​ការ​គ្រប់គ្រង​អាជីវកម្ម។

កញ្ញា​តូច ច័ន្ទ​ណារី ឲ្យ​ដឹង​ថា កញ្ញា​បាន​ចាប់ផ្ដើម​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​អាយុ​ជាង ១០ ឆ្នាំ​ដោយសារ​មាន​ការ​ណែនាំ​ពី​ឪពុក។ កាល​នៅ​រៀន​វិទ្យាល័យ​ កញ្ញា​ចូលចិត្ត​ផ្នែក​គីមី និង​កុំព្យូទ័រ​ជាង​គេ ហើយ​ក៏​ចេះ​បង្កើត​វេបសាយ​តាំង​ពី​មិន​ទាន់​ចូល​រៀន​មហាវិទ្យាល័យ​មក​ម៉្លេះ។

យុវតី​កើត​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចប់​វិទ្យាល័យ​នៅ​ឆ្នាំ ២០០៩ ដំបូង​កញ្ញា​ក៏​ចង់​ចាប់​មុខ​ជំនាញ​ពេទ្យ​តាម​ឪពុក​ដែរ ប៉ុន្តែ​ដោយសារ​យល់ឃើញ​ជំនាញ​ពេទ្យ​ត្រូវការ​រៀន​វែង​ឆ្ងាយ និង​ណាមួយ​មិន​សូវ​ចូលចិត្ត​ផង​នោះ ក៏​ងាក​មក​ចាប់​ជំនាញ​បច្ចេកវិទ្យា​​ទៅ។

ណារី បាន​​រៀន​បន្ត​​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាលា​លីមកុកវីង ដោយ​ជ្រើសរើស​ជំនាញ​ឌីហ្សាញ។ ណារី​ប្រាប់​ថា ពេល​​ធ្វើការ​នៅ​មុខ​កុំព្យូទ័រម្តងៗ​​ កញ្ញា​មិន​សូវ​ចេះ​ធុញទ្រាន់​​ទេទោះ​ចំណាយ​ពេល​យូរ​រាប់​ម៉ោង​ក៏​ដោយ។

រៀន​បាន​តែ​មួយ​ឆ្នាំ ណារី​ក៏​សម្រេច​ចិត្ត​​ទៅ​​បន្ត​​ការ​សិក្សា​នៅ​អង់គ្លេស​​ ដោយ​​ប្តូរ​រៀន​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​វិញ។

ណារី​ប្រាប់​ថា សិស្ស​នៅ​អង់គ្លេស​រៀន​ប្រកួតប្រជែង​គ្នា​ណាស់ ជាពិសេស​ក្នុង​ចំណោម​សិស្ស​បរទេស។ ក្នុង​ថ្នាក់​គ្រូ​មិន​សូវ​មាន​ពេល​ពន្យល់​មេរៀន​ច្រើន​ទេ សិស្ស​ម្នាក់ៗ​ត្រូវ​​​រៀន​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង និងមាន​ការ​អនុវត្ត​ជា​ប្រចាំ។

ណារីបន្ត​​ទៀត​ថា សិស្ស​នៅ​អង់គ្លេស​ចូលចិត្ត​រៀន​​ផង​ស្រាវជ្រាវ​ផង​ ហើយ​ឯកសារ​វិញ​មាន​មិន​ចេះ​ខ្វះ​។

ការ​រចាក​ឆ្ងាយ​ពី​គ្រួសារ​​ដែលធ្លាប់​រ៉ាប់រ៉ង​ការងារ​គ្រប់យ៉ាង​​រួម​ទាំង​ការ​ហូបចុក​​ផង​នោះ​ ណារី​ត្រូវ​រៀន​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ទាំង​ស្រុង ត្រូវ​ចេះ​បត់បែន រៀន​រស់នៅ​ឯករាជ្យ​ម្ចាស់​ការ​លើ​ខ្លួន​ឯង។

នៅ​អង់គ្លេស​ ណារី​ក៏​មាន​ឱកាស​​ទទួលបានការងារ​​ក្រៅ​ម៉ោង​ ដើម្បី​ទទួល​បាន​​ប្រាក់​កម្រៃ​ខ្លះៗយក​មក​ផ្គត់ផ្គង់​ការ​រស់នៅ។

ណារី​សម្គាល់​ដែរ​ថា នៅ​ក្នុង​ថ្នាក់​​ដែល​នា​ង​រៀន​ ​ដែល​មាន​សិស្ស​ចម្រុះ​ជាតិសាសន៍​ មិន​សូវ​មាន​សិស្ស​ស្រី​រៀន​​ផ្នែក IT ច្រើន​​ទេ មិន​ខុស​ពី​​នៅ​ស្រុក​​ខ្មែរ​។ ​ការ​រៀន​វិញ​ សិស្ស​ម្នាក់ៗ​ត្រូវ​បាន​លើក​ទឹកចិត្ត​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។ បើ​សិស្ស​ណា​រៀនពូកែ​​លេច​ធ្លោ​ជាង​គេ នឹង​មាន​ក្រុមហ៊ុន​ធំៗ​ចាំ​ទទួល​យក​ទៅ​ធ្វើការ​តែ​ម្តង។

ទាក់ទង​យុទ្ធ​សាស្រ្ត​រៀន​វិញ ណារី​បង្ហើប​ថា សម្រាប់​កញ្ញា​ផ្ទាល់​តែងតែ​រក្សា​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​សាស្ត្រាចារ្យ ដើម្បី​ទទួល​បាន​ការ​ណែនាំបន្ថែម ឬ​ការ​ដាស់តឿនទាក់ទង​ការ​សិក្សា។

ណារី​បាន​ធ្វើ​គម្រោង​មួយ​ជាមួយ​មិត្តភ័ក្ដិ​ពីរ​បី​នាក់​ ​ពីប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យសម្រាប់​ប្រើប្រាស់​ក្នុង​​អាជីវកម្មមុន​ពេល​ចេញ​ទៅ​រៀន​នៅអង់គ្លេស។

ណារី​​ប្រាប់​ថា គម្រោង​នេះ​កញ្ញា​បាន​ចាប់ផ្ដើម​ធ្វើ​តាំង​ពី​មុន​ទៅ​អង់គ្លេស។ ទើប​តែ​ឆ្នាំ ២០១៦ ពេល​កញ្ញា​បញ្ចប់ការ​សិក្សា​ទើប​ចាប់ផ្តើម​​ធ្វើ​ពេញ​ដៃ​ពេញ​ជើង។

ណារី ឲ្យ​ដឹង​ថា ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ SECOS អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​គ្រប់គ្រង​អាជីវកម្ម។

តាម​រយៈ​ប្រព័ន្ធ SECOS នឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​អាច​តាមដាន​​របាយការណ៍​លក់​ដូរ​ប្រចាំថ្ងៃ បង្កើន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​បុគ្គលិក ជា​ពិសេស​វា​​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​មាន​មុខ​របរ​ច្រើន​កន្លែង​ អាច​តាមដាន​វាយតម្លៃ​ការ​លក់​ដូរ​បាន​គ្រប់​ទី​កន្លែង។

បើ​តាម​ស្ថាបនិក​វ័យក្មេង​រូប​នេះ​ ប្រព័ន្ធ​ SECOS ក្រៅ​ពី​អាច​ឲ្យ​ម្ចាស់​អាជីវកម្ម​ងាយស្រួល​គ្រប់គ្រង ដឹង​ពី​លំហូរ​ការ​លក់​ដូរ​ប្រចាំ​ថ្ងៃ​ វា​ក៏​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ស្វែង​យល់​ពី​តម្រូវការ​របស់​អតិថិជន ដើម្បី​ឆ្លើយតប​បាន​ទាន់​ពេល​វេលា។

ជា​គោលដៅ​នៅ​ថ្ងៃ​អនាគត ណារី​ចង់​សរសេរ​សៀវភៅ​ ដើម្បី​អាច​យក​ចំណេះ​និង​បទ​ពិសោធន៍​ ចែករំលែក​ដល់​អ្នក​ជំនាន់​ក្រោយ និង​មួយ​ទៀត​ក៏​ចង់​អភិវឌ្ឍ​ប្រព័ន្ធ​កម្មវិធី​ដែល​កញ្ញា​ធ្វើ​​ឲ្យ​កាន់តែ​ទំនើប​និង​ឆ្លាតវៃ សម្រាប់​អ្នក​ប្រើប្រាស់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេPage Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម