ប៊ុន លីម៉ា សាង​ភាព​ល្បី​ល្បាញ ក្រោម​ពាក្យ​ជេរ​ស្ដី

  • 2018-01-17 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាប្រិយ​ភាព​របស់​តារា​សម្ដែង ប៊ុន លីម៉ា បាន​ស្ទុះ​ឡើង​យ៉ាង​សន្ធឹក​ក្រោយ​វិល​មក​អាជីព​សម្ដែង​ជា​ថ្មី​ក្នុង​វីដេអូ​ចម្រៀង​របស់​ផលិតកម្ម​ថោន។

MV ២​បទ​គឺ "មនុស្ស​ស្រី​ធម្មតា​ម្នាក់​​ឲ្យ​ខ្ញុំ​ខូច​ចិត្ត" និង "មនុស្ស​ស្រី​ធម្មតា​ម្នាក់​មិន​សម​ឲ្យ​បង​ខូច​ចិត្ត" ដឹក​នាំ​ដោយ​ Rith Omega និង​សម្ដែង ដោយ សាឌី និង​ លីម៉ា​​ បាន​អន្ទង់​អារម្មណ៍​អ្នក​គាំទ្រ​ឲ្យ​ទស្សនា​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​ប្រជាប្រិយភាព​របស់​តារា​សម្ដែង​ទាំង​២​ក៏​ហក់​ឡើង​ទៅ​តាម​នោះ​ដែរ។

ក្នុង​នោះ​តួ​ចិត្ត​អប្រិយ​ក្នុង​សាច់​រឿង បែរ​ក្លាយ​ជា​ជន​រង​គ្រោះ​នៅ​ក្រៅ​ការ​សម្ដែង​ ដោយ​លោក​ត្រូវ​បាន​មហាជន​ជេរ​ប្រទេច​យ៉ាង​​ចាស់​ដៃ​​ក្រោយ​មើល​វីដេអូ​នេះ។ ​ទទួល​រង​ការ​ស្ដី​បន្ទោស​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​ក្ដី​ លីម៉ា បញ្ជាក់​ថា លោក​មិន​មាន​​អារម្មណ៍​អាក់​អន់​ចិត្ត​អ្វី​នោះ​ទេ ព្រោះ​នេះ​គ្រាន់​តែ​ជា​ការ​សម្ដែង។

"អត់​អី​ផង ព្រោះ​នេះ​ជា​សិល្បៈ មាន​គេ​ចូលចិត្ត ហើយ​មាន​គេ​ស្អប់​ជា​រឿង​ធម្មតា​ទេ​ យើង​មិន​អាច​តម្រូវ​ចិត្ត​ទស្សនិកជន​ទាំង​អស់​បាន​ទេ ហើយ​ក៏​អរគុណ​ខ្លាំង​ណាស់​ដែរ ​ដែល​បាន​គាំទ្រ​ការ​សម្ដែង​​របស់​ខ្ញុំ​មួយ​នេះ ទស្សនិកជន​ខ្លះ​ស្អប់​ក្នុង​សាច់​រឿង តែ​គាត់​ចូលចិត្ត​មើល​ការ​សម្ដែង​វិញ"។ លោក​រៀបរាប់។

លីម៉ា ដែល​ជា​អតីត​បេក្ខភាព Freshie ឆ្នាំ​២០០៨ រំលឹក​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ លោក​មិន​បាន​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ទេ គ្រាន់​តែ​មិន​សម្ដែង​ប៉ុណ្ណោះ តែ​លោក​នៅ​តែ​បន្ត​ការងារ​ផ្សេង​ទៀត​ ក្នុង​វិស័យ​ដដែល​នេះដដែល​ក្នុង​នាម​ជា​អ្នក​ថត​​រូប។

ក្រោយ​សម្ដែង ​​MV ​២​ខាង​លើ ​ទីផ្សារ​សម្ដែង​របស់​ លីម៉ា កើន​ឡើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដោយ​មាន​ផលិតករ​ទាក់​ទង​មក​ជា​ហូរហែ​។ ទោះ​មាន​ទីផ្សារ​សម្ដែង​ច្រើន​ក្ដី លោក​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​បោះ​បង់​អាជីព​ជា​អ្នក​ថត​រូប​ទេ ការងារ​ទាំង​នេះ​ត្រូវតែ​​ដើរ​ទន្ទឹម​គ្នា ពិសេស​ការ​សម្ដែង​ លោក​នឹង​ខិត​ខំ​បន្ត​​​ទៀត​បើ​ទស្សនិកជន​នៅ​តែ​គាំទ្រ៕

អត្ថបទ៖ សុខណា

រូបភាព៖ ផ្ដល់ឲ្យ