មក​ស្គាល់​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ហូលីវូដ​ធំ​ជាង​គេ​គ្រប់​សម័យ​កាល​ទាំង​១០

  • 2018-01-18 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម​ភាពយន្ត​នៅ​ហូលីវូដ​ អាច​មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​ប៊ីលាន​ដុល្លារ​ឯណោះ ជា​រៀង​រាល់​ឆ្នាំ។ ក្រុម​ហ៊ុន​ធំៗ​នីមួយ​ៗ​តែង​តែ​មាន​ភាពយន្ត​ថ្មីល្បីៗ​ ព្រម​ទាំង​ចូល​រួម​សម្ដែង​ពី​តារា​លំដាប់​កំពូល​ៗ ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​មិន​ខក​បំណង។

ក្នុង​រយៈ​ពេល​ជាង​១​សតវត្ស​ក្រោយ​ របក​គំហើញ​ពីរបៀប​ដាក់​បញ្ចាំង​និងផលិត​ភាពយន្ត​មក​នេះ ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូច​ជា Paramount Picture និង Universal Studio ជា​ដើម​សុទ្ធ​តែ​មាន​អាយុ​ជាង​ ១០០​ឆ្នាំ​ឯណោះ។

នេះ​ជា​បណ្ដា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ធំ​ៗ​បំផុត​ទាំង១០​គ្រប់​សម័យ​កាល៖

១០. DreamWorks (DreamWorks Pictures)

DreamWorks បង្កើត​កាល​ពី​ឆ្នាំ ១៩៩៤ ជា​ក្រុមហ៊ុន​នៅ​ពី​ក្រោយ​ភាពយន្ត​ល្បីៗ​ដូច​ជា "Saving Private Ryan”, “Gloadiator” និង "Transformer”។ DreamWorks ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​លោក​ Steven Speilberg ដែល​ជាផលិតករ​ភាពយន្ត​ដ៏​ឆ្នើម​ម្នាក់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​នេះ​ក៏​ផលិត​ភាពយន្ត​គំនូរ​ជីវចល​ល្បីៗ​ជា​ច្រើន​ដូច​ជា "Kungfu Panda” និង "Shrek”។

៩. MGM (Metro-Goldwyn-Mayer Studios)

បង្កើត​នៅ​ខែ​មេសា​ ឆ្នាំ ១៩២៤។​ ក្រុមហ៊ុន​នេះ​ជា​អ្នក​ផលិត​គំនូរ​ជីវចល​ដែល​យើង​ចូលចិត្ត​ខ្លាំង​កាល​ពី​នៅ​ក្មេង​គឺ “Tom & Jerry” ព្រម​ទាំង​ខ្សែ​រឿង "James Bond”, “The Hobbit” និង​ភាពយន្ត​ជា​ច្រើន​ទៀត។

៨. The Weinstein Company (កាន់​កាប់ Dimension Films)

ក្រុមហ៊ុន​នេះ​គ្រប់​គ្រង​ដោយ​បងប្អូន Bob Weinstein និង Harvey Weinstein បង្កើត​នៅ​ឆ្នាំ ២០០៥។ ទោះ​បី​ជា​ក្មេង​ខ្ចី​ពិត​មែន​ប្រៀប​ធៀប​ទៅ​នឹងក្រុមហ៊ុន​ផលិត​ភាពយន្ត​ផ្សេងៗ ក្រុមហ៊ុន​នេះ​បាន​ផលិត​ភាពយន្ត​ល្អ​ៗ​ជា​ច្រើន​ដូច​ជា "Django Unchained” និង "Silver Linings Playbook” ដែល​សុទ្ធ​តែ​មាន​លទ្ធភាព​ឈ្នះ​ពាន​រង្វាន់​អូស្ការ។

៧. Lions Gate Entertainment (Lionsgate)

បង្កើត​នៅ​ឆ្នាំ ១៩៩៧ ក្រុមហ៊ុន​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​៧ ជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ដែលរក​ចំណូល​បាន​ច្រើន​ជាង​គេ។ សព្វ​ថ្ងៃ​នេះ​ Lionsgate គ្រប់​គ្រង​ដោយ​លោក Jon Feltheimer ព្រម​ទាំង​មាន​ទីតាំង​នៅ Santa Monica, California សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​នេះ​ផលិត​រឿង​ល្បីៗ​ដូច​ជា សែស្រឡាយ​រឿង "The Hunger Games” និង "Saw”។

៦. Viacom (កាន់​កាប់ Paramount Pictures)

ដូច​បាន​បញ្ជាក់​ខាង​លើ​ Paramount Pictures បង្កើត​តាំង​ពី​ឆ្នាំ ១៩១២​ មក​ម្ល៉េះ​ ពោល​គឺ​ជាង​១​សតវត្ស​ហើយ។ ក្រុមហ៊ុន​នេះ​ជា​អ្នក​ខាង​ក្រោយ​ការ​ផលិត​រឿង "Titanic” ដែល​រក​ចំណូល​បាន​ដល់​ទៅ ២​ប៊ីលាន​ដុល្លារ​ និង​សែស្រឡាយ​រឿង "Transformers"។ ក្រៅ​ពី​នោះ​ក្រុមហ៊ុន​នេះ​ក៏​ជា​អ្នក​កាន់​កាប់ Studio តូចៗ​ដូច​ជា Nickelodeon Movies, MTV Films, និង Paramount Vantage។

៥. 21st Century Fox (កាន់​កាប់ 20th Century Fox)

20th Century Fox ជា​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​ដ៏​ធំ​មួយ បង្កើត​តាំង​ពី​ឆ្នាំ ១៩៣៥ ប៉ុន្តែ​ក្រោយ​មក​បាន​ប្រែ​ក្លាយ​ជា 21st Century Fox វិញ​នៅ​ឆ្នាំ​២០១៣។ ក្រុមហ៊ុន​នេះ​ផលិត​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ដូច​ជា "Ice Age”, “Independence Day” និង​ភាពយន្ត​ "Avatar” ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Box Office។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ ២០១៧ នេះ​ក្រុមហ៊ុន Walt Disney បាន​ទិញ​ 21st Century Fox ក្នុង​តម្លៃ ៥២,៤​ប៊ីលាន​ដុល្លារ។

៤. NBCUniversal (កាន់កាប់ Universal Pictures)

បង្កើត​នៅ​ឆ្នាំ ១៩១២ Universal Pictures ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ដ៏​ធំ​មួយ​ ដែល​ពេល​នេះ​មាន​ដើមទុន​ដល់​ទៅ ២៨,៤៦​ប៊ីលាន​ដុល្លារ​។ NBCUniversal កាន់​កាប់​ក្រុមហ៊ុន​តូច​ៗ ជា​ច្រើន​ដូច​ជា NBC News, E!, Hulu ជា​ដើម។ ក្រុមហ៊ុន​នេះ​ផលិត​រឿង​ល្បីៗ​ដូច​ជា "Jurassic Park”, “Despicable Me” និង​សេរ៊ិរឿង "Fast and Furious”។

៣. The Walt Disney Company (កាប់កាន់ The Walt Disney Studios)

បង្កើត​នៅ​ថ្ងៃ​​ទី​១៦ ខែ​តុលា​ ឆ្នាំ១៩២៣​ នៅ​ទីក្រុង Los Angeles, California សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ធំ​បំផុត​នៅ​លើ​ពិភពលោក។ ជាមួយ​នឹង​ដើម​ទុន​ដល់​ទៅ ៩៥,៧៨៩​ប៊ីលាន​ដុល្លារ​ Disney ផលិត​ភាព​យន្ត​ល្បីៗ​ជា​ច្រើន​ប្រចាំ​ឆ្នាំ​ ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ​កាន់​កាប់​ស្ទីឌីយ៉ោ​ល្បីៗ​ដូច​ជា Lucas Film, Marvel Studios, Pixar, Touchstone Pictures។ ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ៗ​ពី​ Disney មាន​ដូច​ជា "Avengers”, “Frozen”, “Pirates of the Caribbean” និង "Toy Story”។

២. Sony (កាន់កាប់ Sony Pictures Entertainment)

បង្កើត​នៅ​ថ្ងៃ​ទី ២១​ ខែ​ធ្នូ​ ឆ្នាំ ១៩៨៧ ដោយ​មាន​ឈ្មោះ​ចាស់​ថា "Columbia Pictures Entertainment, Inc” ប៉ុន្តែ​ប្តូរ​ឈ្មោះ​ជា Sony Pictures Entertainment, Inc) នៅ​ថ្ងៃ​ទី ០៧​ខែ​សីហា​ឆ្នាំ ១៩៩១​ គឺ​ប្រមាណ ២៦​ឆ្នាំ​ក្រោយ។ ក្រុមហ៊ុន​នេះ​ផលិត​ភាពយន្ត​ល្បីៗ​ដូច​ជា "Spider-Man”, “2012” និង "Skyfall”។

១. Time Warner (កាន់កាប់ Warner Bros. Pictures)

Time Warner គឺ​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​ នៅ​សហរដ្ឋ​អាមេរិក​ និង​ទូទាំង​ពិភពលោក​ផ្នែក​ផលិត​ភាពយន្ត។ Warner Bros. Pictures បង្កើត​នៅ​ថ្ងៃ​ទី ០៤​ ខែ​មេសា​ ឆ្នាំ ១៩២៣ ដែល​កាន់​កាប់​ស្ទូឌីយ៉ោ​ធំៗ​ដូច​ជា New Line Cinema, Castle Rock Entertainment, Turner Entertainment, Warner Bros. Animation និង DC Entertainment។ សែស្រឡាយ​ភាពយន្ត​ដែល​ល្បី​ខ្លាំង​និង​រក​ចំណូល​បាន​ច្រើន​គឺ​មាន​ដូច​ជា "Harry Potter”, “The Dark Knight” និង "Lord of the Ring”៕

អាន​អត្ថបទ៖

ប្រភព៖ reelrundown   ប្រែ​សម្រួល៖ ធារ៉ូ