បន្ទាប់​ពី​ទិញ Coutinho និង Mina ក្លឹប Barca អាច​ជម្រាប​លា កីឡាករ​ខ្លួន​ម្នាក់​ឆាប់​នេះ

  • 2018-01-17 13:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho និង​ខ្សែ​ការពារ Yerry Mina ក្នុង​ខែ​មករា​នេះ ក្លឹប Barcelona អាច​នឹង​ផ្ទេរ​ Rafinha ទៅ Inter Milan ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

យោង​តាម Goal បាន​ឲ្យ​ដឹង​ថា នាយក​ក្លឹប Inter Milan លោក Piero Ausilio កំពុង​ស្ថិត​នៅ​អេស្ប៉ាញ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ និង​ចរចា​ជាមួយ Barcelona ក្នុង​ការ​នាំ​យក Rafinha ឲ្យ​ទៅ​លេង​នៅ​អ៊ីតាលី។

របាយការណ៍​របស់​សារព័ត៌មាន​មួយ​នេះ ក៏​បាន​អះអាង​ទៀត​ថា ក្លឹប​អ្នក​មាន​បុណ្យ នៅ​ពេល​នេះ បាន​យល់​ព្រម​ឲ្យ Inter Milan ខ្ចី​ជើង ខ្សែ​បម្រើ​រូប​នេះ​ហើយ។ Goal ក៏​បាន​បញ្ជាក់​ទៀត​ថា Inter Milan បច្ចុប្បន្នកំពុងតែ​រង់​ចាំ​ភ្លើង​ខៀវ​ពី​ Rafinha ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​សិន​ជា Rafinha ព្រម​ចូល​រួម​ជាមួយ​ក្លឹប Inter មែន ខ្សែ​បម្រើ​រូប​នេះ​នឹង​ក្លាយ​ជា​កីឡាករ​ទី ២​ហើយ ដែល​ក្លឹប​អ៊ីតាលី​មួយ​នេះ ធ្វើ​ការ​នាំ​ចូល​នា​ខែ​នេះ ខណៈ​កីឡាករ​ទី ១ គឺ Lisandro Lopez ផ្ទេរ​ពី Benfica៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី