អ្នក​ប្រើ​ iPhone នឹង​អាច​កំណត់​ល្បឿន​ទូរសព្ទ ​ឲ្យ​ដើរ​លឿន​ ឬ យឺត​បាន​

  • 2018-01-18 02:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​នឹង​ ABC News លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ​បាន​លើក​ឡើង​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​​ iOS ដែល​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ខាង​មុខ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ល្បឿន​ទូរសព្ទ​ឲ្យ​ដើរ​លឿន​ ឬ ដើរ​យឺត​បាន។

​​​កំណែ​អាប់ដេត​ iOS ដែល​មាន​មុខងារ​នេះ​ នឹង​បញ្ចេញ​​សម្រាប់​ Developer ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ខែ​ក្រោយ​ ហើយ​នឹង​បញ្ចេញ​ឲ្យ​សាធារណជន​ប្រើ​ប្រាស់​នៅ​ពេល​បន្ទាប់។ អ្នក​ប្រើ​ប្រាស់​អាច​មាន​ជម្រើស​​បិទ​មុខងារ​ដែល​កាត់​បន្ថយ​ល្បឿន​ CPU និង GPU ប្រសិន​បើ​ពួក​គេ​សុខ​ចិត្ត​ប្រថុយ​នឹង​​បញ្ហា​ទូរសព្ទ​រលត់​ដោយ​ខ្លួន​ឯង​​ដើម្បី​ទទួល​បាន​ល្បឿន​ CPU និង GPU លឿន។

គួរ​រំលឹក​ថា​ Apple បាន​បន្ថយ​ល្បឿន​ CPU និង GPU លើ​ iPhone 6, iPhone 6s និង iPhone 7 ដែល​មាន​ថ្ម​អាយុ​កាល​ចាស់​ ជា​មួយ​កំណែ​ទម្រង់​ iOS 11.2 ដើម្បី​​ដោះ​ស្រាយ​នឹង​បញ្ហា​ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​រលត់​ដោយ​​ឯងៗ។ យ៉ាងណាក្ដី​ដំណោះ​ស្រាយ​​មួយ​នេះ ធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ រហូត​ដល់​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​យក្ស​នេះ​​ថែម​ទៀត​ ដែល​មក​ទល់​ពេល​នេះ​​មាន​​ដល់​ ៤៥ ពាក្យ​បណ្ដឹង​ឯណោះ។

​​​​ក្រោយ​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ និង​ការ​ត្អូញត្អែរ​ជា​ហូរហែ​នេះ​ Apple ក៏​បាន​​បញ្ចេញ​សារ​សុំទោស​ និង​​បន្ថយ​តម្លៃ​ប្ដូរ​ថ្ម​ថ្មី​ពី​ ៧៩ ដុល្លារ​មក​នៅ​ត្រឹម​ ២៩ ដុល្លារ​ សម្រាប់​អ្នក​ប្រើ​ iPhone 6, iPhone 6s និង iPhone 7 ដែល​មាន​ថ្ម​ចាស់ៗ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង