E-Sports គ្រោង​បង្ហាញ​៨​វិញ្ញាសា​​នឹង​ធ្វើ​ឲ្យ​​​កក្រើក​​កីឡា​ទ្វីប​អាស៊ី​​​ឆ្នាំ​នេះ​

  • 2018-01-18 04:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​អេឡិចត្រូនិក​ ឬ E-Sports ​នឹង​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​​នា​ឆ្នាំ​២០១៨នេះ​ បន្ទាប់​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ទ្វីប​អាស៊ី​ និង​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​​កីឡា​​ទ្វីប​អាស៊ី​​​ដែល​នឹង​ធ្វើ​ឡើង​នា​ទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។

លោក Kenneth Fok

លោក​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ទ្វីប​អាស៊ី​ Kenneth Fok ​បាន​និយាយ​ថា​ ជឿ​ជាក់​ថា​ឆ្នាំ​២០១៨​នេះ​នឹង​ក្លាយ​ជា​​ឆ្នាំ​ដ៏​​អស្ចារ្យ​បំផុត​សម្រាប់​កីឡា​ E-Sports ដោយ​សារ​បាន​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​​គឺ​ កីឡា​ទ្វីប​អាស៊ី​ ឬ​ Asian Games ​លើក​ទី​១៨។

ក្នុង​ការ​ស្វាគមន៍​ឆ្នាំ​​ថ្មី​ដល់​​​ប្រធាន​​ក្រុម​ប្រឹក្សា​​អូឡាំពិក​អាស៊ី​​​លោក​ Sheikh Ahmad Al Fahad Al Sabah និង​នាយក​គ្រប់​គ្រង​លោក​ Husain Al Musallam លោក​ Fok ​បាន​អរគុណ​ដល់​​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​​ដែល​បាន​ទទួល​យក​កីឡា​ E-Sports សម្រាប់​ការ​បង្ហាញ​​ខ្លួន​ក្នុង​​​ព្រឹត្តិការណ៍​ទ្វីប​អាស៊ី​នេះ។

លោក​ Fok បាន​និយាយ​ថា ៖«​យើង​​មាន​ Games ដ៏​រីករាយ​ជា​ច្រើន​សម្រាប់​ឆ្នាំ​២០១៨​នេះ​ ជា​ពិសេស​​កីឡា​ Asian Games ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា​ games ​នឹង​ទទួល​បាន​ជោគជ័យ​បំផុត»។

«វា​ពិត​ជា​រីករាយ​សម្រាប់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ទ្វីប​អាស៊ី​ដែល​ត្រូវ​បាន​​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​នៅ​ទី​ក្រុង​ហ្សាការតា​​នេះ​ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សហព័ន្ធ​​យើង​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​យ៉ាង​រលូន​​ដើម្បី​មាន​លទ្ធភាព​បង្ហាញ​នូវ​​ក្រឹត្យ​ក្រម​​ និង​វិន័យ​របស់​យើង​ឲ្យ​ពិភព​លោក​បាន​ឃើញ​ក្នុង​ព្រឹត្តិការណ៍​នេះ»។​

«ក្នុង​នាម​ជា​សហព័ន្ធ​ E-Sports អាស៊ី​ ខ្ញុំ​សូម​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​​សម្រាប់​ការ​ជឿជាក់​ និង​គាំទ្រ​ដល់​សហព័ន្ធ​យើង​ខ្ញុំ។ ការ​ទទួល​ស្គាល់​កីឡា​ e-sports ​ឲ្យ​បង្ហាញ​ខ្លួន​​ក្នុង​កីឡា​ Asian Games 2018 ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីក​រាយ​ចម្រើន​​នៅ​អាស៊ី»។

លោក Fok នៅ​កណ្តាល

តាម​ការ​គ្រោង​ទុក​ សហព័ន្ធ​កីឡា​ E-Sports អាស៊ី​​នឹង​​​បង្ហាញ​​កីឡា​អេឡិចត្រូនិក​ចំនួន​៨​វិញ្ញាសា​ក្នុង​កីឡា​​ Asian Games ​លើក​ទី​១៨​ ឆ្នាំ​២០១៨​នេះ​ដើម្បី​ជំរុញ​ និង​ផ្សព្វផ្សាយ​​កីឡា​ប្រភេទ​នេះ​នៅ​ទ្វីប​អាស៊ី។

កីឡា​ទ្វីប​អាស៊ី​ Asian Games លើក​ទី​១៨​ ឆ្នាំ​២០១៨​​នឹង​រៀប​ចំ​ការ​ប្រកួត​នៅ​ទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​​២​ ខែ​កញ្ញា​ ដែល​ប្រទេស​ជា​សមាជិក​ក្នុង​ទ្វីប​អាស៊ី​ទាំង​អស់​ចូល​រួម​ប្រកួត៕

ប្រភព៖ E!news   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា