ពេជ្រ ចរណៃ បង្ហាញ​​ស្នាម​សាក់​យ័ន្ត​៨ទិស ក្រោយ​មាន​ជីវិត​ជា​ថ្មី

  • 2018-01-18 04:47:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ជា​កីឡា​ការិនី​ក្បាច់​គុន ​កញ្ញា ពេជ្រ ចរណៃ ដែល​មាន​ជំងឺ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ​ដែល​គ្មាន​សង្ឃឹម​ថានឹងរស់រាន​មាន​ជីវិត​ឡើយ​វិញ​​ផង​នោះ ពេល​នេះ​​​ជីវិត​របស់​នាង​បាន​​វិល​រក​សភាព​ដើម​វិញ​​ហើយ ក្រោយ​ទៅ​វះកាត់​បេះ​ដូង​នៅ​ប្រទេស​ដៃ អស់​ប្រាក់​ច្រើន​​ម៉ឺនដុល្លារ​មក។

ការ​បង្ហាញ​​​ខ្លួន​ជា​ថ្មី​របស់​នាង​កាល​ពី​ល្ងាច​​​ម្សិល​មិញ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍មិន​ស្ទើរ​ឡើយ ត្បិត​អី​សម្រស់​របស់​នាង ហាក់​ដូច​មិន​ថមថយ​​ឡើយ អ្វី​ដែល​ពិសេស​នោះ ចរណៃ បាន​បង្ហាញ​​​ស្នាម​សាក់​យ័ន្ត​៨ទិសលើ​កញ្ចឹង​ក​របស់​ខ្លួន ជា​មួយ​​រ៉ូប​​ពណ៌​ខ្មៅ វាល​បញ្ចេញ​សាច់​ភ្លៅ​តិចៗ។

កញ្ញា ពេជ្រ ចរណៃ និយាយ​ប្រាប់​ថា ស្នាម​សាក់​យ័ន្ត​៨ទិស លើ​កញ្ចឹងក​របស់​​នាង​នេះ គឺ​ខ្លួន​បាន​សាក់​ឡើង​ជាង​កន្លះ​ឆ្នាំ​មក​នេះ គ្រា​ដែល​នាង​បាន​ចូល​រួម​ថត​ភាពយន្ត​មួយ​​ គឺ​រឿង​"​អាគម​ស្បែក​ដាច" ដោយ​ក្នុង​តួអង្គ​​ដែល​​ត្រូវ​សម្ដែង​នោះ ​នាង​ជា​មនុស្ស​​ស្រី​ក្លាហាន មាន​ស្នាម​សាក់​បែប​នេះ​តែ​ម្ដង។

តារា​ស្រី​​រូប​នេះ និយាយ​ថា ស្នាម​សាក់​ខាង​លើ តាម​ជំនឿ គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​រាសី ​មាន​អ្នក​តាម​ការពារ និងធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​អាណិត​ស្រលាញ់។ នាង​ថា តាំង​ពី​នាង​សាក់​​មក ទីផ្សារ​សិល្បៈ​របស់​នាង​ហាក់​ដូច​ប្រសើរ​ជាង​មុខ មាន​គេ​អាណិត​ច្រើន ជាក់​ស្ដែង​​ខ្លួន​នាង​ចូល​សិល្បៈ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​មាន​មហាជន​ស្គាល់​ទេ ហើយ​​ជំងឺ​បេះ​ដូង​របស់​​នាង បើ​អត់​មាន​សប្បុរស​ជន​អាណិត ជួយ រូប​នាង​ក៏​មិន​មាន​ជីវិត​របស់​ដល់​បច្ចុប្បន្ន​នេះ​ឡើយ។

​បច្ចុប្បន្ន​​សុខភាព​ ​របស់ កញ្ញា ពេជ្រ ចរណៃ ស្ទើរ​តែ​ជា​១០០%​ហើយ ប៉ុន្តែ​នាង​ត្រូវ​ទៅ​តាម​ដាន តាម​ការ​ណាត់របស់​វេជ្ជបណ្ឌិតម្ដង​ម្កាល ដែល​បន្ត​រហូត​ដល់​១ឆ្នាំ​ទៀត ។ គិត​មក​ដល់​​ថ្ងៃ​នេះ ជំងឺ​របស់​នាង​បាន​បាន​ចំណាយ​ប្រាក់​ជាង​២ម៉ឺន​ដុល្លារ ក្នុង​ការ​ព្យាបាល។ ក្នុង​​ចំណោម​សប្បុរស​ជន​ជា​ច្រើន​នាក់​ដែល​បាន​ជួយ​នាងអតីត​តារា​ភាពយន្ត​ជើង​ចាស់ លោក ខៃ ប្រសិទ្ធ គឺ​ជា​សប្បុរស​ជន​ដែល​បាន​​ចំណាយ​ជួយនាង​ច្រើន​ជាង​គេ។

ដោយ​មិន​គិត​ថ្លៃ សំបុត្រ​យន្តហោះ និង ការ​ចាយ​វាយ​ផ្សេង​ទៀត លោក ខៃ ប្រសិទ្ធ ធ្វើ​ដំណើរ​ពី​ប្រទេស​អូស្ត្រាលី ហើយ​ចំណាយ​ពេល​២ថ្ងៃ មក​មើល​ស្ថាន​ភាព ជំងឺ កញ្ញា ពេជ្រ ចរណៃ ដល់​ប្រទេស​ថៃ និង​​បាន​ផ្ដល់​ប្រាប់​ចំនួន១៨ ០០០ ដុល្លារ ដើម្បី​ចេញ​​ថ្លៃ​វះកាត់​បេះ​ដូង របស់​នាង។

ពេជ្រ ចរណៃ ថ្លែង​ថា ខ្លួន​បាន​ចាត់​ទុក លោក ខៃ ប្រសិទ្ធ គឺ​ជា​ឪពុក​ទី២ របស់​នាង ហើយ​មិន​អាច​ភ្លេច​គុណ​ឡើយ ក្នុង​​មួយ​ជីវិត​របស់​នាង។ ជា​មួយ​គ្នា​នោះ នាង​ក៏​សូម​ថ្លែង​អំណរ​អរគុណ​​ដល់​សប្បុរសជន​ផ្សេង​ទៀត ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដែល​បាន​ជួយ​ស្រោចស្រង់​ជីវិត​នាង​ឡើង​វិញ។

ងាក​មក​ការ​សិល្បៈ​​វិញ ចរណៃ ប្រាប់​ថា ខ្លួន​ចាប់​ផ្ដើម​ទទួល​ការងារ​បណ្ដើរ​ហើយ ប៉ុន្តែ​ចំពោះ​ការ​ថត​បែប​លោត​ទាត់​ធាក់ ដូច​មុន គឺ​កន្លះ​ឆ្នាំ​​ទៀត​បាន​អាច​ធ្វើ​បាន​ដូច​ដើម៕

អត្ថបទៈ ស៊ុនហួត